ក៏ប៉ុន្ដែ ថ្មីៗនេះ ប្រទេសថៃ ក៏ទើបតែបានរកឃើញនូវករណីវិជ្ជមានមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង ជាលើកដំបូងផងដែរ ដែលកំពុងធ្វើឲ្យមានក្ដីបារម្ភថា ប្រទេសថៃនឹងអាចមានការរឹតត្បិតតឹងរឹងឡើងវិញ ព្រោះនៅប៉ុន្មានថ្ងៃមុននេះ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់ អូចាក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាចនឹងពិចារណាលើវិធានការបិទខ្ទប់ឡើងវិញ ប្រសិនបើថៃរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី អូមីក្រុងនេះ។
Story: សេដ្ឋកិច្ចរបស់ប្រទេសថៃ ទើបតែចាប់ផ្ដើមមានដង្ហើមដកប្រសើរឡើង នៅប៉ុន្មានខែនេះប៉ុណ្ណោះ នៅគ្រាដែលប្រទេសនេះ បានបើកទ្វារទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច ខណៈដែលវិស័យទេសចរជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ថៃ។ លោក ថាណាខន អ្នកនាំពាក្យរាជរដ្ឋាភិបាល បាននិយាយថា ប្រទេសថៃ កំពុងដើរឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ១,២% នៅឆ្នាំ២០២១នេះ ហើយទំនងជាអាចនឹងកើនដល់ ៣,៥ ទៅ ៤ភាគរយនៅឆ្នាំក្រោយ។
ជាមួយគ្នានេះ ទុនបម្រុងអន្តរជាតិរបស់ថៃ មានការកើនឡើងដល់ ២៤៦ពាន់លានដុល្លារអាមេរិក គិតត្រឹមខែតុលាកន្លងទៅនេះ ដែលមានប្រហែល៣ដង នៃកាតព្វកិច្ចសងបំណុលបរទេសរយៈពេលខ្លី របស់ប្រទេសថៃដែលកំពុងមានបច្ចុប្បន្ន។ ទុនបម្រុងអន្តរជាតិ មានតួនាទីសំខាន់ណាស់ ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច ព្រោះវាដើរតួជាជន្ទល់សម្រាប់ទប់ការប្រែប្រួលឆាប់រហ័សនៃទីផ្សារអន្តរជាតិ។ ទុនបម្រុងអន្តរជាតិ ក៏ជួយរក្សាស្ថិរភាពតម្លៃប្រាក់បាតថៃ នៅពេលប្រឈមនឹងការប្រែប្រួល ដែលអាចដាក់សម្ពាធទៅលើការនាំចេញ និងតម្លៃទំនិញផងដែរ។ មិនតែប៉ុណ្ណោះ វាគឺជាសូចនាករសំខាន់ នៃស្ថិរភាពរូបិយវត្ថុ និងសន្ដិសុខរបស់ប្រទេសថៃថែមទៀតផង។
អ្នកនាំពាក្យរាជរដ្ឋាភិបាលដដែលនេះ បានសង្កត់ធ្ងន់ទៀតថា នាយករដ្ឋមន្ត្រីថៃ លោកប្រាយុត ចាន់អូចា កំពុងធ្វើកិច្ចការដើម្បីអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្រ ដើម្បីជំរុញលើកកម្ពស់ កំណើនសេដ្ឋកិច្ចប្រទេស ខណៈដែលរដ្ឋាភិបាលក៏កំពុងខ្នះខ្នែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ផងដែរ។
កន្លងមកគេសង្កេតឃើញថា ប្រទេសថៃ បានចាប់ផ្ដើមបើកប្រទេសមុនគេនៅតំបន់អាស៊ាន ដើម្បីអនុញ្ញាតឲ្យអាជីវកម្មដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ពិសេសវិស័យទេសចរណ៍ ដែលជាវិស័យក្បាលម៉ាស៊ីនសេដ្ឋកិច្ចសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចថៃ អាចស្ទុះងើបឡើងរលាស់ខ្លួនចេញពីវិបត្តិកូវីដ១៩។ ទោះយ៉ាងណា គេនៅមិនទាន់ឃើញមានអាជីវកម្មច្រើននោះទេ ដែលមានដំណើរការបានប្រក្រតី ដូចទៅនឹងស្ថានភាពមិនទាន់មានការរាតត្បាតកូវីដ១៩។
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃបានអះអាងទៀតថា សេដ្ឋកិច្ចថៃ នឹងត្រូវបានជំរុញបន្ថែមទៀត នៅពេលដែលរាជរដ្ឋាភិបាលវិនិយោគមូលនិធិស្ដារសេដ្ឋកិច្ចឡើងវិញ១ទ្រីលានបាត ឬស្មើនឹងប្រមាណ៣០ពាន់លានដុល្លាររអាមេរិក។ ក្នុងនោះ ទឹកប្រាក់ប្រមាណ ១៨០លានដុល្លារ នឹងត្រូវបានបម្រុងទុកសម្រាប់ការវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន និងវិធានការជំរុញសេដ្ឋកិច្ច។ រីឯ ទឹកប្រាក់ដែលនៅសល់ប្រមាណ ៩ពាន់លានដុល្លារអាមេរិកទៀត នឹងត្រូវប្រើប្រាស់ដើម្បីបង្កើតការងារ និងស្ដារអាជីវកម្មដែលរងផលប៉ះពាល់ដោយសារកូវីដ១៩៕