ប្រាក់ដុល្លារ

តើការហក់ឡើងថ្លៃខ្លាំងនៃប្រាក់ដុល្លារ បានបង្កក្ដីបារម្ភ និងជះឥទ្ធិពលធ្ងន់ធ្ងរយ៉ាងណាដល់រូបិយប័ណ្ណនៅតំបន់អាស៊ី?


ការហក់ឡើងថ្លៃខ្លាំងនៃប្រាក់ដុល្លារអាម៉េរិក បានក្លាយជាក្ដីបារម្ភដ៏ធំសម្រាប់ប្រទេសនានា ជុំវិញពិភពលោក ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានជំរុញឱ្យបណ្ដារដ្ឋាភិបាលនៅក្នុងតំបន់អាស៊ី បង្កើនវិធានការការពារ ដើម្បីទប់កុំឱ្យរូបិយប័ណ្ណក្នុងស្រុកបន្តធ្លាក់ថ្លៃថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ប្រាក់ដុល្លារ
ដោយ

ភាពរឹងមាំនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងអត្រាការប្រាក់ខ្ពស់ជាងកម្រិតមធ្យមរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោកមួយនេះ បានធ្វើឱ្យរូបិយប័ណ្ណនានានៅតំបន់អាស៊ីធ្លាក់ថ្លៃជាបន្តបន្ទាប់។ កត្តានេះបានជំរុញឱ្យបណ្ដារដ្ឋាភិបាលក្នុងតំបន់អាស៊ី កំពុងចាត់វិធានការនានារួមមានទាំងការដំឡើងអត្រាការប្រាក់ផងដែរ ដើម្បីឆ្លើយតបនឹងការហក់ឡើងថ្លៃនៃប្រាក់ដុល្លារ។

គេជឿថា រដ្ឋាភិបាលនៃប្រទេសខ្លះថែមទាំងបានធ្វើអន្តរាគមន៍តាមរយៈការប្រមូលទិញរូបិយប័ណ្ណក្នុងស្រុករបស់ខ្លួនទៀតផង ដែលនេះជាវិធានការដ៏មានហានិភ័យមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់ភាពគួរឱ្យជឿទុកចិត្តបានរបស់ធនាគារកណ្តាលនៃប្រទេសមួយ។ ក្រុមអ្នកវិភាគស្ថានការណ៍រូបិយប័ណ្ណ កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាម៉េរិក សម្រាប់ខែមេសា កន្លងទៅ បន្ទាប់ពីទិន្នន័យកាលពីខែមីនា បានបណ្តាលឱ្យប្រាក់យ៉េនរបស់ជប៉ុនធ្លាក់ថ្លៃខ្លាំង។

រូបិយប័ណ្ណនានារបស់តំបន់អាស៊ី អាចនឹងមានលំនឹងជាបណ្ដោះអាសន្ន បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចចុងក្រោយដ៏មានសារសំខាន់បានបង្ហាញថា សេដ្ឋកិច្ចអាម៉េរិកធ្លាក់ចុះជាងការរំពឹងទុក។ ទោះជាយ៉ាងណា យោងតាមលោកស្រី ហ្វីអូណា លីម (Fiona Lim) ដែលជាអ្នកយុទ្ធសាស្រ្តរូបិយវត្ថុជាន់ខ្ពស់នៅធនាគារ Maybank ក្នុងប្រទេសសិង្ហបុរី បានឱ្យដឹងថា ការធ្លាក់ចុះជាងការរំពឹងទុកនៃសេដ្ឋកិច្ចអាម៉េរិក មិនគ្រប់គ្រាន់នឹងធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃនោះឡើយ។

អ្នកជំនាញរូបនេះបានបន្ថែមថា ទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិក ដែលនឹងចេញផ្សាយនៅពេលដ៏ខ្លីខាងមុខ ពិតជាមានសារសំខាន់ណាស់ ដែលនឹងកំណត់វិធានការបន្ទាប់បែបណាសម្រាប់ប្រាក់ដុល្លារ និងរូបិយប័ណ្ណនានារបស់តំបន់អាស៊ី។ ក្រុមឈ្មួញព្យាករថា មានឱកាស៨,៥% ដែលធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់ បន្ទាប់ពីកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) នៃធនាគារកណ្ដាលមួយនេះនៅខែមិថុនា ឆ្នាំនេះ និងឱកាសប្រមាណ៣៣% សម្រាប់កិច្ចប្រជុំបន្ទាប់នៅខែកក្កដា ឆ្នាំនេះ។

សូមបញ្ជាក់ថា ប្រាក់យ៉េនរបស់ជប៉ុន គឺជារូបិយប័ណ្ណមួយនៅតំបន់អាស៊ី ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយសេដ្ឋកិច្ចអាម៉េរិក មានភាពរឹងមាំជាងការរំពឹងទុក និងការហក់ឡើងថ្លៃនៃប្រាក់ដុល្លារ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យសណ្តែកទ្រើង ឬសណ្តែកគួរ ហក់ឡើងថ្លៃដល់ជិត៤ម៉ឹនរៀលក្នុង១គីឡូក្រាម?

សណ្ដែកទ្រើង ដែលគេនិយមហៅសណ្ដែកគួរ ដែលជាបន្លែមួយប្រភេទសម្រាប់ជាគ្រឿងផ្សំនៃមុខម្ហូបបានហក់ឡើងថ្លៃខ្ពស់ខុសពីធម្មតា ពោលគឺឡើងដល់ចន្លោះពី២ម៉ឺន៥ពា…

ឧស្សាហកម្មនៅសិង្ហបុរី ចាប់ផ្តើមងាកទៅរកទីផ្សារមនុស្សយន្ត ដែលចិនកំពុងក្តោបក្តាប់ចំណែកទីផ្សារធំជាងគេ

ក្រុមហ៊ុនឧឧស្សាហកម្មនៅក្នុងប្រទេសសិង្ហបុរី ចាប់ផ្តើមងាកទៅច្បាមយកទីផ្សារផលិតមនុស្សយន្តសម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម ដើម្បីរួមចំណែកជួយលើកកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ