
បើតាមធនាគារពិភពលោក គម្រោងដែលទើបអនុម័តថ្មីនេះ មាន ១០០ លានដុល្លារ ជាជំនួយសហហិរញ្ញប្បទានថវិកា ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណង ៥លានដុល្លារ ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership Multi-Donor Trust Fund)។ គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននេះ នឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ លើសពីនេះ គម្រោងក៏នឹងពង្រីកលទ្ធភាពទទួលបានសេវាអប់រំកុមារតូច និងសេវាថែទាំកុមារ, កែលម្អគុណភាពនៃការបង្រៀន, ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យអប់រំផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ «គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើមូលធនមនុស្ស និងធានាថាកុមារគ្រប់រូបមានឱកាសរៀនសូត្រ។ តាមរយៈការផ្តោតលើការរៀនសូត្រជាមូលដ្ឋាន យើងកំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់អនាគតមួយដែលកាន់តែមានភាពធន់ និងវិបុលភាពជាងមុន»។
ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែការវាយតម្លៃនានាបានបង្ហាញថា កុមារជាច្រើនមិនទាន់ទទួលបានជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋានដែលចាំបាច់សម្រាប់ការបន្តការសិក្សា ឬសម្រាប់ទទួលបានការងារដែលត្រូវការជំនាញខ្ពស់នៅឡើយទេ។ គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននឹងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការអនុវត្តសកម្មភាពដែលមានប្រសិទ្ធភាពក្នុងការចំណាយ និងផ្អែកលើភស្តុតាងជាក់ស្តែង ដើម្បីកែលម្អលទ្ធផលនៃការរៀនសូត្ររបស់កុមារ។
លោកស្រី តានញ៉ា ម៉េយ័រ (Tania Meyer) ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «កំណើនវែងឆ្ងាយទៅមុខរបស់កម្ពុជា អាស្រ័យលើភាពរឹងមាំនៃមូលធនមនុស្សរបស់ប្រទេសនេះ។ គម្រោងនេះនឹងជួយធានាថាកុមារទទួលបានជំនាញមូលដ្ឋានដែលពួកគេត្រូវការ ដើម្បីឈានទៅសម្រេចជោគជ័យនៅក្នុងសាលា និងការងាររបស់ពួកគេនាអនាគត។ ធនាគារពិភពលោកមានមោទនភាពក្នុងការជួយគាំទ្រការកសាងប្រព័ន្ធអប់រំមួយកាន់តែរឹងមាំ និងមានភាពធន់ជាងមុន ដែលអាចជួយរៀបចំដល់កុមារកម្ពុជាសម្រាប់ការងារនាពេលខាងមុខ»។
គម្រោងនេះនឹងជួយដល់ការការបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន ៦០ កន្លែង និងថ្នាក់មត្តេយ្យសិក្សាថ្មីចំនួន ៦០ ថ្នាក់ ដើម្បីជួយម្តាយដែលកំពុងធ្វើការឱ្យមានលទ្ធភាពទទួលបាននូវសេវាថែទាំកុមារមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយស្របគ្នានោះជួយកុមារត្រៀមលក្ខណៈសម្រាប់ចូលរៀននៅកម្រិតបឋមផងដែរ។ បន្ថែមលើសិស្សបឋមសិក្សាជាង ១,៧លាន់នាក់ ដែលនឹងទទួលផលប្រយោជន៍ពីគម្រោងនេះ មានកុមារតូចអាយុពី ០ ដល់ ២ឆ្នាំ ប្រហែល២២០០នាក់ និងកុមារអាយុពី៣ដល់៥ឆ្នាំជាង៥០០០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកមណ្ឌលថែទាំកុមារ និងថ្នាក់មតេ្តយ្យសិក្សា។ ដើម្បីពង្រីកកម្មវិធីអំណាន និងកម្មវិធីគណិតវិទ្យាថ្នាក់ដំបូងនៅទូទាំងប្រទេស គម្រោងនឹងផ្តល់ការណែនាំ និងការបង្វឹកដល់គ្រូបង្រៀនជាង ៣៧ ០០០ នាក់ និងផ្តល់ការបង្រៀនដល់សិស្សដែលរៀនអន់ជាងគេដែលជាគោលដៅត្រូវជួយ។ លើសពីនេះ ដើម្បីកាត់បន្ថយភាពណែនណាន់ក្នុងថ្នាក់ និងបង្កបរិយាកាសសម្រាប់រៀនសូត្រឱ្យបានកាន់តែប្រសើរ គម្រោងនឹងគាំទ្រថវិកាសម្រាប់ការសាងសង់ថ្នាក់រៀនថ្មីចំនួន ៩០០បន្ទប់ និងសម្រាប់សង់បន្ទប់ទឹក និងកន្លែងលាងដៃសម្រាប់កុមារា និងកុមារី ប្រើប្រាស់ដោយឡែកពីគ្នា ផងដែរ។