លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា បើធៀបនឹងបណ្ដាគោលដៅពាណិជ្ជកម្មនានានៅលើពិភពលោក។ កត្តានេះបានក្លាយមេដែកមួយក្នុងការស្រូបទាញវិនិយោគិនអន្តរជាតិនានាឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ដើម្បីផលិតផលិតផលសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជាត្រូវធ្វើយ៉ាងណារឹតចំណងមិត្តភាពជាមួយសហរដ្ឋអាម៉េរិកឱ្យបានល្អ ដើម្បីរក្សាតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងដើម្បីទាក់ទាញវិនិយោគិនអាម៉េរិកឱ្យមកវិនិយោគបានកាន់តែច្រើនបន្ថែមទៀត។ បើតាមការលើកឡើងរបស់លោក សេក សុជាតិ ដើម្បីទាក់ទាញវិនិយោគិនអាម៉េរិកឱ្យមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ កម្ពុជាត្រូវលុបបំបាត់អំពើពុករលួយ ជួយសម្រួលនីតិវិធីឱ្យបានលឿន និងពង្រឹងការអនុវត្តច្បាប់ជាដើម។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាយល់ឃើញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយសហរដ្ឋអាម៉េរិកមានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំគួរឱ្យកត់សម្គាល់ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាម៉េរិក មានទំហំធំជាងការនាំចូលមកទីផ្សារកម្ពុជា។ ទោះបីការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយសហរដ្ឋអាម៉េរិក មានការកើនឡើងក៏ពិតមែន ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចរូបនេះកត់សម្គាល់ឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិកនៅកម្ពុជា នៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់។
ការណ៍នេះត្រូវបានលោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា អាចដោយសារតែទីផ្សាររបស់កម្ពុជាមានទំហំតូច និងទីតាំងភូមិសាស្រ្តសេដ្ឋកិច្ច ពុំសូវទទួលផលចំណេញខ្ពស់ ទើបពួកគេសម្លឹងទៅទីផ្សារប្រទេសផ្សេង។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបន្តទៀតថា ការវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិកនៅកម្ពុជានៅមានកម្រិតនេះមិនមែនជាឧបសគ្គក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះទេ។
ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយសហរដ្ឋអាម៉េរិកនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗបានបង្ហាញជំនឿជឿជាក់ថា នាពេលឆាប់ៗខាងមុខនឹងមានក្រុមហ៊ុនថ្មីមកពីសហរដ្ឋអាម៉េរិក និងកាណាដា ព្រមទាំងបណ្ដាក្រុមហ៊ុនបរទេសមួយចំនួនទៀតមកវិនិយោគនៅកម្ពុជាបន្ថែមទៀត បន្ទាប់ពីឯកឧត្តមបានដើរគោះទ្វារវិនិយោគនៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ឬប្រព័ន្ធ cdc IPM ដើម្បីជួយជំរុញ និងបង្កើនបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ ក៏ដូចជាជួយសម្រួលដល់ការស្នើសុំការវិនិយោគរបស់វិស័យឯកជន។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកមានទំហំទឹកប្រាក់សរុបជាង៨ពាន់៤រយលានដុល្លារ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកមានទំហំជាង៨ពាន់២រយលានដុល្លារ ខណៈកម្ពុជានាំចូលទំនិញពីសហរដ្ឋអាម៉េរិកមានទំហំត្រឹមតែជាង២១៧លានដុល្លារតែប៉ុណ្ណោះ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ