ការរកវិធីដណ្តើមយកប្រាក់ចំណេញត្រឡប់មកវិញបានក្លាយជារឿងមួយដ៏លំបាកសម្រាប់ក្រុមហ៊ុននេះ ខណៈតម្លៃប្រេងឆៅសកលបានហក់ឡើងលើស១០០ដុល្លារក្នុងមួយបារ៉ែល ស្របពេលក្រុមហ៊ុនកំពុងធ្លាក់ចូលក្នុងស្ថានភាពខាតបង់ជាមួយនឹងទំហំបំណុល។
សារព័ត៌មាន The Edge Malaysia បានរាយការណ៍នៅថ្ងៃទី២៤ ខែកញ្ញា ថា លោក លីនុស បេនចាមីន បៅអ៊ើរ (Linus Benjamin Bauer) ស្ថាបនិកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអាកាសចរណ៍ BAA & Partners បានគូសបញ្ជាក់យ៉ាងថា AirAsia កំពុងត្រូវការការចាក់បញ្ចូលសាច់ប្រាក់ងាយស្រួលជាបន្ទាន់ ឬបង្កើនឥណទាន ព្រោះបើគ្មានការចាក់បញ្ចូលសាច់ប្រាក់ទេ នោះការស្វែងរកប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបទំនងជាមិនអាចទៅរួចឡើយ សម្រាប់ក្រុមហ៊ុនដែលកំពុងមានហានិភ័យខ្ពស់បែបនេះ។
មិនខុសគ្នាពីក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតនោះទេ បញ្ហាសង្គ្រាម និងជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានវាយប្រហារក្រុមហ៊ុន AirAsia យ៉ាងខ្លាំង។ ប៉ុន្តែអ្វីដែលកាន់តែអាក្រក់សម្រាប់ AirAsia នោះគឺក្រុមហ៊ុនពុំបានធ្វើកិច្ចសន្យាការពារហានិភ័យតម្លៃប្រេងនោះឡើយ ដែលកត្តានេះបានធ្វើឱ្យក្រុមហ៊ុនរងការវាយប្រហារពេញទំហឹងពីការហក់ឡើង នៃតម្លៃប្រេងរហូតរុញច្រានឱ្យ AirAsia ជួបការខាតបង់ហិរញ្ញវត្ថុ២ត្រីមាសជាប់ៗគ្នា។
ផ្អែកលើទិន្នន័យចងក្រងដោយ Bloomberg បានបង្ហាញថា បំណុលសរុបរបស់ AirAsia បានស្ទុះឡើងដល់កម្រិតកំណត់ត្រា ៤,១ពាន់លានដុល្លារគិតត្រឹមចុងខែមិថុនា។ ទោះបីជាការកើនឡើងនេះ មួយផ្នែកធំកើតចេញពីការច្របាច់បញ្ចូលគ្នានៃអាជីវកម្មអាកាសចរណ៍ទាំងអស់ចេញពីក្រុមហ៊ុន Capital A ក៏ដោយ ប៉ុន្តែបញ្ហាស្នូល គឺបំណុលរបស់ AirAsia បានកើនឡើងរហូតដល់ថ្នាក់លើសទំហំទ្រព្យសកម្មសរុបចំនួន១៤៩លានដុល្លារអាម៉េរិក។
ទោះជាយ៉ាងណាលោក តូនី ហ្វឺណានដេស (Tony Fernandes) បានឱ្យដឹងថា លោកទទួលបានសំណើផ្តល់ហិរញ្ញប្បទានទំហំ១ពាន់លានដុល្លារពីធនាគារនៅតំបន់មជ្ឈិមបូព៌ា ដើម្បីយកមកផ្លាស់ប្តូរបំណុលចាស់ ដែលមានការប្រាក់ខ្ពស់។ ប៉ុន្តែលោកមិនទាន់ចុះហត្ថលេខាជាផ្លូវការនៅឡើយទេ ដោយសារកំពុងខ្នះខ្នែងស្វែងរកជម្រើសប្រភពទុនផ្សេងទៀតដែលមានតម្លៃថោកជាងនេះ។ ជាមួយគ្នានេះក្រុមហ៊ុន AirAsia ក៏កំពុងរៀបចំផែនការស្វែងរកកម្ចីក្នុងស្រុកបន្ថែមចំនួន១៧១លានដុល្លារ ដោយរំពឹងថា នឹងបញ្ចប់ការសម្រួលរចនាសម្ព័ន្ធបំណុលទាំងស្រុងនៅត្រឹមចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៧។ ទោះជាស្ថិតក្នុងស្ថានភាពអាក្រក់យ៉ាងណាក៏ដោយ តែលោក តូនី នៅតែរក្សាជំហររឹងមាំ និងអះអាងដោយជឿជាក់ថា AirAsia មិនចាំបាច់ត្រូវការកញ្ចប់ថវិកាសង្គ្រោះពីរដ្ឋាភិបាលម៉ាឡេស៊ីនោះឡើយ៕
អត្ថបទៈ សួន ឡង់ទី