ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានវាយតម្លៃថា សកម្មភាពដឹកជញ្ជូនទំនិញនៅប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងលើពិភពលោកនៅឆ្នាំ២០២៥ នេះ នឹងមិនមានការធ្លាក់ចុះនោះឡើយ បើទោះបីជាបញ្ហាប្រឈមមួយចំនួន ដែលបានកើតឡើងជាច្រើនឆ្នាំមកហើយដូចជាតម្លៃប្រេង និងការឡើងថ្លៃកប៉ាល់ជាដើមមិនទាន់ត្រូវបានដោះស្រាយក៏ដោយ។ បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះ ពុំទាន់មានសញ្ញាណាមួយបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូននៅក្នុងតំបន់ និងលើពិភពលោកនៅឡើយទេ។ ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី ក៏បានវាយតម្លៃផងដែរថា វិស័យដឹកជញ្ជូននៅឆ្នាំ២០២៤ ហាក់មានភាពល្អប្រសើរជាងឆ្នាំ២០២៣។
មិនខុសគ្នាពីអ្នកជំនាញខាងលើនោះទេ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ជឿជាក់ថា សកម្មភាពដឹកជញ្ជូននៅក្នុងឆ្នាំ២០២៥នេះ នឹងមានការកើនឡើងជាងឆ្នាំ២០២៤ ដោយសារសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅមានកំណើនជាបន្តបន្ទាប់ ខណៈវិស័យសំខាន់ៗមួយចំនួនទៀត ក៏ចាប់ផ្ដើមមានសញ្ញាងើបឡើងវិញផងដែរ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ លើកឡើងថា ការដឹកជញ្ជូនអន្តរជាតិ អាចនឹងមានការកើនឡើងបន្តិចបន្តួចដោយសារបញ្ហាភូមិសាស្រ្តនយោបាយ និងការប្រឈម ដែលកើតឡើងពីជម្លោះរបស់បណ្ដាប្រទេសមួយចំនួននៅលើពិភពលោកដែលពុំទាន់មានសញ្ញាបញ្ចប់នៅឡើយ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា មានជំនឿថា ស្ថានភាពតម្លៃដឹកជញ្ជូនក្នុងពេលបច្ចុប្បន្ននឹងមិនមានការកើនឡើងនោះទេ ដោយសារតែតម្លៃប្រេងនៅលើទីផ្សារនៅរក្សាលំនឹងដដែល ដែលធ្វើឱ្យគ្មានការព្រួយបារម្ភពាក់ព័ន្ធនឹងការឡើងថ្លៃដឹកជញ្ជូននោះឡើយ៕
អត្ថបទ៖ បូ ដូឡា