បើតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ឯកឧត្តមមិនទាន់អាចបញ្ជាក់នៅឡើយថា គម្រោងនេះ នឹងចាប់ផ្ដើមសាងសង់នៅពេលណា ព្រោះគម្រោងនេះ ស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ហើយក៏មិនទាន់ដឹងថា ការសិក្សានឹងត្រូវបញ្ចប់ពេលណា និងត្រូវចំណាយទុនប៉ុន្មាននោះដែរ។
យ៉ាងណាក៏ដោយចុះ បើតាមឯកឧត្តម វ៉ាស៊ីម សុរិយា គម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប ពិតជានឹងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យដឹកញ្ជូននៅកម្ពុជា ជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវទឹក កាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ និងកាន់តែបង្កើនឱកាសឱ្យកម្ពុជា អាចនាំទំនិញចេញ-ចូល កាន់តែងាយស្រួលទៅកាន់ទីផ្សារអន្តរជាតិ។
ជាមួយគ្នានោះ ឧកញ៉ា ស៊ិនចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប របស់រាជរដ្ឋាភិបាលកម្ពុជា ដោយលោកបានអះអាងថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក មានភាពងាយស្រួល និងចំណាយតិចជាការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស។ បើតាមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ បច្ចុប្បន្ន នៅកម្ពុជាមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ហាក់នៅមានកម្រិតនៅឡើយ ដូច្នេះ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន ពិសេសចូលរួម ធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចជាតិផងដែរ។
បើតាមឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន គម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រកែប នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចច្រើនសម្រាប់កម្ពុជា ជាពិសេសការតភ្ជាប់បណ្តាញទឹក ដើម្បីដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ៕