វិស័យជញ្ជូន

តើការបញ្ចេញឡានក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃរបស់រដ្ឋាភិបាល បានជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋយ៉ាងណាដែរ?


រដ្ឋាភិបាលនឹងបញ្ចេញរថយន្តក្រុងចំនួន៥៩៧គ្រឿងដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៥ ពីរាជធានីភ្នំពេញទៅបណ្តាខេត្ត និងពីខេត្តមករាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។
វិស័យជញ្ជូន
ដោយ

អ្នកជំនាញយល់ឃើញថា វិធានការរបស់រាជរដ្ឋាភិបាលនេះវាមិនត្រឹមតែជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋនោះទេ តែវាក៏ជាផ្នែកមួយជួយការពារសុវត្ថិភាពជូនពលរដ្ឋផងដែរ។ ជាមួយគ្នានេះ កម្មការនីបានបង្ហាញការពេញចិត្តចំពោះវិធានការមួយនេះ។ តើឡានក្រុងដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ បានជួយអ្វីខ្លះដល់ប្រជាពលរដ្ឋ?

អ្នកស្រី ស៊ីវ ហ៊ន់ កម្មការនីកាត់ដេរនៅរោងចក្រម្នាក់បានចាត់ទុកការជួយសម្រួលវិធីសាស្រ្តធ្វើដំណើរឱ្យប្រជាពលរដ្ឋពីរដ្ឋាភិបាល តាមរយៈការបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះវាវិធានការដ៏ល្អ ព្រោះមានកម្មករកម្មការនីជាច្រើននៅមិនទាន់មានយានជំនិះផ្ទាល់ខ្លួន។ បើតាមការអះអាងរបស់អ្នកស្រី ស៊ីវ ហ៊ន់ នៅឆ្នាំនេះអ្នកស្រីនឹងជ្រើសយកមធ្យោបាយធ្វើដំណើរទៅលេងស្រុកកំណើតដោយយានជំនិះផ្ទាល់ខ្លួន ពីព្រោះឡានក្រុងមិនអាចចូលទៅដល់ភូមិអ្នកស្រីនោះទេ។

មិនខុសគ្នានោះទេ អ្នកស្រី នាង សុខឃឿន កម្មការនីកាត់ដេរនៅរោងចក្រមួយរូបដែរនោះបានលើកឡើងថា អ្នកស្រីពេញចិត្តចំពោះការជួយសម្រួលឱ្យមានរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋមិនយកថវិការនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ អ្នកស្រីអះអាងថា នៅឆ្នាំនេះអ្នកស្រីនឹងធ្វើដំណើរទៅស្រុកកំណើតដោយប្រើប្រាស់រថយន្តឡានក្រុងរបស់រដ្ឋ ដើម្បីសន្សំសំចៃប្រាក់ទុកគ្រាន់ចំណាយផ្សេងៗ។

ដោយឡែកគ្នា លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការបញ្ចេញរថយន្តក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងមិនប្រកាន់និន្នាការនយោបាយ។ សម្រាប់អ្នកជំនាញរូបនេះ ការបញ្ចេញឡានក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃនេះ វានឹងជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការនី ដែលបានឡើងមកធ្វើការនៅភ្នំពេញ ហើយក៏ជាចំណែកជួយទប់ស្កាត់ការតម្លើងថ្លៃធ្វើដំណើរពីសំណាក់អ្នករត់តាក់ស៊ីមួយចំនួនផងដែរ។

មិនខុសគ្នានោះទេ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ការបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋដោយគិតថ្លៃនេះ វានឹងជួយសម្រាលបន្ទុកការចំណាយលើថ្លៃធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការនី ដែលពុំសូវមានថវិការតែម្តង។ លើសពីនេះវិធានការនេះបានជួយរួមចំណែករក្សាស្ថិរភាពតម្លៃធ្វើដំណើរ និងកុំឱ្យអ្នករត់តាក់ស៊ីមួយចំនួនដំឡើងថ្លៃហួសហេតុ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការបញ្ចេញរថយន្តក្រុងសម្រាប់ដឹកពលរដ្ឋដោយមិនគិតថ្លៃនេះ វាបានជួយសន្សំប្រាក់បានច្រើនអាចទុកចំណាយលើការចាយវាយផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួននាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ បើតាមការគូសបញ្ជាក់របស់សម្ដេចធិបតី កាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំមុនប្រជាពលរដ្ឋអាចសន្សំប្រាក់បានពីការធ្វើដំណើរសរុបប្រមាណជាង១លាន៤សែនដុល្លារអាម៉េរិក។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានរំលឹកដល់អ្នកបើកបររថយន្តក្រុងទាំងអស់ ដែលដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមរាជធានី និងខេត្តនីមួយៗត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មិនត្រូវបើកបរក្នុងល្បឿនលឿន ហើយត្រូវធានាឱ្យបាននូវសុវត្ថិភាពក្នុងពេលធ្វើដំណើរតាមដងផ្លូវទៅស្រុកកំណើតរបស់ប្រជាពលរដ្ឋ៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


វិស័យធនាគារកម្ពុជា នៅតែរក្សាបានភាពរឹងមាំ ទោះឥណទានមិនដំណើរការមានការកើនឡើង

ទោះបីសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនប្រាកដប្រជា និងរងឥទ្ធិពលពីបញ្ហាសកលនានាយ៉ាងណាក៏ដោយ តែមន្ត្រីជំនាញនៃធនាគារជាតិនៃក…

អ្នកជំនាញក្នុងវិស័យមូលបត្រក្រើនរំលឹកឱ្យពលរដ្ឋពិនិត្យឱ្យបានច្បាស់លាស់មុនបោះទុនវិនិយោគ ដើម្បីកុំឱ្យចាញ់បោកគេ

មន្ត្រីនិងអ្នកជំនាញក្នុងវិស័យមូលបត្របន្តក្រើនរំលឹកដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់មុនសម្រេចចិត្តបោះទុនវិនិយោគជាមួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ