តើការបន្តផ្តល់អត្ថប្រយោជន៍ពិសេសដល់គម្រោងវិនិយោគដល់ដំណាច់ឆ្នាំនេះ អាចជួយទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុយ៉ាងណាដែរ?
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុជឿជាក់ថា ការបន្តការផ្តល់អត្ថប្រយោជន៍ពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិនិយោគិន ដែលមានបំណងចង់វិនិយោគ និងកំពុងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ចង់ឬមិនចង់វានឹងក្លាយជាចលករមួយដ៏សំខាន់ក្នុងការជួយស្រូបទាញការវិនិយោគ ជំរុញការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាផ្សេងនៅក្នុងខេត្តនេះ។ ការជឿជាក់បែបនេះ ក៏ដោយសារ ឯកឧត្តម សង្កេតឃើញថា តាមរយៈការដាក់ចេញកម្មវិធីនេះកន្លងមកបានជួយទាក់ទាញក្រុមហ៊ុនជាច្រើនឱ្យមកបោះទុនវិនិយោគនៅក្នុងខេត្តនេះ និងបានជួយធ្វើឱ្យគម្រោងអគារជាប់មួយចំនួនធំបន្តសកម្មភាពសាងសង់ និងមានដំណើរការឡើងវិញផងដែរ។
ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ការបន្តផ្តល់អត្ថប្រយោជន៍ពិសេសដល់វិនិយោគិន ដែលមានបំណងចង់វិនិយោគ និងកំពុងវិនិយោគនៅក្នុងខេត្តព្រះសីហនុ គឺជាការលើកទឹកចិត្ត និងការពារដល់អ្នកវិនិយោគ។ លោកបានទុកយន្តការនេះ គឺជាយុទ្ធសាស្រ្តដ៏ល្អមួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតឱកាសសម្រាប់អ្នកចង់មកវិនិយោគនៅក្នុងខេត្តព្រះសីហនុ។ តែយ៉ាងណាដើម្បីទាក់ទាញអ្នកវិនិយោគ និងដោះស្រាយបញ្ហាវិនិយោគឱ្យមានប្រសិទ្ធភាព លោក សេក សុជាតិ ជំរុញឱ្យអាជ្ញាធរគួរដោះស្រាយការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ ការវិនិយោគឈរលើគោលការណ៍តម្លាភាព និងការផ្ដល់សេវាឱ្យទាន់ពេលវេលាជាដើម ព្រោះប្រសិនបើដោះស្រាយបញ្ហានេះមិនបានទេ នោះក៏ពុំអាចទាក់ទាញអ្នកវិនិយោគថ្មីៗមកបានដែរ។
ពាក់ព័ន្ធបញ្ហានេះដែរលោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា ការបន្តផ្តល់អត្ថប្រយោជន៍ពិសេសរបស់រាជរដ្ឋាភិបាល ដល់អ្នកវិនិយោគនៅខេត្តព្រះសីហនុ វានឹងរួមចំណែកជួយទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យបោះទុនវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត ជាពិសេសវិនិយោគលើគម្រោងអគារជាប់គាំងតែម្តង។ អ្នកជំនាញរូបនេះជឿជាក់ ការបន្តផ្តល់អត្ថប្រយោជន៍ពិសេសនៅពេញ១ឆ្នាំ២០២៥ នេះ នឹងជួយផ្ដល់ឱកាសល្អបន្ថែមទៀតដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីឱ្យពួកគេទទួលបានផលប្រយោជន៍ពីគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យបន្តអនុវត្តកម្មវិធីផ្តល់អត្ថប្រយោជនពិសេសក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរហូតដល់ដំណាច់ឆ្នាំ២០២៥។ តាមរយៈកម្មវិធីនេះធុរជន និងវិនិយោគិន ដែលស្នើសុំការវិនិយោគ និងអនុវត្តគម្រោង ឬសកម្មភាពក្នុងឆ្នាំ២០២៥ នៅក្នុងខេត្តព្រះសីហនុ នឹងទទួលបានអត្ថប្រយោជន៍ពិសេស ជាអាទិ៍ការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា។ ទន្ទឹមនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ស្ថាប័ន នឹងបន្តភារកិច្ចដឹកនាំសម្របសម្រួល និងអនុវត្តកម្មវិធីពិសេសនេះ រួមទាំងវិធានការដោះស្រាយគម្រោងវិនិយោគជាប់តាំងក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទី
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ