ក្រសួងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា សមាជិកជាអ្នកបើកបរឡានដឹកទំនិញប្រហែល ៧ ២០០ នាក់ ឬប្រហែល ៣០% នៃសហជីពសាមគ្គីក្រុមអ្នកបើករថយន្តដឹកទំនិញ (Cargo Truckers Solidarity)នៅប្រទេសកូរ៉េខាងត្បូង បានធ្វើកូដកម្មរយៈពេលអស់រយៈពេល៣ថ្ងៃមកហើយ ដើម្បីតវ៉ានឹងរឿងតម្លៃប្រេងឥន្ធនៈកំពុងបន្ដហក់ឡើងយ៉ាងគំហុកនាពេលថ្មីៗនេះ ហើយបញ្ហានេះ គឺជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដ៏ធំដំបូងមួយ សម្រាប់ប្រធានាធិបតីថ្មីគឺលោក យុន ស៊ុក យែល (Yoon Suk-yeol) ត្រូវចូលខ្លួនដោះស្រាយ។
លោក យុន បាននិយាយនៅថ្ងៃសុក្រនេះថា ជម្លោះការងារនេះគួរតែដោះស្រាយតាមផ្លូវច្បាប់និងគោលការណ៍ដែលមានស្រាប់ ខណៈដែលក្រុមអ្នកបើករថយន្តដឹកទំនិញរាប់ពាន់នាក់បានបន្តធ្វើកូដកម្មនៅសប្ដាហ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងឡើងថ្លៃប្រេងឥន្ធនៈ។
មន្ត្រីសហជីពម្នាក់បាននិយាយថា ចំនួនសមាជិកដែលចូលរួមមានច្រើនជាងនេះ ហើយពួកគេក៏ត្រូវបានចូលរួមដោយក្រុមអ្នកដឹកជញ្ជូន ដែលមិនមែនជាសហជីពផងដែរ។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា ប្រហែល ៦% នៃអ្នកបើកបររថយន្តដឹកទំនិញសរុបចំនួន ៤២ ម៉ឺននាក់នៅប្រទេសនេះ គឺបានចូលរួមជាមួយសហជីព។
ប្រសិនបើកូដកម្មនេះ នៅតែបន្តអូសបន្លាយពេលយូរ នោះវានឹងអាចមានប៉ះពាល់ដល់សកម្មភាពឧស្សាហកម្មដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទីបួននៅក្នុងពិភពលោកមួយនេះ។
ក្នុងចំណោមក្រុមហ៊ុនមួយចំនួនដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះ គឺក្រុមហ៊ុនយក្សផលិតដែកថែប POSCO ព្រោះក្រុមហ៊ុននេះមិនអាចដឹកជញ្ជូនដែកប្រហែល ៣៥.០០០តោននៃផលិតផលដែកពីរោងចក្រនោះទេ ចាប់តាំងពីថ្ងៃធ្វើកូដកម្មមក។
ចំណែកក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀតក៏រងផលប៉ះពាល់ផងដែរដូចជារោងចក្រផលិតផលិតរថយន្ដ Hyundai Motor Co និងរោងចក្រ Kia Motors ជាដើម។
មន្ត្រីក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូងបាននិយាយថា មានការធ្លាក់ចុះនៃការនាំចេញផលិតផលមួយចំនួនរួមមានដែក និងស៊ីម៉ងត៍ ប៉ុន្តែប្រទេសនេះមិនទាន់ឃើញមាន"ការរំខានធ្ងន់ធ្ងរនៅផ្នែកដឹកជញ្ជូននៅឡើយទេ" ហើយរដ្ឋាភិបាលកំពុងជួបជាមួយមន្ត្រីឧស្សាហកម្មពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះផងដែរ៕
អត្ថបទ៖ សុខ ជា