បើយោងតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយមុនកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ចន្លោះពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២៦ ខាងមុខបានបង្ហាញថា ការប្រឈមមុខដាក់គ្នាផ្នែកសេដ្ឋកិច្ច និងបញ្ហាសកលសំខាន់ៗមួយចំនួនទៀត រាប់ចាប់តាំងពីបញ្ហាសេដ្ឋកិច្ច គ្រោះមហន្តរាយធម្មជាតិ រហូតដល់បញ្ហាសង្គ្រាមកំពុងក្លាយជាការគំរាមកំហែងដ៏ធំបំផុតចំពោះស្ថិរភាពសកលលោកនៅឆ្នាំ២០២៦។
របាយការណ៍ដែលស្ទង់ពីមេដឹកនាំ និងអ្នកជំនាញជាង១,៣០០នាក់ បានបង្ហាញថា អ្នកចូលរួមឆ្លើយ៤០% ជឿជាក់ថា ស្ថិរភាពពិភពលោកនៅឆ្នាំ២០២៦ នឹងកាន់តែស្មុគស្មាញ ហើយបញ្ហាមិនច្បាស់លាស់នេះ អាចនឹងអូសបន្លាយរហូតដល់ឆ្នាំ២០២៧។ ពាក់ព័ន្ធបញ្ហាភូមិសាស្ត្រនយោបាយ អ្នកឆ្លើយសំណួររហូតដល់៦៨% បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសណ្តាប់ធ្នាប់ពិភពលោក ដែលកាន់តែពិបាកក្នុងការព្យាករណ៍។
លោកស្រី សាអាឌៀ ហ្សាហ៊ីឌី (Saadia Zahidi) នាយកគ្រប់គ្រងវេទិកាសេដ្ឋកិច្ចពិភពលោកបានលើកឡើងថា របាយការណ៍ស្តីពី ហានិភ័យសកលនេះ គឺជាជាប្រព័ន្ធព្រមានដំណាក់កាលដំបូងមួយ ខណៈយុគសម័យនៃការប្រកួតប្រជែងនាពេលបច្ចុប្បន្ន កំពុងរុញច្រានឱ្យមានហានិភ័យសកលកាន់តែខ្ពស់ រាប់តាំងពីការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រសេដ្ឋកិច្ច បច្ចេកវិទ្យា រហូតដល់បញ្ហាបំណុលសកល។ លោកស្រីបានសង្កត់ធ្ងន់ថា ហានិភ័យទាំងនេះ សុទ្ធតែស្មុគស្មាញ និងមិនអាចព្យាករទុកមុនបានឡើយ៕
ដោយៈ សរ សុជាតិ