គណៈកម្មការអន្តរក្រសួងទទួលបន្ទុកដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុអាចនឹងជួបពិភាក្សាគ្នាជាបន្តទៀត ប្រសិនធាតុចូលទាំងនោះមិនទាន់គ្រប់គ្រាន់។ បញ្ហាអគារជាប់គាំងក្នុងរង្វង់ប៉ាន់ស្មានប្រមាណ១ពាន់អគារនៅខេត្តព្រះសីហនុ កំពុងក្លាយជារូបភាពអវិជ្ជមានក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឲ្យមកបោះទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅខេត្តជាប់មាត់សមុទ្រមួយនេះ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ បញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុមិនទាន់អាចកំណត់យន្តការ ឬគោលនយោបាយក្នុងការដោះស្រាយបបាននៅឡើយទេ បើទោះបីគណៈកម្មការអន្តរក្រសួងទទួលបន្ទុកដោះស្រាយបញ្ហានេះ បានជួបពិភាក្សាគ្នាពីរលើករួចមកហើយក្តី។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ការជួបពិភាក្សាគ្នាពីរលើកកន្លងមកនេះ គឺគ្រាន់តែដើម្បីសិក្សាមូលហេតុ និងស្តាប់មតិលើកឡើងរបស់ភាគីពាក់ព័ន្ធ ដើម្បីធ្វើជាធាតុចូលសម្រាប់រៀបចំយន្តការ ឬគោលនយោបាយក្នុងការដោះស្រាយបញ្ហាតែប៉ុណ្ណោះ។ បើតាមអ្នកនាំពាក្យរូបនេះ គណៈកម្មការអន្តរក្រសួងនឹងប្រមូលធាតុចូលទាំងនោះមកវេចខ្ចប់ធ្វើជាយន្តការ ឬគោលនយោបាយព្រាង ហើយបន្ទាប់មកដាក់ជូនគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងកែតម្រូវ មុនដាក់ជូនប្រមុខរាជរដ្ឋាភិបាលត្រួតពនិត្យសម្រេចចុងក្រោយ។
បើទោះបីមកទល់ពេលនេះ គណៈកម្មការអន្តរក្រសួងមិនទាន់អាចបញ្ជាក់ពីយន្តការ ឬគោលនយោបាយដែលត្រូវប្រើក្នុងការដោះស្រាយបញ្ហានេះក៏ដោយ តែបើការបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ ការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលនឹងប្រើយន្តការ និងគោលនយោបាយលើកទឹកចិត្តផ្នែកពន្ធដារ និងមិនមែនពន្ធ ដើម្បីដោះស្រាយបញ្ហាចាក់ស្រេះមួយនេះ។ ពាក់ព័ន្ធមូលហេតុដែលធ្វើឲ្យការដោះស្រាយមិនទាន់អាចរកច្រកចេញបាន គឺដោយសារភាគីម្ចាស់ទីតាំង និងក្រុមហ៊ុនមកអភិវឌ្ឍន៍ខ្វះការសម្បទានឲ្យគ្នាទៅវិញទៅមក ដែលអាចមកពីការមិនយល់ច្បាស់ពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ មកទល់ពេលនេះគណៈកម្មការអន្តរក្រសួងដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុមិនទាន់បានកំណត់ជាក់លាក់ពីចំនួនអគារ ដែលបានជាប់គាំងការអភិវឌ្ឍនៅខេត្តជាប់មាត់សមុទ្រមួយនេះនោះទេ។ ប៉ុន្តែបើតាមការវាយតម្លៃក្រៅផ្លូវការ អគារជាប់គាំងនៅខេត្តព្រះសីហនុអាចមានក្នុងរង្វង់ប្រមាណ១ពាន់អគារ ដែលការជាប់គាំងភាគច្រើនដោយសារអ្នកអភិវឌ្ឍន៍ ដែលភាគច្រើនជាជនជាតិចិនបានបោះបង់ការសាងសង់ ក្រោយរាជរដ្ឋាភិបាលបិទហ្គេមអនឡាញ គួបផ្សំវិបត្តិកូវីដ-១៩ និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនជាដើម។ អគារជាប់គាំងទាំងនេះបាននិងកំពុងក្លាយជារូបភាពអវិជ្ជមានមួយសម្រាប់ខេត្តជាប់មាត់សមុទ្រមួយនេះក្នុងការទាក់ទាញការវិនិយោគក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាអាចធ្វើឲ្យប៉ះពាល់ដល់ផែនការក្នុងការប្រែក្លាយខេត្តនេះឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាអនាគតដ៏ខ្លីខាងមុខ៕