
យ៉ាងណាក៏ដោយ ការជ្រើសរើសក្រុមហ៊ុននិងប្រភេទការងារ ដែលពួកគេចូលចិត្ត និងស្របនឹងជំនាញនៅមហាវិទ្យាល័យ គឺរឹតតែសំខាន់ផងដែរ ព្រោះ ពួកគេអាចអភិវឌ្ឍខ្លួននៅក្នុងពិភពការងារ ថែមទាំងអាចយកទ្រឹស្តីនៅក្នុងសាលាមកអនុវត្តផ្ទាល់ទៀតផង។
ទន្ទឹមគ្នានេះ ក៏មានសំណួរមួយចោទឡើងផងដែរ សម្រាប់អ្នកចង់បានបទពិសោធន៍ និងចំណេះដឹងពីការងារស្ម័គ្រចិត្ត ថា តើគួរចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តជាមួយក្រុមហ៊ុនធំ ឬក្រុមហ៊ុនទើបបង្កើតឡើងថ្មីថ្មោង?
ទាក់ទិននឹងបញ្ហានេះ លោក ចាន់ បូរីម៉ា ស្ថានិកក្រុមហ៊ុន Nham24 ដែលផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារ បានផ្តល់យោបល់ថា បើសិនអ្នកធ្វើការងារនៅក្រុមហ៊ុនតូចៗ ហើយក្រុមហ៊ុននោះដំណើរការរីកចម្រើនខ្លាំង នោះអ្នកនឹងបានរៀនច្រើនជាងក្រុមហ៊ុនធំៗ ពីព្រោះ ក្រុមហ៊ុនតូច គេផ្តល់ឱកាសឲ្យអ្នកធ្វើការងារច្រើន។ តែផ្ទុយទៅវិញ បើសិនអ្នកធ្វើការងារនៅក្រុមហ៊ុនធំ ដែលមានរចនាសម្ព័ន្ធរួចហើយ គេនឹងដាក់ការងារឲ្យអ្នកតូចមួយ ទោះបីក្រុមហ៊ុននោះធំពិតមែន តែគេឲ្យអ្នកធ្វើការងារតិច ហើយអ្នកក៏មិនបានរៀនសូត្រច្រើនពីការងារនេះឡើយ។

បណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុមកពីប្រទេសអូស្រ្តាលីរូបនេះ បានផ្តល់បទសម្ភាសន៍ជូនសារព័ត៌មានអនឡាញ ខេមបូណូមីស ថា៖ «បើយើងចង់ធ្វើបុគ្គលិករហូត យើងគួរតែធ្វើការងារនៅក្រុមហ៊ុនធំៗវាត្រូវហើយ ប៉ុន្តែ ប្រសិនបើយើងចង់រកស៊ី ចង់បង្កើតអាជីវកម្ម ឬបង្កើតក្រុមហ៊ុននៅថ្ងៃក្រោយ យើងគួរតែរៀនពីក្រុមហ៊ុនតូចៗ ដែលទើបចាប់ផ្តើម ព្រោះ យើងអាចរៀនសូត្របានច្រើនពីវិធីបង្កើតក្រុមហ៊ុន និងការគ្រប់គ្រងក្រុមហ៊ុនឲ្យដំណើរការ»។
ក្រៅពីលើកទឹកចិត្តឲ្យនិស្សិតធ្វើការនៅក្រុមហ៊ុនតូចៗ អ្នកជំនួញវ័យ៤២ឆ្នាំរូបនេះ បានលើកទឹកចិត្តឲ្យនិស្សិតខ្មែរ កុំរើសអើងការងារ ទោះបីការងារនោះតូច ឬហត់នឿយក៏ដោយ។ លោកជំរុញឲ្យនិស្សិតដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យ គួរតែស្វែងរកការងារធ្វើបណ្តើរ ដើម្បីសន្សំថវិកាផ្គត់ផ្គង់ការសិក្សា និងសន្សំបទពិសោធន៍ ដើម្បីជាស្ពានចម្លងទៅរកការងារល្អទៅថ្ងៃអនាគត។
លោកនិយាយថា៖ «ទីផ្សារការងារតូចចង្អៀតណាស់ បើក្រុមហ៊ុនជ្រើសរើសបុគ្គលិក គេប្រាកដជាចង់បានបុគ្គលិកដែលមានបទពិសោធន៍ហើយ ព្រោះងាយស្រួលក្នុងការធ្វើការងារ។ ដូច្នេះ និស្សិត មិនគួររើសអើងការងារនោះទេ តែត្រូវសង្វាតរកការងារធ្វើទាំងការងារក្រៅម៉ោង ឬពេញម៉ោង ទោះបីយើងស្ថិតក្នុងពេលសិក្សាក៏ដោយ ក៏គួរតែឆ្លៀតធ្វើវា»៕