សេដ្ឋកិច្ចកម្ពុជា

ធនាគារពិភពលោកបង្ហាញពីកត្តាគន្លះសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា


សេដ្ឋកិច្ចរបស់កម្ពុជាស្ថិត ក៏ដូចជាប្រទេសជាច្រើនលើពិភពលោកដែរ គឺបានរងផលប៉ះពាល់យ៉ាងដំណំពីសំណាក់វិបត្តិជំងឺកូវីដ១៩។ ទោះយ៉ាងណា ធនាគារពិភពលោកបានអះអាងថា កម្ពុជាអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុកថែមទៀត។ ធនាគារពិភពលោកនិយាយដូច្នេះនៅក្នុងឯកសារជំនួយស្មារតីមួយស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា។
ទិដ្ឋភាពទីក្រុងភ្នំពេញ (រូបភាព៖ ខេមបូណូមីស/អេង ថារិទ្ធ)
ដោយ

កម្ពុជាធ្លាប់សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែអត្រានេះបានស្រុតចុះយ៉ាងគំហុកអស់ប្រមាណ ១០% ធ្វើឱ្យទំហំសេដ្ឋកិច្ចកម្ពុជារួមមាឌអស់ ឬដក ៣,១%ក្នុងឆ្នាំ២០២០ មុននឹងរើបឡើងវិញសន្សឹមៗរហូតបានកំណើន ២,២ភាគរយ នាដំណាច់ឆ្នាំ២០២១កន្លងទៅនេះ។ ជំងឺរាតត្បាតជាដើមចមធំធ្វើឱ្យទិន្នផលសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងសម្បើម ប៉ុន្តែការពឹងផ្អែកទៅលើផលិតផល, ទីផ្សារ និងធនធានហិរញ្ញប្បទានដែលមានមូលដ្ឋានតូចចង្អៀត ធ្វើឱ្យកម្ពុជាខ្វះជំហររឹងមាំសម្រាប់ទប់ទល់ទៅនឹងការអង្រួនដែលកើតមានចំពោះសេដ្ឋកិច្ច នេះបើយោងតាមការលើកឡើងនៅក្នុងរបាយការណ៍ក្រោមចំណងជើងថា “ការអភិវឌ្ឍមានភាពធន់៖ យុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មលើគំរូកំណើនសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនដោយចរីភាពវិញ ចាំបាច់ត្រូវការរបៀបវារៈកែទម្រង់ប្រកបដោយមហិច្ឆតាមួយ ដែលផ្តោតការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុន ពលករ និងក្រុមគ្រួសារនៅកម្ពុជា, ពង្រឹងបទប្បញ្ញត្តិដើម្បីឆ្លើយតបទៅនឹងសកម្មភាពបំភ្លៃលើទីផ្សារ និងកែលម្អបរិយាកាសធ្វើធុរកិច្ច, និងការវិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព”។

លោកស្រី សាលីម ពោលបន្ថែមទៀតថា៖ “ចំណាត់ការគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួនអាចមានប្រយោជន៍ដល់យុទ្ធសាស្ត្រាស្តារសេដ្ឋកិច្ច ហើយតាមរយៈនោះវានឹងអនុញ្ញាតឱ្យកម្ពុជាអាចកសាងសេដ្ឋកិច្ចបានមកវិញកាន់តែរឹងមាំថែមទៀតនៅក្រោយសម័យមានវិបត្តិកូវីដ-១៩។”

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ផលិតផលចំនួនប្រាំមុខ មានវិស័យកាត់ដេរ, ស្បែកជើង, អង្ករ, ដំឡូងមី និងទេសចរណ៍ មានទំហំ៨០ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែនៅក្នុងនោះមានទីផ្សារធំតែពីរប៉ុណ្ណោះ គឺសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ដែលស្រូបយក៦៩ភាគរយនៃបរិមាណទំនិញនាំចេញទាំងនោះ។

បើតាមធនាគារពិភពលោក កម្ពុជាមានជម្រើសច្រើនសម្រាប់ដោះស្រាយបញ្ហាខ្វះពិពិធកម្មក្នុងសេដ្ឋកិច្ច និង សម្រាប់កសាងឡើងវិញឱ្យកាន់តែប្រសើរជាងមុន។ ការវិនិយោគទៅលើធនធានមនុស្ស, ការធ្វើឱ្យការបែងចែកធនធានឱ្យកាន់តែមានប្រសិទ្ធផលតាមរយៈការកែលម្អសមត្ថភាពស្ថាប័នទីផ្សារ, និងការបង្កើនការគ្រប់គ្រងការវិនិយោគសាធារណៈ ទាំងអស់នេះស្ថិតក្នុងចំណោមជម្រើសដែលអាចជួយជំរុញផលិតភាពក្នុងសេដ្ឋកិច្ច៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច តេជោ ហ៊ុន សែន៖ បច្ចុប្បន្នកម្ពុជាមានអគារកម្ពស់ចាប់ពី៥ជាន់ ដល់លើស៥០ជាន់ ជាង១ពាន់អគារ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នកម្ពុជាមានអគារកម្ពស់ចាប់ពី៥ជាន់ដល់ជាង៥០ជាន់ជាង១ពាន់អគារ ដែលភាគច្រើនអគារទាំងនោះ …

ADB អនុម័តផ្តល់ជំនួយ ៦,៨ លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ៣១ ខែមករា បានអនុម័តផ្តល់ជំនួយចំនួនពីរ មានតម្លៃសរុប ៦លាន៨សែនដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ