ទីផ្សារអចលនទ្រព្យកម្ពុជា

ក្រុមអ្នកជំនាញអចលនទ្រព្យ៖ ទីផ្សារអចលនទ្រព្យកម្ពុជាអាចនឹងរង្គោះរង្គើ ដោយសារវីរុសកូរ៉ូណា?


ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានអះអាងថា ការរីករាលដាលនៃមេរោគកូរ៉ូណា អាចនឹងជះឥទ្ធិពលអវិជ្ជមាន ក្នុងរយៈពេលខ្លី ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ប៉ុន្តែយ៉ាងណាក៏ដោយគេមិនទាន់អាចប៉ាន់ប្រមាណពីទំហំនៃផលប៉ះពាល់បានភ្លាមៗនៅឡើយនោះទេ។ ក្រុមអ្នកជំនាញអចលនទ្រព្យផ្សេងទៀតក៏បានអះអាងថា វាមិនធ្វើឲ្យផលប៉ះពាល់ទៅលើគ្រប់ប្រភេទនៃ អចលនទ្រព្យនោះទេ ហើយវាអាចបង្កើតជាឱកាស សម្រាប់ទាក់ទាញការវិនិយោគបន្ថែម នៅក្នុងការវិនិយោគវិស័យអចលនទ្រព្យ និង សំណង់បន្ថែមទៀត។
ក្រុមអ្នកជំនាញអចលនទ្រព្យ៖ ទីផ្សារអចលនទ្រព្យកម្ពុជាអាចនឹងរង្គោះរង្គើ ដោយសារវីរុសកូរ៉ូណា? (រូបភាព៖ ហេង​ ភារម្យ)
ដោយ

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​​កម្ពុជា​អះអាងឲ្យ​ដឹងថា បញ្ហាមេរោគ​កូរ៉ូណា អាចនឹង​ជះឥទ្ធិពល​អវិជ្ជមាន ដល់វិស័យ​អចលនទ្រព្យ​កម្ពុជា នៅក្នុង​រយៈពេល​ខ្លីប៉ុណ្ណោះ ព្រោះវាបង្កជា​ការភ័យខ្លាច នឹងប៉ះពាល់​ដល់ការ​សម្រេច​ចិត្ត​វិនិយោគ របស់​វិនិយោគិន​បរទេស ជាពិសេស​ជនជាតិចិន ដែលជា​តួអង្គ​សំខាន់ នៅក្នុងការ​វិនិយោគ​នៅកម្ពុជា តែយ៉ាងណា ស្ថានការណ៍​ដ៏តានតឹងនេះ អាចនឹង​បាត់ទៅវិញ នៅពេល​ដែលគេ​អាចគ្រប់គ្រង​ជំងឺនេះបាន។

លោក សុខនីម បន្តថា ក្នុងនៅ​រយៈពេលខ្លីនេះ យើងពុំទាន់​អាចវាយតម្លៃ​ពីផលប៉ះពាល់ បាន​ភ្លាមៗ​នោះទេ ដោយរង់​ចាំមើល​រហូតដល់​ឆមាស​ទី១ ឆ្នាំ២០២០នេះ តែយ៉ាងណា លោក ជឿជាក់ថា បញ្ហានេះ នឹងត្រលប់​មកសភាព​ដើម ក្នុងពេល​ឆាប់ៗខាងមុខ។

ជុំវិញទៅនឹង​ផលប៉ះពាល់​អចលនទ្រព្យ​កម្ពុជា​នេះដែរ លោកស្រី ហ្រ្គែស រចនីហ្វុង អគ្គនាយិកា​ក្រុមហ៊ុន Century 21 Cambodia បានធ្វើការ​សម្គាល់​ឲ្យដឹងដែរថា នៅក្នុងបញ្ហា​សុខភាព​ពិភពលោក ដែលមេរោគ​កូរ៉ូណា​កំពុង​រាតត្បាតនេះ គឺពុំមាន​ផលប៉ះពាល់​ធំដុំ មកលើ វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​នោះទេ តែយើង​មើលឃើញ​ពីឱកាស ដែលក្រុមហ៊ុន​វិនិយោគ​នៅក្នុង​ប្រទេសចិន កំពុងសំលឹង​ និងចាប់អារម្មណ៍​មកលើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​ភាព​ទាក់ទាញ។

លោកស្រី ហ្រ្គែស រចនីហ្វុង បញ្ជាក់ថា វិស័យ​អចលនទ្រព្យ​កម្ពុជា នៅក្នុងឆ្នាំ ២០២០នេះ អាចនឹង​មិនអំណោយ​ផល​ដល់​គ្រប់​ប្រភេទ​អចលនទ្រព្យ​នោះទេ ជាពិសេសអចលនទ្រព្យ​ដែលមាន​តម្លៃថ្លៃ តែអ្វីដែល​កំពុង​រីកលូតលាស់ និងមិនរង​ផលប៉ះពាល់ រួមមាន បុរីលំនៅដ្ឋាន ផ្សារទំនើប​លក់រាយ អគារ​ការិយាល័យ និងទីក្រុងរណប។

យ៉ាងណាក៏ដោយចុះ ជុំវិញ​នឹង​បញ្ហានេះដែរ ត្រូវបាន លោកឧកញ៉ា ចេង ខេង ប្រធានក្រុម​ប្រឹក្សាភិបាល​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និងជាអគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី ភី អិល បញ្ជាក់​អះអាងថា ទោះបីជាមាន​ការកើតឡើង​នូវ​វីរុសកូរ៉ូណា​យ៉ាងនេះក្តី តែសម្រាប់លោក នៅតែមើល​ឃើញថា តម្រូវការដីធ្លី កំពុងមាន​ការកើនឡើង​នៅគ្រប់​តំបន់​នៅកម្ពុជា គួបផ្សំ​នឹងកំណើន​គម្រោង​វិនិយោគពី បណ្តាវិនិយោគិន​ទាំងក្នុង និងក្រៅប្រទេស ដែលទាមទារ​ឲ្យមាន ការផ្តល់​សេវាកម្ម​នានា​ដូចជា ទិញ លក់ និងផ្តល់ប្រឹក្សា​ពី​អចលនទ្រព្យ ប្រកបដោយជំនាញ និងវិជ្ជាជីវៈ។​

លោកឧកញ៉ា ចេង ខេង បានបញ្ជាក់​អះអាងថា ផ្អែកតាមការ​អង្កេតជាក់ស្តែង និងការធ្វើការងារ​ជាមួយអាជ្ញាធរ​ពាក់ព័ន្ធ​នឹងវិស័យ​ដីធ្លីនេះ​បង្ហាញថា នៅដើមឆ្នាំ២០២០នេះ ចំនួនអ្នក​ទិញដូរ អចលនទ្រព្យ គឺនៅតែមាន​ភាពមមាញឹក​ខ្លាំងពិសេស​នៅរាជធានីភ្នំពេញ និងបណ្តា​ខេត្តជាប់ ព្រំដែន និងខេត្ត​សក្តានុពល​សម្រាប់​វិស័យទេសចរណ៍។

លោកឧកញ៉ា ចេង ខេង បានលើកឡើងឲ្យ​ដឹងទៀតថា ការវិនិយោគ​នៅក្នុងវិស័យ​អចលនទ្រព្យ និងសំណង់​នាឆ្នាំ២០១៩ កន្លងទៅគឺ​បង្ហាញពី​កំណើនជាង ៩ពាន់លានដុល្លារ ដោយបាន​កើនឡើង​ជាង ៨៧ភាគរយ ដែលនេះ​ក៏ដោយសារតែ​មានតម្រូវការ​ល្អនៃទីផ្សារ​សំណង់ និងអាចចាត់​ទុកថា ជាកំណើន​មួយដ៏ល្អ ដែលនឹងបន្ត​សម្រាប់​ឆ្នាំ២០២០​នេះទៀតផងដែរ។

លោកឧកញ៉ាបន្ថែមថា ក្នុងនាម​លោកជា​អ្នកជំនាញ​អចលនទ្រព្យ លោកពិតជា​មានភាពជឿជាក់​លើស្ថិរភាព​នយោបាយ និងកំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅតែរឹងមាំ ដែលនេះ​ជាមូលហេតុ​សំខាន់​បំផុត ដែលធ្វើឲ្យ​ការវិនិយោគ​នៅក្នុងវិស័យ​អចលនទ្រព្យ និង សំណង់នៅឆ្នាំនេះ និងឆ្នាំក្រោយ​នៅតែបន្ត​មាន​កំណើន​ជានិច្ច៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនអះអាងថា រកឃើញសារធាតុ អាចព្យាបាលមេរោគ​កូរ៉ូណាប្រភេទថ្មីបានហើយ ខណៈ WHO នៅមិនទាន់មាន​ការប្រកាសផ្លូវការនៅឡើយ

ព័ត៌មាន
បើទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការណាមួយ ពីសំណាក់អង្គការសុខភាពពិភពលោក (WHO) អំពីការរកឃើញថ្នាំព្យាបាលជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើ…

ភាគហ៊ុនអេស៊ីលីដាបើកទូលាយដល់វិនិយោគិនបរទេស ខណៈវិនិយោគិនខ្មែរត្រូវបានផ្តល់អាទិភាព

ព័ត៌មាន
លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា «ទោះបីជាយើងធ្លាប់ប្រកាសថា យើងផ្តល់អាទិភាពដល់ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ