
គេហៅថា Internet of Things ឬ IoT ដែលអាចប្រែថា អ៊ិនថឹណិតនៃវត្ថុប្រើប្រាស់ (ឬអ្នកខ្លះអាចប្រែខុសពីនេះក៏មាន)។
យោងតាមគេហទំព័រ Business Insider គិតត្រឹមឆ្នាំ២០២០ខាងមុខ ឧបករណ៍ប្រើប្រាស់ដែលភ្ជាប់អ៊ិនថឹណិតនឹងមានចំនួនច្រើនជាង ២៤ពាន់លានគ្រឿង នៅទូទាំងពិភពលោក។ នេះមានន័យថា ច្រើនជាងចំនួនមនុស្សសរុបនៅលើភពផែនដីទាំងមូលជិត ៤ដង។
ដំបូងបង្អស់ យើងស្គាល់និងប្រើអ៊ិនថឹណិតបានតាមរយៈកុំព្យូទ័រ។ បន្ទាប់មក គេក៏អាចប្រើអ៊ិនថឹណិតបាននៅលើទូរស័ព្ទដៃស្មាតហ្វូន តាប្ល៊ែត នាឡិកាឆ្លាតវៃ និងទូរទស្សន៍ ផងដែរ។
ប៉ុន្តែ ឥឡូវនេះ មនុស្សលោកដើរដល់សម័យជឿនលឿនខ្លាំងនៃបច្ចេកវិទ្យា ដោយស្ទើរតែអ្វីៗគ្រប់បែបយ៉ាងដែលមនុស្សប្រើប្រាស់ប្រចាំថ្ងៃ សុទ្ធតែមានភ្ជាប់អ៊ិនថឹណិត។
បដិវត្តន៍ IoT មានសក្ដានុពលធ្វើឲ្យអ្វីៗក្នុងផ្ទះរបស់អ្នក ប្រព័ន្ធដឹកជញ្ជូន ការងារ ។ល។ របស់អ្នក ប្រែប្រួលខុសពីមុន។ ឧទាហរណ៍ ក្នុងបន្ទប់ដេករបស់អ្នក ផ្ទះបាយរបស់អ្នក ក្រៅផ្ទះរបស់អ្នក ឬសូម្បីនៅកន្លែងអាជីវកម្មរបស់អ្នក អ្នកអាចដំឡើងឧបករណ៍ ដូចជា កាមេរ៉ាមានអ៊ិនថឹណិត រួចហើយអ្នកបញ្ជា ឬមើលវាពីទីណាក៏បានដោយប្រើទូរស័ព្ទដៃស្មាតហ្មូន។

អ៊ិនថឹណិតនៃឧបករណ៍ប្រើប្រាស់ (Internet of Things (IoT)) ជាអ្វី?
អ្នកប្រហែលធ្លាប់ឮពាក្យគេនិយាយថា Internet of Things ឬ IoT នៅពេលណាមួយកន្លងមក ប៉ុន្តែ អាចនឹងឆ្ងល់ថា ពាក្យហ្នឹងមានន័យថាដូចម្ដេច?
IoT សំដៅលើការភ្ជាប់ឧបករណ៍នានា (ក្រៅពីកុំព្យូទ័រ និងទូរស័ព្ទស្មាតហ្វូន) ទៅនឹងប្រព័ន្ធអ៊ិនថឹណិត។ សព្វថ្ងៃ រថយន្ត ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ហើយសូម្បីម៉ាស៊ីនតាមដានបេះដូង ក៏គេអាចភ្ជាប់ទៅនឹងអ៊ិនថឹណិតបានដែរ តាមរយៈ IoT នេះ។
ទៅថ្ងៃអនាគត ឧបករណ៍ប្រើប្រាស់ជាច្រើនទៀត ក៏នឹងអាចភ្ជាប់ទៅនឹងអ៊ិនថឹណិតបានដែរ ខណៈដែលបច្ចេកវិទ្យា IoT កាន់តែជឿនលឿនថែមទៀត៕