លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការប្រើរូប និងឈ្មោះអង្គរវត្តកម្ពុជា ប្រើលើសម្បកវេចខ្ចប់លើអង្កររបស់ក្រុមហ៊ុនឥណ្ឌា Voyage India មិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ គុណភាព និងការនាំចេញអង្កររបស់កម្ពុជានោះទេ។ ការបញ្ជាក់បែបនេះ ដ្បិតលោកសង្កេតឃើញថា ទោះបីក្រុមហ៊ុននោះប្រើរូប និងឈ្មោះអង្គរវត្តក៏ពិតមែន ប៉ុន្តែឈ្មោះអង្ករជារបស់ថៃ។
តែយ៉ាងណា លោក សង្កត់ធ្ងន់ថា សហព័ន្ធប្រឆាំងដាច់ខាតចំពោះការធ្វើអាជីវកម្មបែបនេះ ដ្បិតវាជាការធ្វើអាជីវកម្មមួយ ដែលរំលោភលើច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងការប្រកួតប្រជែង។ បើតាមលោក លន់ យ៉េង ខាងសហព័ន្ធស្រូវអង្ករបានស្នើសុំការអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធជាយូរមកហើយពាក់ព័ន្ធបញ្ហាការប្រើប្រាស់រូប និងឈ្មោះអង្គរវត្តនេះ។
ពាក់ព័ន្ធបញ្ហាប្រើរូប និងឈ្មោះអង្គរវត្តកម្ពុជាលើផលិតផលអង្កររបស់ក្រុមហ៊ុនឥណ្ឌា Voyage India នេះដែរកាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសមួយ ដើម្បីបញ្ជាក់ថា មកទល់ពេលនេះ ក្រុមហ៊ុនឥណ្ឌានេះ បានឈប់ប្រើប្រាស់រូប និងឈ្មោះអង្គរវត្តកម្ពុជាហើយ។
ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកការប្រើប្រាស់រូប និងឈ្មោះអង្គរពីសំណាក់ក្រុមហ៊ុនឥណ្ឌាខាងលើជាការធ្វើអាជីវកម្មមួយ ដែលត្រឹមត្រូវ ដ្បិតវាបានរំលោភច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ លើសពីនេះ អំពើនេះជាការរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្តីពីកិច្ចការពារកម្មសិទ្ធឧស្សាហកម្ម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមហ៊ុនឥណ្ឌាខាងលើបានលួចប្រើរូប និងឈ្មោះអង្គរវត្តតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្តែទើបស្រាវជ្រាវដឹងកាលពីពេលថ្មីៗ ហើយក៏បានចាត់វិធានការឲ្យបញ្ឈប់តែម្តង។ ប្រតិបត្តិការនេះមានការចូលរួមពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា និងក្រសួងពាណិជ្ជកម្ម រួមជាមួយភាគីថៃ៕