វិស័យអប់រំ

វិបត្តិកូវីដ-១៩ ធ្វើឲ្យអាជីវកម្មសាលារៀនឯកជន ប្រឈមនឹងបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំង


អ្នកជំនាញនៅក្នុងវិស័យអាជីវកម្មសាលារៀនឯកជន បានបង្ហាញពីក្ដីបារម្ភរបស់ខ្លួន អំពីការប្រឈមនឹងបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំងឡើង ស្របពេលដែលសាលានៅទូទាំងប្រទេស ទាំងរដ្ឋ និងឯកជនត្រូវបានផ្អាកបើកបណ្ដោះអាសន្ន តែឲ្យបន្ដរៀនតាមប្រព័ន្ធអនឡាញ ឬហៅថារៀនពីចម្ងាយ។
បុគ្គលិកសាលារៀនកំពុងចាញ់សម្លាប់់មេរោគ
ដោយ

អ្នកជំនាញ​ អះអាងទៀតថា ក្នុងអំឡុងពេល​បង្រៀនតាម​ប្រព័ន្ធអនឡាញនេះ សាលារៀន​ឯកជន​ភាគច្រើន​បាន​បាត់បង់​ប្រាក់​ចំណូល​ជាច្រើន ដោយសាលា​ខ្លះ​នៅរកចំណូលបាន​ច្រើនបំផុត តែ​៣០% ទៅ៤០% នៃចំណូល​ដែលធ្លាបរក​បានពីមុន​ប៉ុណ្ណោះ ដែលវា​ជាហេតុធ្វើឲ្យ​ពួកគេ​កំពុង​ជួប​នូវបញ្ហា​ហិរញ្ញវត្ថុ​កាន់តែខ្លាំង និងត្រូវបង្ខំចិត្ត​បិទការបង្រៀន​ជាបណ្ដោះអាសន្ន​ផងដែរ។

លោក ប៉ិច ប៉ូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បាន​បញ្ជាក់ថា ជាការពិតណាស់​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​មានគោលនយោបាយ​គាំទ្រ​ចំពោះវិស័យ​អប់រំ ហើយ​នៅអំឡុងពេលកូវីដ-១៩ នេះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវវិធានការ​ជាច្រើន​ផងដែរ​​ ដើម្បីដោះស្រាយ​បញ្ហា​ដែលកំពុង​តែ​កើតឡើង​បណ្ដាលមកពី​ការរីករាលដាលនៃមេរោគកូវីដ-១៩។

ទោះយ៉ាងណា លោក ប៉ិច ប៉ូឡែន អះអាងថា សម្រាប់​អាជីវកម្ម​សាលារៀន​ឯកជន នៅអំឡុង​ពេលកូវីដ-១៩នេះ នៅតែប្រឈម​នឹងបញ្ហា​ខ្លាំង ខណៈ​ប្រាក់ចំណូល​មានការធ្លាក់ចុះខ្លាំង ហើយបច្ចុប្បន្ន សាលា​រៀន​ឯកជនមួយចំនួន​ បាន​បង្ខំចិត្ត​សម្រេច​បិទទ្វារ​បណ្ដោះអាសន្ន ផ្អាកការបង្រៀន ​ព្រោះតែ​ទប់ទល់​លែងរួច និងរង់ចាំមើល​ស្ថានភាពធូរស្រាលកូវីដ-១៩ ឡើងវិញ។ លោកបន្ថែមថា បើសិនជា​ការផ្អាក​បើកសាលារៀន​បណ្ដោះអាសន្ននេះ នឹងនៅតែបន្ដ នោះសាលា​កាន់តែច្រើនថែមទៀត​នឹងជួប​បញ្ហា​ហិរញ្ញវត្ថុ​​កាន់តែខ្លាំង។

លោក ប៉ិច ប៉ូឡែន មានប្រសាសន៍​យ៉ាងដូច្នេះថា «​បើសិនជា​យើង​មិន​ចូលបើកសាលាវិញ​បានឆាប់ទេ សាលាឯកជន​គាត់​នឹងត្រូវ​ប្រឈម​ច្រើន​រឿង​ប្រភពហិរញ្ញវត្ថុ​។ អញ្ចឹង​បើនិយាយថាតើយើងត្រូវ​ត្រៀមខ្លួន​បែបណា? បង្រៀន​អនឡាញ គឺជាលទ្ធភាពមួយ ដែលយើង​ត្រូវធ្វើ​ ជួយគ្នារកលទ្ធភាព​ហិរញ្ញវត្ថុ​យក​មកជួយទប់ ហើយ​ហិរញ្ញវត្ថុ​នោះ វាមាន​ប្រភព​សំខាន់​គឺ២​នៅបច្ចុប្បន្ននេះ គឺពឹងលើចំណូល​ពីអាណាព្យាបាល​ជួយ និងមួយទៀត គឺ​ពឹងលើ​ជំនួយហិរញ្ញប្បទាន​ផ្សេង​ៗ។ ហិរញ្ញប្បទាន​ហ្នឹង វាមាន​ពី​ធនាគារ​ដៃគូ និងគ្រឹះស្ថាន​ហិរញ្ញវត្ថុ​គាត់ជួយ ប៉ុន្ដែឥឡូវ គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​គាត់ប្រយ័ត្នប្រយែងទៀត​ សាលា​អត់ចំណូល​ទប់មិនចង់ជាប់ផង​ រឿងអីគេឲ្យខ្ចី! អញ្ចឹងយើង​សង្ឃឹមជឿជាក់ថានឹង​ មានជំនួយខ្លះ ពីរាជរដ្ឋា​ភិបាល»។ 

លោក ប៉ិច ប៉ូឡែន នាយកប្រតិបត្តិនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (រូបភាព៖ ខេមបូណូមីស)

បើតាម​ការអះអាង របស់​លោក ប៉ិច ប៉ូឡែន សាលារៀន​ជាច្រើន​ក៏កំពុង​ជួបនូវបញ្ហា​កង្វះសាច់ប្រាក់ ហើយក៏​ពិបាកក្នុងការ​ស្វែងរក​ប្រាក់កម្ចី​ពីធនាគារផងដែរ ដែលធ្វើឲ្យពួកគេ​ត្រូវបង្ខំចិត្ត​ផ្អាក​ការបង្រៀន​បណ្ដោះអាសន្ន។ ទន្ទឹមនឹង​ការការផ្ដល់កម្ចី​ពីធនាគារ​ហាក់មានភាពប្រយ័ត្នប្រយែង​កាន់តែខ្ពស់នោះ លោក ប៉ូឡែន អះអាងថា មាន​ម្ចាស់សាលា​ឯកជនមួយចំនួន ក៏​មិនហ៊ាន​ទាំង​ទទួលយក​កម្ចី​ពីធនាគារ​ ឬគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​មកប្រើនោះទេ ព្រោះបច្ចុប្បន្ន សាលា​បាត់ចំណូល ហើយការចំណាយ​ក៏មាន​ច្រើន ដូច្នេះ ការទទួលយក​កម្ចី​បន្ថែម គឺនឹង​មានសម្ពាធ​ប្រាក់​បំណុល​កាន់តែខ្លាំងដែរ។ ដូច្នេះហើយ ជាជម្រើស​ល្អ ពួកគេ​ត្រូវបង្ខំចិត្ត​ បិទសាលា​ និងការបង្រៀន​ជាបណ្ដោះអាសន្ន ហើយភាគច្រើន​ គឺជាសាលា​ដែលបង្រៀន​ភាសាបរទេសឯកជន ក្រៅប្រព័ន្ធអប់រំ។  

តួយ៉ាង បើតាម​លោកប៉ិច ប៉ូឡែន ក្នុង​ចំណោម​សាលា​ដែលជា​សមាជិក​របស់​សហព័ន្ធសេវា​អប់រំ​កម្ពុជា ចំនួន​ជាង ៨០សាលា គឺមានប្រមាណ ​២០% ហើយបានសម្រេច​ផ្អាក​ការបង្រៀន​ជាបណ្ដោះ​អាសន្ន និងរង់ចាំមើល​ពី​ស្ថានភាព​ធូរស្បើយ​កូវីដ-១៩ ឡើងវិញ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សុក្រ-សៅរ៍-អាទិត្យ នេះ! ជួបគ្នានៅពោធិ៍ចិនតុង ឈ្នះខុនដូអ័រគីដេ និងរង្វាន់ផ្សេងៗទៀត!

ព័ត៌មាន
បន្ទាប់ពីគម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង បានបើកលក់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ គម្រោងមួយនេះបានទទួលការគាំទ្រយ៉ាង...

ម្ចាស់ភោជនីយដ្ឋានពីររូប នៅថៃ ត្រូវកាត់ទោស​ឲ្យ​ជាប់គុក ១៤៤៦ឆ្នាំ

ព័ត៌មាន
តុលាការនៅក្នុងប្រទេសថៃ បានផ្ដន្ទាទោស​ម្ចាស់​ភោជនីយដ្ឋាន ០២រូប ឲ្យ​ជាប់ពន្ធនាគារ ម្នាក់ៗ ១៤៤៦ឆ្នាំ ពីបទ​ឆបោក​ជាសាធារណៈ។
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ