ច្រកសមុទ្រហ័រម៉ូស

រដ្ឋមន្ត្រីការបរទេសអាម៉េរិក បង្ហាញផែនការបង្កើតច្រកដឹកជញ្ជូនថ្មី​ជំនួសច្រកសមុទ្រហ័រម៉ូស តើអាចទៅរួចទេ


ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) អំពីផែនការចៀសវាង និងកាត់បន្ថយការពឹងផ្អែកលើច្រកសមុទ្រហ័រម៉ូស ក្នុងការដឹកជញ្ជូនថាមពល​​បានក្លាយជាប្រធានបទក្តៅគគុក ដែលកំពុងរងការជជែកដេញដោលគ្នាយ៉ាងខ្លាំងពីសំណាក់អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោក។
ច្រកសមុទ្រហ័រម៉ូស
ដោយ

ស្របពេលច្រកសមុទ្រហ័រម៉ូសជាផ្លូវសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលក្តោបក្តាប់លំហូរប្រេងសកលរហូតដល់១ភាគ៥ ផែនការបង្វែរទិសដៅដឹកជញ្ជូនថាមពលទៅកាន់ច្រកថ្មីរបស់អាម៉េរិក ត្រូវបានអ្នកជំនាញព្រមានថា អាចនឹងត្រូវប្រឈមមុខនឹងឧបសគ្គយ៉ាងធំធេងខាងផ្នែកភ័ស្តុភារកម្ម សន្តិសុខ និងកត្តាសេដ្ឋកិច្ច។ តើផែនការផ្លាស់ប្តូរទិសដៅដឹកជញ្ជូនថាមពលនេះអាចទៅរួចទេ ឬគ្រាន់តែជាចក្ខុវិស័យយុទ្ធសាស្ត្រលើក្រដាស?
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានបង្ហាញពីគំនិតចង់ផ្លាស់ប្តូរច្រកដឹកជញ្ជូនទំនិញ និងថាមពលងាកចេញពីការច្រកសមុទ្រ Hormuz ដែលធ្លាប់ជាច្រកដឹកជញ្ជូនប្រេងប្រមាណ១ភាគ៥របស់ពិភពលោក មុនពេលផ្ទុះសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ លោកបានចាត់ទុកការមិនបោះបង់ការគ្រប់គ្រងលើច្រកសមុទ្រហ័រម៉ូសរបស់អ៊ីរ៉ង់ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក។ លោកបានបន្ថែមថា ជំហររឹងរូសនេះបានបង្ខំឱ្យសហគមន៍អន្តរជាតិ ចាំបាច់ត្រូវតែមានផែនការរៀបចំឡើងវិញក្នុងទ្រង់ទ្រាយធំអំពីរបៀបដឹកជញ្ជូនទំនិញទូទៅ និងថាមពលទៅកាន់ទីផ្សារសកលតាមច្រកថ្មី។
ទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគភូមិសាស្ត្រនយោបាយ បានព្រមានថា ការគូរផែនទីផ្លូវដឹកជញ្ជូនថាមពលឡើងវិញនៅមជ្ឈិមបូព៌ា គឺពោរពេញដោយឧបសគ្គយ៉ាងធំធេងខាងផ្នែកភ័ស្តុភារកម្ម និងសន្តិសុខ ដែលពិបាកនឹងប៉ាន់ស្មានបាន។ ជាឧទាហរណ៍ការបង្វែរទិសដៅប្រេងទៅកាន់កំពង់ផែ Yanbu របស់អារ៉ាប៊ីសាអ៊ូឌីត ដោយឆ្លងកាត់ច្រកសមុទ្រ Bab al-Mandeb ឆ្ពោះទៅកាន់តំបន់អាស៊ីនាពេលបច្ចុប្បន្ន កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីកងកម្លាំងហ៊ូធី នៅប្រទេសយេម៉ែន។
ទិន្នន័យពីភ្នាក់ងារព័ត៌មានថាមពលអាម៉េរិក បានបង្ហាញថា ច្រកសមុទ្រហ័រម៉ូស ដែលមានប្រវែង៣៩គីឡូម៉ែត្រ គឺជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ២០លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹង២០% នៃការប្រើប្រាស់ប្រេងឥន្ធនៈទូទាំងពិភពលោក។ បន្ថែមលើនេះ ច្រកសមុទ្រនេះ ក៏ជាផ្លូវឆ្លងកាត់នៃពាណិជ្ជកម្មឧស្ម័នធម្មជាតិរាវ (LNG) ១ភាគ៥របស់ពិភពលោកផងដែរ ដែលភាគច្រើនជាការនាំចេញពីប្រទេសកាតា។
លោក អាម៉េត អាប៊ូ ហ្សាម៉ា (Ahmed Abu Qamar) អ្នកស្រាវជ្រាវសេដ្ឋកិច្ច បានចាត់ទុកការលើកឡើងរបស់លោក Rubio គ្រាន់តែជាចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែងប៉ុណ្ណោះ មិនមែនជាផែនការសេដ្ឋកិច្ច ដែលអាចអនុវត្តបានភ្លាមៗនោះឡើយ។ លោកបានពន្យល់ថា ទីផ្សារថាមពលដំណើរការទៅបានដោយផ្អែកលើតម្រូវការ និងការផ្គត់ផ្គង់ជាក់ស្ដែង ហើយវាត្រូវចំណាយពេលរាប់ទសវត្សរ៍ ព្រមទាំងថវិកាវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការពឹងផ្អែកលើច្រកសមុទ្រនេះ។ លោកបានព្រមានថា ប្រសិនបើច្រកផ្លូវទឹកនេះត្រូវបានបិទខ្ទប់ តំបន់អឺរ៉ុប និងអាស៊ីច្បាស់ជានឹងត្រូវប្រជែងគ្នា ដើម្បីដណ្ដើមប្រភពផ្គត់ផ្គង់ឧស្ម័នជំនួស ដែលជំរុញឱ្យតម្លៃប្រេង និងឧស្ម័នហក់ឡើងខ្ពស់កប់ពពក បង្កជាអតិផរណាសកល និងបង្កភាពច្របូកច្របល់យ៉ាងខ្លាំងដល់ធនាគារកណ្តាលជុំវិញពិភពលោក។
សរុបមកបើទោះបីជាមានការខិតខំធ្វើពិពិធកម្មផ្លូវដឹកជញ្ជូនយ៉ាងណាក៏ដោយ ក៏ការគេចចេញពីច្រកសមុទ្រ Hormuz នៅតែជាគោលដៅមួយ ដែលលំបាកនឹងសម្រេចបានខ្លាំងណាស់សម្រាប់ទីផ្សារថាមពលពិភពលោកនាពេលបច្ចុប្បន្ន៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


រដ្ឋចំនួន២៥ ដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីប្រឆាំងនឹងវិធានការពន្ធគយថ្មីរបស់រដ្ឋបាល​លោក ត្រាំ

រដ្ឋចំនួន២៥ ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ បានដាក់ពាក្យប្តឹងរដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែសីហា ដោយចោទប្រកាន់ថា ប្រធានាធិបតីរូបនេ…

លោក ត្រាំ រិះគន់ក្រុមហ៊ុន Chevron និង Exxon ជុំវិញការកេងចំណេញហួសហេតុពីវិបត្តិប្រេងឡើងថ្លៃ

បន្ទាប់ពីតម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិក បានស្ទុះឡើងពីជិត៣ដុល្លារដល់ជាង៤ដុល្លារក្នុងមួយហ្គាឡុង (ដោយក្នុង១ហ្គាឡុងមានជិត៤លីត្រ) ក្រោយការផ្ទុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ