ទោះបីជាចិន កាន់កាប់តំណែងជាប្រទេសផលិតមាសធំជាងគេបង្អស់នៅលើពិភពលោកក៏ដោយ ក៏នៅក្នុងរយៈពេល៨ខែកន្លងមកនេះ ចិន បាននាំចូលមាសបន្ថែមរហូតដល់១,១៤១តោន ដែលមានតម្លៃសរុបរហូតដល់ជិត១៥៩ពាន់លានដុល្លារអាម៉េរិក។ តួលេខនេះបានកើនឡើងយ៉ាងគំហុក និងជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយក្នុងការប្រមូលលោហៈធាតុមានតម្លៃចូលក្នុងស្តុកបម្រុងជាតិ បើធៀបនឹងរយៈពេល៨ខែដូចគ្នាកាលពីឆ្នាំ២០២៥ ដែលកាលនោះចិន នាំចូលមាសត្រឹមតែ៨៨៦តោនក្នុងទំហំទឹកប្រាក់ជាង៩៦ពាន់លានដុល្លារប៉ុណ្ណោះ។ ការបង្កើនការនាំចូលមាសនេះ ត្រូវបានគេមើលឃើញថា កើតឡើងស្របពេលដែលតម្រូវការទិញមាសទុកធ្វើជាទ្រព្យ និងវិនិយោគក្នុងស្រុកមានការកើនឡើងខ្លាំង ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។
ក្រៅពីការនាំចូលពីបរទេស អាជ្ញាធរចិន ក៏បានដេញថ្លៃផលិតកម្មមាសក្នុងស្រុកប្រមាណ៣៣៩តោន កើនឡើង២៨% នៅក្នុងឆមាសទី១ឆ្នាំ២០២៦ ដើម្បីជួយផ្គត់ផ្គង់ និងរក្សាលំនឹងតម្រូវការវិនិយោគដ៏ពុះកញ្ជ្រោលនៅក្នុងប្រទេស។
ពាក់ព័ន្ធនឹងទីផ្សារនេះដែរលោក ហ្ស៊ីជី វូ (Zijie Wu) អ្នកវិភាគរបស់ក្រុមហ៊ុន Jinrui Futures បានអះអាងប្រាប់ Bloomberg ថា តម្រូវការទិញមាសយ៉ាងគំហុកពីសំណាក់ប្រជាជន និងវិនិយោគិនចិន បានជំរុញឱ្យតម្លៃមាសក្នុងស្រុកហក់ឡើងខ្ពស់ជាងតម្លៃគោលអន្តរជាតិ ដែលជាកត្តាស្រូបទាញឱ្យមានការនាំចូលកាន់តែច្រើន។ អ្នកវិភាគរូបនេះបានបន្ថែមថា ធនាគារកណ្តាលចិន ព្រមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ តែងតែបង្កើនការទិញមាសបែបនេះ ដើម្បីកសាងទំនុកចិត្ត និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងវិនិយោគិនឯកជន
គួររំលឹកថា ចិនមិនត្រឹមតែជាអ្នកនាំចូលមាសធំជាងគេនោះទេ ថែមទាំងជាប្រទេសផលិតមាសបានច្រើនជាងគេលើពិភពលោកផងដែរ ដោយកាលពីឆ្នាំ២០២៥ ចិនផលិតមាសបានរហូតដល់៣៨៤តោន។ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកញ្ញា នេះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានជួញដូរក្នុងរង្វង់៥,១៥០ដុល្លារក្នុងមួយតម្លឹង ខណៈនៅកម្ពុជា មាសមានតម្លៃប្រមាណ៥,១៦៦ដុល្លារក្នុងមួយតម្លឹង៕