សិង្ហបុរី-ចិន

សិង្ហបុរី និងចិន ចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យយោធា


ក្រសួងការពារជាតិសិង្ហបុរី (MINDEF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ៩ មិថុនា នេះថា ប្រទេសសិង្ហបុរី និងចិនបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយ ដែលនឹងធ្វើឲ្យកាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំយោធា និងការផ្លាស់ប្តូរការសិក្សាក្នុងចំណោមសាលាយោធារវាងប្រទេសទាំងពីរផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNA។
ប្រទេសចិន និងសិង្ហបុរីចុះកិច្ចព្រមព្រៀងលើវិស័យយោធាសំខាន់ៗ

បន្ថែមពីនេះទៀត កិច្ចព្រមព្រៀងនេះ​ រួមបញ្ចូលទាំងការចូលរួម​វគ្គបណ្តុះបណ្តាល​វិជ្ជាជីវៈដោយមន្ត្រីយោធា មកពីកងកម្លាំងប្រដាប់​អាវុធសិង្ហបុរី និងកងទ័ពរំដោះប្រជាជនចិន (PLA) ក៏ដូចជាដំណើរទស្សនកិច្ចសិក្សា និងការសន្ទនា​រវាងវិទ្យាស្ថាន​យោធាសិង្ហបុរី (SAFTI) និងបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធាចិន​ (PLA) ថែមទៀតផង។

រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក​ អ៊ីង ងេនឆឹន (Ng Eng Hen) និងសមភាគីចិន ឧត្តមសេនីយ៍ វី ហ្វេង (Wei Fenghe) បានធ្វើជាសាក្សី​ក្នុងការចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ស៊ីជម្រៅនេះ។

ក្រសួងការពារជាតិ​សឹង្ហបុរីបាននិយាយថា កិច្ចព្រមព្រៀងដែលបានធ្វើឡើងក្នុងពេលបច្ចុប្បន្ននេះ គឺឆ្លុះបញ្ចាំងពីវឌ្ឍនភាពនានា​ក្នុងវិស័យយោធារវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌនៃទំនាក់ទំនង​ការពារជាតិទ្វេភាគី​ចាប់តាំងពីឆ្នាំ ២០០៨​ មក ។

ក្រសួងការពារជាតិសិង្ហបុរី បានគូសបញ្ជាក់ទៀតថា "ក្នុងអំឡុងពេលកិច្ចសន្ទនា រដ្ឋមន្ត្រីទាំងពីរបានអះអាងឡើងវិញ​នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពារជាតិ​ទ្វេភាគី តាមរយៈការបន្ត និងការអនុវត្តឲ្យបានទៀងទាត់​នៃសមយុទ្ធ​ទ្វេភាគី​របស់ខ្លួន ដែលត្រូវបានផ្អាក​ដោយសារជំងឺរាតត្បាត COVID-19 អស់រយៈពេលពីរឆ្នាំមកនេះ"។

បន្ថែមពីនេះ រដ្ឋមន្ត្រីទាំងពីរ​ក៏បានពិភាក្សា​អំពីបញ្ហាសន្តិសុខ​ពិភពលោក និងមធ្យោបាយ​ជាក់ស្តែងក្នុងការពង្រឹងនៃ​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ការពារជាតិ​រវាងអាស៊ាន-ចិន ក្រោមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន​បូកផងដែរ។

គួរបញ្ជាក់ថា ឧត្តមសេនីយ វី ហ្វេង ដែលជារដ្ឋមន្ត្រីការពារជាតិចិន នឹងថ្លែងសុន្ទរកថា នៅថ្ងៃអាទិត្យសប្តាហ៍នេះ ស្តីពីចក្ខុវិស័យរបស់ប្រទេសចិន​សម្រាប់សណ្តាប់ធ្នាប់ក្នុងតំបន់។ ហើយលោក​ក៏​នឹង​ជួប​​ជាមួយ​នាយក​រដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន ឡុង (Lee Hsien Loong) និង​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សម្របសម្រួល​សន្តិសុខ​ជាតិ លោក​ តៅ ឈីហីន (Teo Chee Hean) ផងដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនៅក្នុងប្រទេសដែនកោះមួយនេះ៕

អត្ថបទ៖​ ហ៊ុន​ គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកបើកបរឡានដឹកទំនិញនៅកូរ៉េខាងត្បូងធ្វើកូដកម្ម ព្រោះប្រេងឥន្ធនៈឡើងថ្លៃ

ព័ត៌មាន
ក្រុមអ្នកបើករថយន្តធំៗដឹកទំនិញរបស់កូរ៉េខាងត្បូងរាប់ពាន់នាក់បានបន្តធ្វើកូដកម្មអស់រយៈពេល៣ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី ៩មិថុនា ដើម្បីតវ៉ាប្រឆាំង…

ហ្វាំងឡង់គ្រោងសង់រនាំងខណ្ឌចែកព្រំដែនជាមួយរុស្ស៊ី

ព័ត៌មាន
រដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ព្រំដែន ដើម្បីអនុញ្ញាតឱ្យមានការសាងសង់របាំងនៅតាមព្រំដែនភាគខាងកើតរបស់ខ្លួនប្រវែង១ពាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ