Advertisement
សហគ្រិន

បោះបង់​ប្រាក់​ខែ​រាប់​​ពាន់​ដុល្លារ មក​បង្កើត​សេវា​ដឹក​ជញ្ជូន​​ម្ហូប​អាហារ Nham24


លោក ចាន់ បូរីម៉ា ជា​ស្ថាបនិក​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ Nham24 ដែល​កំពុង​មាន​ភាព​ល្បីល្បាញ​នៅ​ភ្នំពេញ។ ដើម​ឡើយ លោក​គឺ​ជា​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ ដូចជា ក្រុមហ៊ុន Metfone ក្រុមហ៊ុន Coca Cola ក្រុមហ៊ុន​ថ្នាំ​ជក់​៥៥៥ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត ដែល​ទទួល​បាន​ប្រាក់​ខែ​៦​ពាន់​ដុល្លារ។
លោក ចាន់ បូរីម៉ា ជា​ស្ថាបនិក​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ Nham24
ដោយ
Advertisement

ដ្បិត​ប្រាក់​ខែ​នេះ​ច្រើន​ពិត​មែន ប៉ុន្តែ លោក ចាន់ បូរីម៉ា ដែល​មាន​ដើម​កំណើត​នៅ​ភ្នំពេញ ហាក់​មិន​អាឡោះ​អាល័យ​ឡើយ ខណៈ​លោក​កំពុងតែ​រីករាយ​នឹង​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​លោក ដែល​បាន​ដំណើរការ​ជាង​​១​ឆ្នាំ​មក​ហើយ។

លោក​បាន​បោះបង់​ការងារ​ល្អៗ​ទាំង​នេះ មក​បើក​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ឈ្មោះ​ថា Nham24 ដែល​មាន​សហប្រតិបត្តិការ​ជាមួយ​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ ប្រមាណ ៣៥០​កន្លែង នៅ​ទូទាំង​រាជ​ធានី​​ភ្នំពេញ។

ក្នុង​វ័យ​៤២​ឆ្នាំ​ លោក បូរីម៉ា បាន​ក្លាយ​ជា​ស្ថាបនិក​ក្រុមហ៊ុន​មួយ​នេះ តាំង​ពី​ដើម​ឆ្នាំ​២០១៦ ដែល​ជា​ពេល​វេលា​ដាក់​ឲ្យ​ក្រុមហ៊ុន Nham24 ដំណើរការ។ តាម​ពិត​ទៅ ក្រុមហ៊ុន​នេះ​មិន​មាន​ភោជនីយដ្ឋាន​ផ្ទាល់​ខ្លួន​នោះ​​ទេ ប៉ុន្តែ ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ពេញ​ម៉ោង​និង​ស្ម័គ្រ​ចិត្ត​ប្រមាណ ៤០​នាក់​មួយ​នេះ បាន​បង្កើត Website, App និង Facebook Page ដើម្បី​ឲ្យ​ភ្ញៀវ​កុម៉្មង់​ម្ហូប​នៅ​លើ​អនឡាញ។ 

បុគ្គលិក​ដឹក​ជញ្ជូន​ម្ហូប​អាហារ​របស់ក្រុមហ៊ុន Nham24

បន្ទាប់​ពី​ទទួល​បាន​ការ​កុម៉្មង់​ពី​ភ្ញៀវ​រួច បុគ្គលិក​របស់​លោក​បាន​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ពី​ភោជនីយដ្ឋាន​ដែល​ជា​ដៃគូ​សហការ យក​ទៅ​ឲ្យ​ភ្ញៀវ​ដល់​កន្លែង​តែ​​ម្តង ដោយ​បាន​កម្រៃ​ជើងសារ​ពី​ភ្ញៀវ​១​ដុល្លារ​សម្រាប់​ទីតាំង​ក្នុង​ខណ្ឌ​ធំៗ​៤ រួមមាន៖ ខណ្ឌ​ដូនពេញ ខណ្ឌ​៧មករា ខណ្ឌ​ចម្ការមន និង​ខណ្ឌ​ទួលគោក ខណៈ​ខណ្ឌ​ក្រៅ​ពី​នេះ មាន​កម្រៃ​ជើងសារ​ត្រឹម​២​ដុល្លារ​ប៉ុណ្ណោះ។

លោក ចាន់ បូរីម៉ា ដែល​បាន​បញ្ចប់​បរិញ្ញាបត្រ​ជំនាញ​ទីផ្សារ និង​បញ្ចប់​អនុបណ្ឌិត​ជំនាញ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​នៅ​ប្រទេស​អូស្រ្តាលី បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​អនឡាញ ខេមបូណូមីស ថា៖ «កាល​ខ្ញុំ​រៀន​នៅ​មហា​វិទ្យាល័យ ខ្ញុំ​ឃើញ​នៅ​អាមេរិក គេ​មាន​វេបសាយ​លក់​សៀវភៅ។ ហើយ​ក៏​គិត​ថា ថ្ងៃ​ណា​មួយ នឹង​បើក​លក់​អីវ៉ាន់​លើ​អនឡាញ ព្រោះ​បើ​លក់​សៀវភៅ​បាន លក់​អីវ៉ាន់​ក៏​បាន​ដែរ»។

ផ្តើម​ចេញ​ពី​បទ​ពិសោធន៍​ខ្លួន​ឯង បាន​ធ្វើ​ឲ្យ​លោក ចាន់ បូរីម៉ា ផ្តើម​បង្កើត​សេវា​ដឹកជញ្ជូន​ម្ហូប​អាហារ​នេះ

បុរស​ដែល​មាន​ភរិយា​និង​មាន​កូន​​៣​​នាក់​រូប​​នេះ បាន​​ពន្យល់​​ថា កាល​​ពី​អំឡុង​​ពេល​លោក​ធ្វើការ លោក​មាន​ពេល​វេលា​តិច​ក្នុង​ការ​ចេញ​ទៅ​ញ៉ាំ​អាហារ និង​ធុញ​ទ្រាន់​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​តាម​ភោជនីយដ្ឋាន​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ការិយាល័យ ខណៈ​ចរាចរណ៍​មាន​ភាព​មមាញឹក​និង​ឧស្សាហ៍​កក​ស្ទះ។

លោក​មាន​ប្រសាសន៍​ថា៖ «កាល​ខ្ញុំ​ធ្វើការ ពួក​យើង​រវល់​ណាស់ ពេល​ថ្ងៃ​រក​តែ​ពេល​ចេញ​ទៅ​ញ៉ាំ​បាយ​មិន​បាន​ទេ។ ជួន​កាល យើង​ត្រូវ​ប្រជុំ ដាច់​បាយ​ថ្ងៃ​ត្រង់​ទៀត​ផង។ ពេល​នោះ ក៏​សួរ​គ្នីគ្នា​ថា តើ​មាន​អី​មក​ញ៉ាំ​នៅ​តុ​ប្រជុំ? ពេលនោះ​លំបាក​មែន​ទេ ព្រោះ​អត់​មាន​វេបសាយ App កុម៉្មង់​អាហារ​មក​ហូប​នៅ​កន្លែង​ទេ។ តេ​ទៅ Pizza គេ​សួរ​ថា ចង់​ញ៉ាំ Pizza ប្រភេទ​អី អ៊ីចឹង​​ក៏​មិន​ដឹង​ញ៉ាំអី បើ​អត់​មាន Menu មើល​ផង។ ម្យ៉ាង បើ​ចង់​ញ៉ាំ​អី​នៅ​កន្លែង គឺ​មាន​តែ Pizza អ៊ីចឹង​វា​ទ្រលាន់ អត់​មាន​ម្ហូប​អាហារ​ផ្សេងៗ។ ដូច្នេះ ទើប​ឈប់​ធ្វើ​ការងារ មក​បង្កើត​សេវា​ដឹក​ម្ហូប​អាហារ»។

លោក​អះអាង​ថា មនុស្ស​ត្រូវការ​ភាព​ងាយ​ស្រួល ដែល​ក្រុមហ៊ុន​សេវាកម្ម​ត្រូវ​មាន​សេវា​កម្ម​រហ័ស និង​មាន​ក្រុម​ការងារ​ដែល​មាន​ភាព​រួស​រាយ​រាក់ទាក់ ព្រមទាំង​ស្រឡាញ់​ការងារ​នេះ ទើប​អាច​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​បាន។

លោក​បន្ថែម​ថា នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​បរទេស​ពីរ​ដែល​បង្កើត​សេវាកម្ម​នេះ ដោយ​បង្កើត​វេបសាយ ប៉ុន្តែ ពុំ​ទាន់​មាន App នៅ​ឡើយ។ ចំណែក ក្រុមហ៊ុន Nham24 គឺ​ជា​ក្រុមហ៊ុន​ខ្មែរ​ដំបូង​គេ ដែល​បង្កើត​សេវា​កម្ម​ដឹក​ជញ្ជូន​ម្ហូប​អាហារ ដោយ​បង្កើត​វេបសាយ ហ្វេសប៊ុក និង App សម្រាប់​អតិថិជន​អាច​មើល Menu ដោយ​ងាយ​ស្រួល។

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​លើ​ទីផ្សារ​នៅ​ភ្នំពេញ ស្ថាបនិក​ក្រុមហ៊ុន Nham24 គ្រោង​នឹង​ពង្រីក​សាខា​នៅ​ខេត្ត​សៀមរាប ខេត្ត​ព្រះ​សីហនុ នៅ​ឆ្នាំ​២០១៨ និង​គ្រោង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ឡាវ នៅ​ថ្ងៃ​អនាគត​ថែម​ទៀត​ផង៕

© 2017 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូន​ប្រុស​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បង្ហោះ​​សារ​រំឭក​ខួប​ភេរវកម្ម​នៅ​អាមេរិក (១១ កញ្ញា)

ព័ត៌មាន
ថ្ងៃទី១១ កញ្ញា កាលពី​១៦ឆ្នាំ​មុន ព្រឹត្តិការណ៍​វាយ​ប្រហារ​ភេរវកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ បាន​កើត​ឡើង​ទៅ​លើ​សហរដ្ឋ​អាមេរិក និង​ប្រជាជន...

ទូត​អាមេរិក​និយាយ​ថា​ ឈ្លោះ​ជាមួយ​អាមេរិក​ធ្វើ​ឲ្យ​កម្ពុជា​ខាត

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក​ William Heidt ប្រចាំ​នៅ​កម្ពុជា​បាន​និយាយ​ថា ការ​និយាយ​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​មិន​ប៉ះពាល់​អា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ