លោក រុតថាភុល ណាវារ៉ាត់ (Rutthapol Navarat) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃបានប្រកាសនៅថ្ងៃតី៣ ខែមិថុនា ថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្ថិតក្នុងបញ្ជីអ្នកទទួលបានការលើកលែងទោសក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៤៨ព្រះវស្សារបស់ព្រះមហាក្សត្រិយានី សុធីដា ដែលធ្វើឱ្យលោករួចផុតពីទោសសេសសល់ទាំងអស់ភ្លាមៗ។
ឆ្លើយតបនឹងសំណួរជុំវិញរយៈពេលទោសដែលនៅសល់របស់លោក ថាក់ស៊ីន ដែលប្រព័ន្ធផ្សព្វផ្សាយខ្លះបានរាយការណ៍ថា នៅសល់ប្រមាណ១ខែ និង១០ថ្ងៃទៀតនោះ រដ្ឋមន្ត្រីរូបនេះបានពន្យល់ថា ផ្អែកលើទិដ្ឋភាពច្បាប់លោក ថាក់ស៊ីន ត្រូវបានចាត់ទុកថា បានអនុវត្តទោសចប់សព្វគ្រប់ហើយ។ លោកបានបន្ថែមថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ នឹងត្រូវដោះលែងឱ្យមានសេរីភាពភ្លាមៗ ដោយសារតែទោសដែលនៅសល់មានរយៈពេលតិចជាង១ឆ្នាំ ហើយឧបករណ៍តាមដានអេឡិចត្រូនិក ឬខ្សែដៃ EM ដែលបំពាក់លើរូបលោក ក៏នឹងត្រូវដកចេញដូចគ្នា។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីយុត្តិធម៌រូបនេះបានគូសបញ្ជាក់ថា នៅមាននីតិវិធីរដ្ឋបាលមួយចំនួនទៀត ដែលត្រូវចាត់ចែងដោយគណៈកម្មការជំនាញ ដើម្បីអនុវត្តទៅតាមព្រះរាជទានលើកលែងទោសនេះ។ លោកបានបន្ថែមថា គណៈកម្មការនៅតាមបណ្តាខេត្តនីមួយៗ នឹងទទួលបន្ទុកលើជំហានបន្ទាប់ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីកាលវិភាគ ឬព័ត៌មានលម្អិត នៃកិច្ចប្រជុំទាំងនោះនៅឡើយទេ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានអះអាងសាជាថ្មីថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពិតជាទទួលបានព្រះរាជទានលើកលែងទោសនៅក្នុងលើកនេះពិតមែន៕
ដោយ: តែម សុខុម