យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ ឆ្លើយតបទៅនឹងអត្ថបទវិទ្យុបរទេសមួយ, ការចាប់ខ្លួនជនជាតិចិនដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនិងការបណ្តេញចេញជនជាតិចិនទាំងនេះ គឺត្រូវបានធ្វើឡើង ផ្អែកតាមស្មារតីអនុស្សរណៈរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន។
ក្រសួងមហាផ្ទៃនិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា ៖ «ចាប់ពីឆ្នាំ២០១៤ ដល់ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបណ្តេញចេញជនជាតិចិនប្រមាណជាង ២.៧០០នាក់ ដែលចំនួននេះអាចជាអម្រែកដ៏ធ្ងន់មួយនៃថវិកាជាតិ ប្រសិនបើជនទាំងនេះត្រូវបានឃុំឃាំងនៅប្រទេសកម្ពុជា។»
ក្រសួងបានបន្តថា ជនល្មើសដែលត្រូវបានចាប់ខ្លួន និងបញ្ជូនចេញពីកម្ពុជា គឺជាជនដែលមានដីកាស្វែងរកចាប់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ចចិន ហើយការយកទៅកាត់ទោសនៅចិន គឺដោយសារជនរងគ្រោះក៏ជាជនជាតិចិនផងដែរ។
ក្រសួងមហាផ្ទៃបានអះអាងបន្តថា នៅពេលដែលបណ្តេញចេញពីកម្ពុជាហើយ គឺជនទាំងនោះត្រូវបានដាក់ចូលបញ្ជីខ្មៅ ដែលពួកគេមិនអាចចូលប្រទេសកម្ពុជាវិញបាននោះទេ។
ខេត្តឆ្នេរសមុទ្រ ព្រះសីហនុ មានការរីកចម្រើនយ៉ាងលឿន ដោយរុញច្រានដោយការវិនិយោគរបស់ចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេស នៅក្នុងវិស័យកាស៊ីណូ អចលនទ្រព្យ និងទេសចរណ៍។
យោងតាមរបាយការណ៍របស់នគរបាលកម្ពុជា បានឲ្យដឹងថា ជនជាតិចិនបានកាន់កាប់អាជីវកម្មជាង ៩០ភាគរយ នៅក្នុងខេត្តព្រះសីហនុ ហើយអត្រាបទល្មើសព្រហ្មទណ្ឌក៏បានកើនឡើងផងដែរ៕