ទោះយ៉ាងណាមន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលអាមេរិក បានចេញមុខមកអះអាងថា រដ្ឋាភិបាលអាមេរិក មិនមានផែនការចាំបាច់ណាមួយក្នុងការបិទខ្ទប់ប្រទេស ឬបិទសេដ្ឋកិច្ចរបស់ខ្លួនជាថ្មីទៀត ដើម្បីទប់ស្កាត់កូវីដ១៩នោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាររ៉យទ័រ។
ការលើកឡើងរបស់មន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកបែបនេះ គឺក្រោយពេលដែលអាមេរិកបានពន្លឿនការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ ទាំងការចាក់ដូសជំរុញ ចាក់ជូនកុមារ និងការព្យាបាល ដើម្បីទប់ស្កាត់ពីការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាម អ្នកសម្របសម្រួលការឆ្លើយតបរបស់សេតវិមាន លោក ជីវរេយ៍ ស៊ីអិនស៍ (Jeffrey Zients)។
សូមជម្រាបថា សហរដ្ឋអាមេរិកបានពង្រីកសិទ្ធិទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ ដល់មនុស្សពេញវ័យចំនួន ៣លាននាក់ តាំងពីថ្ងៃទី ១៩ វិច្ឆិកា មកម្ល៉េះ ដើម្បីបង្កើនភាពស៊ាំការពារឱ្យកាន់តែប្រសើរឡើងនៅពេលឈានចូលដល់រដូវរងារ ខណៈ ពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងមួយដូសមានចំនួន ជិត ៧០% ហើយនៃចំនួនប្រជាជនសរុប និងអ្នកចាក់បានពីរដូសមានចំនួន ជិត ៦០%។ ទន្ទឹមនេះ ក៏មានពលរដ្ឋពេញវ័យអាមេរិកប្រហែល ៤៧ លាននាក់ និងក្មេងជំទង់ជាង ១២ លាននាក់ នៅតែមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ដូសនៅឡើយទេ។
ចំពោះករណីឆ្លងនៅអាមេរិក នៅតែមានចំនួនច្រើនដដែល បើធៀបនឹងប្រទេសផ្សេងទៀត។ជាក់ស្ដែង បើតាមនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ករណីឆ្លងមធ្យមក្នុងមួយសប្ដាហ៍ថ្ងៃចុងក្រោយនេះ នៅសហរដ្ឋអាមេរិកបានកើនឡើង ១៨% ពីកម្រិតមធ្យមកាលពីសប្តាហ៍មុនដែលមានជាង ៩ម៉ឺន ២ពាន់នាក់ក្នុងមួយថ្ងៃ ខណៈអ្នកស្លាប់ប្រចាំថ្ងៃជាមធ្យមគឺប្រហែល ១ពាន់ ក្នុងមួយថ្ងៃ៕
អត្ថបទ៖ ស៊ើង និមល់