ក្រុមអ្នកសេដ្ឋកិច្ច នៃធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ថា ហានិភ័យនៃបាតុភូត អែលនីញ៉ូ ដែលកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចក្នុងតំបន់នៅតែជាក្តីបារម្ភដ៏ធំនៅឡើយ ដោយសារបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្មអាស្រ័យលើទឹកភ្លៀង ប្រភពថាមពលវារីអគ្គិសនី និងការនាំចេញកសិផល ដែលងាយរងផលប៉ះពាល់ដោយសារអាកាសធាតុ។
ADB រំពឹងថា ឥទ្ធិពលនៃបាតុភូត អែលនីញ៉ូ អាចនឹងឈានដល់កម្រិតធ្ងន់ធ្ងរបំផុតមួយមិនធ្លាប់មានចាប់ពីចុងឆ្នាំ២០២៦ ឈានចូលដល់ឆ្នាំ២០២៧។ ទោះជាយ៉ាងណា រលកនៃការរីកចម្រើននៃបច្ចេកវិទ្យា AI បានជួយទប់ទល់ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងនេះបានយ៉ាងល្អប្រសើរ។
លោក រ៉ូសេន ហ្វឺណាន់ដូ (Roshen Fernando) សេដ្ឋកិច្ចវិទូប្រចាំ ADB បានលើកឡើងថា គ្រប់គ្នានឹងឃើញប្រទេស ដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្មប្រឈមមុខនឹងហានិភ័យខ្ពស់ជាងគេដូចជាហ្វីលីពីន និងវៀតណាម ជាដើម។ ប៉ុន្តែជាទូទៅតំបន់នេះត្រូវបានរំពឹងថា នឹងរក្សាបានកំណើនក្នុងរង្វង់៤,៧% នៅឆ្នាំ២០២៦ និង៤,៩% នៅឆ្នាំ២០២៧ ទោះបីជាត្រូវប្រឈមមុខនឹងបាតុភូត អែលនីញ៉ូ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួល នៃទីផ្សារថាមពលក៏ដោយ។
ADB កត់សម្គាល់ឃើញថា កែវភ្នែករបស់អ្នកវិនិយោគពិភពលោកកំពុងសម្លឹងមើលមកអាស៊ីអាគ្នេយ៍ក្នុងរូបភាពថ្មី ដោយសារតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់លើផ្នែករឹងដូចជាបន្ទះឈីប និងសម្ភារៈសម្រាប់កសាងមជ្ឈមណ្ឌលទិន្នន័យ ដែលបម្រើឱ្យ AI បានស្ទុះឡើងយ៉ាងគំហុក។ ទិន្នន័យពាណិជ្ជកម្មចុងក្រោយបានបង្ហាញថា ការនាំចេញផលិតផលអេឡិចត្រូនិក និងបច្ចេកវិទ្យា AI បានក្លាយជាខែលការពារ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការទូទាត់សងការខាតបង់ ដែលបង្កឡើងដោយវិបត្តិថាមពល និងគ្រោះធម្មជាតិ ហើយវានឹងជួយរក្សាជញ្ជីងពាណិជ្ជកម្មរបស់អាស៊ីអាគ្នេយ៍នៅតែមានភាពរឹងមាំ និងមានសក្តានុពលខ្ពស់៕
ដោយៈ សរ សុជាតិ