របាយការណ៍នោះផ្សាយចេញដោយមជ្ឈមណ្ឌលជាតិឆ្លើយតបបន្ទាន់ចំពោះមេរោគកុំព្យូទ័រ (CVERC) នៃប្រទេស រួមជាមួយនឹងក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត 360 បានចោទប្រកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មជ្ឈិមរបស់សហរដ្ឋអាមេរិក (CIA) ពីបទរៀបចំជាសម្ងាត់នូវ«ការវិវត្តដោយសន្តិវិធី» និង«បដិវត្តពណ៌» នៅជុំវិញពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ខ្លួន។
យោងតាមរបាយការណ៍ដែលបានផ្តោតលើការវាយប្រហារតាមអ៊ីនធឺណិតជាច្រើននៅក្នុងប្រទេសចិន, ពួកអ្នកស្រាវជ្រាវបានចាប់យក និងទាញយកកម្មវិធីមេរោគ ត្រូជេន (Trojan) កម្មវិធីជំនួយមុខងារ និងគំរូវេទិកាវាយប្រហារ មួយចំនួនធំ មកពីនិត្យមើល។ ពួកគេបាននិយាយថា កម្មវិធីដែលគេបានទាញយកទាំងនោះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ CIA ហើយបង្ហាញឱ្យឃើញ«អាណាចក្រចោរអ៊ីធើណិត»ដែលនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។
របាយការណ៍ដដែលរកឃើញថា អាវុធតាមអ៊ីនធឺណិតទាំងនេះបានឆ្លងកាត់ការគ្រប់គ្រងផ្នែកវិស្វកម្មកម្មវិធីយ៉ាងតឹងរ៉ឹង និងមានស្ដង់ដារ ព្រមទាំងប្រកបដោយវិជ្ជាជីវៈ ដែលទីភ្នាក់ងារ CIA បានប្រើប្រាស់ក្នុងការអភិវឌ្ឍន៍អាវុធវាយប្រហារតាមអ៊ីនធឺណិត។
ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសចិនបានគូសបញ្ជាក់ថា ការវិភាគរបស់ពួកខ្លួនបានបង្ហាញថា អាវុធតាមអ៊ីនធឺណិតរបស់ CIA បានប្រើប្រាស់បច្ចេកវិទ្យាចារកម្មទំនើបបំផុតក្នុងការវាយប្រហារគោលដៅនានា។ អ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា ឥឡូវនេះពួកចោរអ៊ីនធើណិតបានគ្របដណ្តប់ស្ទើរតែទាំងអស់លើធនធានអ៊ីនធឺណិត និងវត្ថុអ៊ីនធឺណិត (IoT) នៅទូទាំងពិភពលោក ដែលអនុញ្ញាតឱ្យមានការគ្រប់គ្រងលើបណ្តាញបរទេស និងការលួចទិន្នន័យសំខាន់ៗ និងរសើបៗ នៅពេលណាក៏បាន ពីសំណាក់ទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិក។
ពួកអ្នកស្រាវជ្រាវបានបន្ថែមថា គោលដៅនៃការវាយប្រហាររួមមានហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ កិច្ចការអាវកាស មជ្ឈមណ្ឌលស្រាវជ្រាវ ឧស្សាហកម្មប្រេងនិងគីមីឥន្ធនៈ ក្រុមហ៊ុនអ៊ីនធឺណិតធំៗ និងទីភ្នាក់ងាររដ្ឋាភិបាលបរទេស។ ការវាយប្រហារទាំងនេះត្រូវបានគេរកឃើញកាលពីឆ្នាំ ២០១១ ហើយបានបន្តរហូតដល់ពេលនេះ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺរបាយការណ៍ស៊ើបអង្កេតរបស់អ្នកស្រាវជ្រាវចិនបានបង្ហាញថា ព័ត៌មានដែលប្រមូលបានពីរដ្ឋាភិបាលបរទេស ក្រុមហ៊ុន និងពលរដ្ឋក្នុងប្រទេសទាំងនោះ ត្រូវបានបញ្ជូនទៅឱ្យអ្នកធ្វើគោលនយោបាយ ព្រមទាំងសមាជិកសភារបស់សហរដ្ឋអាមេរិក សម្រាប់ជាប្រយោជន៍ដល់សន្តិសុខជាតិ និងការវាយតម្លៃពីហានិភ័យផ្នែកសន្តិសុខជាដើម។របាយការណ៍បាននិយាយថា តាមសំណើរបស់ប្រធានាធិបតីអាមេរិក ក្រុមស៊ើបការណ៍សម្ងាត់ CIA ក៏បានអនុវត្តនិងត្រួតពិនិត្យសកម្មភាពឆ្លងដែនសម្ងាត់ពីប្រទេសមួយទៅប្រទេសមួយទៀតផងដែរ។
អស់រយៈពេលជាច្រើនទសវត្សរ៍ CIA បានផ្តួលរំលំ ឬព្យាយាមផ្តួលរំលំរដ្ឋាភិបាលបរទេសស្របច្បាប់ជាង ៥០ ប៉ុន្តែមានតែ ៧ ករណីប៉ុណ្ណោះ ដែលត្រូវបានទទួលស្គាល់ដោយ CIA ហើយវាបានបង្កឱ្យមានភាពចលាចលនៅក្នុងប្រទេសដែលរងផលប៉ះពាល់ទាំងនោះ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវខាងលើ។
ផ្អែកលើរបាយការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហគមន៍អន្តរជាតិគួរតែប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពទាំងនេះ។ លោកស្រី ម៉ៅ នីង បានបន្តថា សហរដ្ឋអាមេរិកគួរតែយកចិត្តទុកដាក់ និងឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់អន្តរជាតិ ហើយឈប់ប្រើប្រាស់អាវុធតាមអ៊ីនធឺណិតសម្រាប់ធ្វើចារកម្មពិភពលោក និងធ្វើការវាយប្រហារតាមអ៊ីនធឺណិតតទៅទៀត។
កន្លងទៅ ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានឆ្លើយតបទៅនឹងការចោទប្រកាន់នានារបស់ទីក្រុងប៉េកាំង។ ជាក់ស្ដែង កាលពីខែតុលាឆ្នាំ២០២២ ទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតនិងហេដ្ឋារចនាសម្ព័ន្ធអាមេរិក បានចេញផ្សាយការប្រឹក្សានៅលើគេហទំព័ររបស់ខ្លួន ដោយសង្កត់ធ្ងន់លើការគំរាមកំហែងសន្តិសុខតាមអ៊ីនធឺណិតពីសំណាក់ប្រទេសចិន៕