លិខិតឆ្លងដែនរបស់ប្រទេសជប៉ុនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយគ្មានការរំខាននៅតាមប្រទេសចំនួន ១៩៣ គឺច្រើនជាងតែមួយប្រទេសប៉ុណ្ណោះ បើធៀបនឹងលិខិតឆ្លងដែនរបស់ប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូងដែលមានន័យថា ប្រទេសទាំង២នេះអាចធ្វើដំណើរទៅកាន់ប្រទេសចំនួន ១៩២ ដោយមិនចាំបាច់មានទិដ្ឋាការអ្វីឡើយ។ នេះបើតាមសន្ទស្សន៍លិខិតឆ្លងដែនចុងក្រោយ របស់ក្រុមហ៊ុន Henley & Partners ដែលផ្ដល់ប្រឹក្សាផ្នែកអន្តោប្រវេសន៍។
សន្ទស្សន៍នេះបានបង្ហាញថា លិខិតឆ្លងដែនរបស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី ៧០ ដោយប្រទេសគោលដៅចំនួន ៧៩ប្រទេសអាចធ្វើដំណើរទៅដោយគ្មានទិដ្ឋាការ និងអាចធ្វើដំណើរទៅ ១៤៧ ប្រទេស តម្រូវឱ្យមានទិដ្ឋាការ។ ក្នុងចំណោមប្រទេសជិតខាងថៃផ្សេងទៀត ដូចជា ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី១៣, ប្រទេសកម្ពុជាជាប់លេខ៩៣, ប្រទេសឡាវជាប់លេខ ៩៥, ចំណែកមីយ៉ាន់ម៉ាវិញជាប់លេខទី៩៩។
ឯកសារក៏បានកត់ត្រាពីការធ្វើដំណើររបស់លិខិតឆ្លងដែនរុស្ស៊ី គឺជាប់ចំណាត់ថ្នាក់ទី៥០ ដែលអាចចេញចូលងាយស្រួលនៅប្រទេសចំនួន ១១៩។ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ៦៩ ដែលអាចចេញចូលដោយមិនចាំបាច់ទិដ្ឋាការនៅប្រទេសចំនួន ៨០ ហើយលិខិតឆ្លងដែនរបស់ឥណ្ឌាបានជាប់ចំណាត់ថ្នាក់ទី៨៧ ខណៈដែលលិខិតឆ្លងដែនរបស់អាហ្វហ្គានីស្ថានមានប្រយោជន៍តិចជាងគេបំផុតដែលធ្វើឱ្យអ្នកកាន់លិខិតឆ្លងដែននេះ អាចចេញចូលបានត្រឹមតែចំនួន ២៧ ប្រទេសប៉ុណ្ណោះ។
សន្ទស្សន៍នេះបានបង្ហាញថា នៅក្នុងឆ្នាំ២០១៧បណ្តាប្រទេសនៅអាស៊ីស្ទើរតែគ្មានលក្ខណៈពិសេសជាប់នៅក្នុងចំណោមលិខិតឆ្លងដែន ដែលមានការទទួលស្គាល់ច្រើនជាងគេបំផុតទាំង ១០នៅក្នុងពិភពលោកនោះទេ។ លក្ខណៈពិសេសរបស់អឺរ៉ុបបានធ្លាក់ចុះបន្តិចម្តងៗហើយខណៈដែលប្រទេសអាល្លឺម៉ង់ឥឡូវនេះបានស្ថិតនៅចំណាត់តាមពីក្រោយប្រទេសកូរ៉េខាងត្បូងទៅទៀត។
ចក្រភពអង់គ្លេសស្ថិតនៅលំដាប់ថ្នាក់ទី៦ ដែលអាចចេញចូលដោយគ្មានការរំខាននៅតាមប្រទេសចំនួន ១៨៧ ខណៈដែលសហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទី៧ ដែលអាចចេញចូលប្រទេសបាន ១៨៦ ប្រទេស។ នេះបើតាម សន្ទស្សន៍ដែលបានបង្ហាញចុងក្រោយបំផុត៕
អត្ថបទ៖ សុខ ជា