ជារឿងដែលគួរចាប់អារម្មណ៍មួយដែរ ដែលលោកណារិនដ្រា ម៉ូឌី បានព្រលយសំដីបែបនេះនៅចំពោះមុខលោកពូទីន។ ក្នុងជំនួបទល់មុខជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅក្រៅក្របខណ្ឌនៃ កិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ SCO លោកនាយករដ្ឋមន្រ្តីឥណ្ឌាបាននិយាយប្រាប់សមភាគីរុស្ស៊ីថា ពេលនេះ មិនមែនជាពេលវេលាធ្វើសង្រ្គាមឡើយ។ នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី ថែមទាំងបានបញ្ជាក់ពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងការចរចាតាមផ្លូវការទូតថាជាជម្រើសដ៏ល្អបំផុត។
ឆ្លើយតបនឹងនាយករដ្ឋមន្រ្តីឥណ្ឌា ប្រធានាធិបតីរុស្ស៊ីលោកពូទីនបាននិយាយថា លោកយល់ច្បាស់ពីជំហររបស់ឥណ្ឌានៅក្នុងសំណុំរឿងអ៊ុយក្រែន ហើយរុស្ស៊ីក៏ដឹងដែរពីក្តីបារម្ភរបស់ឥណ្ឌា។ បុរសខ្លាំងរុស្ស៊ីមួយនេះ បានសន្យាព្យាយាម បិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឲ្យបានឆាប់ជាទីបំផុត តាមដែលអាចធ្វើបាន។
ប៉ុន្តែ លោកពូទីនចោទប្រកាន់អ៊ុយក្រែន ថាបានបដិសេធរាល់ដំណើរការចរចា ហើយចង់ប្រើផ្លូវយោធាប្រយុទ្ធគ្នាជាជាងចរចា។ នេះបើតាមសារព័ត៌មានរុស្ស៊ីចុះផ្សាយស្រង់សំដីលោកពូទីន។
គួរជម្រាបថា ឥណ្ឌា និងរុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធិនឹងគ្នានៅក្នុងផ្នែកយោធា និងពាណិជ្ជកម្ម តាំងតែពីសម័យសង្រ្គាមត្រជាក់មក។ រុស្ស៊ីជាអ្នកផ្គត់ផ្គង់សម្ភារៈយោធាផ្នែករឹងដ៏សំខាន់ និងធំជាងគេសម្រាប់ឥណ្ឌាក្នុងមួយឆ្នាំៗ។ ដោយឡែក គេនៅចាំបានថា នៅក្នុងការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ឥណ្ឌាបានបដិសេធមិនថ្កោលទោសសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ទោះមានការដាក់សម្ពាធពីសម្ព័ន្ធមិត្តអាមេរិក និងលោកខាងលិច ខណៈដែលឥណ្ឌាបានត្រឹមទទូចឱ្យបញ្ជៀសអំពើហិង្សាប៉ុណ្ណោះ។ លើសពីនេះ បច្ចុប្បន្នឥណ្ឌាក៏កំពុងបានផលចំណេញមិនតិចដែរ ពីការទិញប្រេងតម្លៃថោកពីរុស្ស៊ី។
ទោះយ៉ាងណា នៅមុនជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានប្រាប់សន្និសីទសារព័ត៌មានថា ការទិញប្រេងពីរុស្ស៊ីគឺសំដៅដោះស្រាយតម្រូវការសន្តិសុខថាមពល ដែលកំពុងរង្គោះរង្គើក្នុងពេលបច្ចុប្បន្ន និងស្របពេលដែលកំពុងមានតម្រូវការថាមពលច្រើន អំឡុងពេលរលកកំដៅខ្លាំង៕