ទន្ទឹមនឹងទីផ្សាររថយន្តនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងនៅតំបន់អឺរ៉ុប កំពុងរងការគំរាមកំហែងពីការហូរចូលរបស់រថយន្តចិន តែអ្នកជំនាញក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា អះអាងថា ទីផ្សាររថយន្តនៅកម្ពុជា មិនបានរងការគំរាមកំហែងពីការហូរចូលរថយន្តពីចិន ដូចបណ្តាប្រទេសទាំងនោះនោះទេ។ ផ្ទុយទៅវិញ ការហូរចូលរថយន្តពីចិន វានឹងផ្តល់ជូនអតិថិជននូវជម្រើសកាន់តែសម្បូរបែប និងតម្លៃសមរម្យកាន់តែមានភាពប្រកួតប្រជែង។
លោក សឿន ដារ៉ា នាយកប្រតិបត្តិនៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានអះអាងថា ទោះបីនៅមួយរយៈចុងក្រោយមានការនាំចូលរថយន្តថ្មីៗពីប្រទេសចិន មកកាន់ទីផ្សារកម្ពុជា យ៉ាងច្រើនក៏ដោយ តែវត្តមានរថយន្តថ្មីរបស់ចិននេះ មិនបានធ្វើឱ្យប៉ះពាល់ ឬគំរាមកំហែងដល់ការប្រកួតប្រជែងទីផ្សាររថយន្តនៅកម្ពុជា ដូចអ្វីដែលបានកើតឡើងនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងលើពិភពលោកនោះទេ។
អ្នកជំនាញរូបនេះវាយតម្លៃថា កត្តាដែលធ្វើឱ្យរថយន្តចិន មិនទាន់អាចមានឥទ្ធិពលមកលើទីផ្សាររថយន្តកម្ពុជា ក៏ដោយសារផ្នត់គំនិតនិងភាពជឿជាក់របស់ប្រជាពលរដ្ឋកម្ពុជា លើគុណភាពរថយន្តនាំចូលពីចិន ហាក់នៅមានកម្រិតតិចតួចនៅឡើយ បើធៀបនឹងរថយន្តផលិតជប៉ុន សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ ដូច្នេះលោកវាយតម្លៃថា ក្រុមហ៊ុននាំចូលរថយន្តពីចិន អាចត្រូវការចាយពេលច្រើនទៀត ក្នុងការផ្លាស់ផ្នត់គំនិតរបស់អ្នកប្រើប្រាស់ឱ្យងាកមកប្រើប្រាស់រថយន្តផលិតនៅប្រទេសចិន ជំនួសឱ្យរថយន្តដែលពួកគេកំពុងពេញនិយម និងជឿទុកចិត្ត។
សម្រាប់លោក សឿន ដារ៉ា ការហូរចូលរថយន្តថ្មីៗពីប្រទេសចិន មកកាន់ទីផ្សារកម្ពុជា អាចផ្តល់អត្ថប្រយោជន៍ច្រើនដល់ឧស្សាហកម្មយានយន្តរបស់កម្ពុជា ដូចជាជួយផ្តល់ជម្រើសកាន់តែសម្បូរដល់អតិថិជន ជួយកាត់បន្ថយការប្រើប្រាស់ និងនាំចូលរថយន្តជជុះ ដ្បិតថា រថយន្តថ្មីផលិតនៅប្រទេសចិន មានតម្លៃសមរម្យ ប្រហាក់ប្រហែលនឹងរថយន្តជជុះ។ លើសពីនេះ វាក៏ជាផ្នែកមួយជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋលើថ្លៃសេវាជួសជុលផងដែរ។ ទោះបីឧស្សាហកម្មយានយន្តរបស់ចិន មានការកើនឡើង និងកំពុងវាយលុកទីផ្សារពិភពលោកខ្លាំងយ៉ាងណាក៏ដោយ តែអ្នកជំនាញរូបនេះព្យាករថា នៅឆ្នាំ២០៣៣ ខាងមុខ ទីផ្សាររថយន្តនាំចូលពីចិននឹងមិនអាចឈានដល់ក្តោបក្តាប់ចំណែកទីផ្សារ៥០%នៃទីផ្សាររថយន្តសរុបរបស់កម្ពុជា នោះទេ។
ទីផ្សាររថយន្តថ្មីនៅកម្ពុជា នៅមួយរយៈចុងក្រោយមានការប្រកួតប្រជែងគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានក្រុមហ៊ុនជាច្រើនបានបើករោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា និងការនាំចូលពីប្រទេស ជាពិសេសទីផ្សារចិន។ អ្នកជំនាញក្នុងវិស័យយានយន្តជឿជាក់ថា ទីផ្សារប្រើប្រាស់រថយន្តថ្មីនៅកម្ពុជានឹងអាចហក់ឡើងលើសរថយន្តជជុះនាពេលអនាគតដ៏ខ្លីខាងមុខ ខណៈបច្ចុប្បន្នការប្រើប្រាស់រថយន្តថ្មី និងជជុះស្ទើរតែប្រហាក់ប្រហែលគ្នា។ តាមរយៈទិន្នាការនៃការប្រើប្រាស់រថយន្តថ្មីនេះ អ្នកជំនាញជឿជាក់ថា ការនាំចូលរថយន្តជជុះមកកាន់ទីផ្សារកម្ពុជានឹងបន្តបន្ថយចុះជាបន្តបន្ទាប់ រហូតដល់ឈានដល់ឈប់នាំចូលទាំងស្រុងក្នុងរយៈពេលណាមួយ៕