ការដាក់ក្តីរំពឹងបែបនេះ គឺបន្ទាប់ពីអ្នកជំនាញសង្កេតឃើញស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរឡើងវិញក្រោយរាជរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ និងគ្រប់គ្រងស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ បានល្អប្រសើរ។
ទោះបីមិនទាន់មានតួលេខជាក់លាក់ពីការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅត្រីមាសទី១ក្នុងឆ្នាំ២០២២ ក៏ដោយ តែលោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសង្កេតឃើញថា ការផ្តល់ឥណទាននិងទទួលប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងរយៈពេលជាង៣ខែកន្លងមកនេះនៅតែរក្សាកំណើនជាធម្មតា មិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។ លើសពីនេះចរន្តសងត្រឡប់របស់អតិថិជននៅតែមានភាពល្អប្រសើរ ហើយឥណទាន ដែលប្រឈមហានិភ័យខ្ពស់ ក៏មិនបានបង្ហាញសញ្ញាអវិជ្ជមានគួរឲ្យព្រួយបារម្ភផងដែរ។
ភាពល្អប្រសើរនេះបានធ្វើឲ្យអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុខាងលើមានការវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់របស់វិស័យមីក្រូហិរញ្ញវត្ថុនៅឆ្នាំនេះ បើទោះបីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនកំពុងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ។លោក កាំង តុងងី បានវាយតម្លៃចំពោះការរីកលូតលាស់របស់វិស័យមីក្រូហិរញ្ញវត្ថុថា ការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើក្នុងវិន័យនេះនឹងមានកំណើនដល់២០% នៅឆ្នាំនេះ។ ការវាយតម្លៃបែបនេះ គឺដោយផ្អែកលើភាពល្អប្រសើរនៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ក្រោយការបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាលក្រោមវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាព។
បើតាមលោក កាំង តុងងី នៅឆ្នាំ២០២១ ដែលជាឆ្នាំកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ធ្ងន់ធ្ងរ ការផ្តល់ឥណទាននិងទទួលប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែរក្សាបានកំណើនជិត២០% បើធៀបនឹងឆ្នាំ២០២០ ដែលមានកំណើនក្នុងរង្វង់១០%។ បើតាមទិន្នន័យដែលផ្តល់ដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២១ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានជាង ៨ពាន់លានដុល្លាអាមេរិក ដល់ប្រជាជនជាង២លាននាក់ ខណៈអ្នកដាក់ប្រាក់សន្សំមានចំនួនជិត៣លាននាក់ និងមានប្រាក់បញ្ញើសរុប៤ពាន់លានដុល្លាអាមេរិក៕