ព្រឹត្តិការណ៍​កីឡាអូឡាំពិក​នៅជប៉ុន

ព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏ធំនៅជប៉ុនឆ្នាំនេះអាចនឹងពន្យាពេល ឬ លុបចោល?


ទីក្រុងជាច្រើននៅប្រទេសជប៉ុន ដែលធ្លាប់បានចុះឈ្មោះទទួលស្វាគមន៍អត្តពលិកបរទេសឲ្យស្នាក់នៅអំឡុងព្រឹត្តិការណ៍អូឡាំពិកនោះ ពេលនេះបានប្រកាសបោះបង់ចោលផែនការនេះចោលហើយ បន្ទាប់ពីមានការព្រួយបារម្ភខ្លាំងពីការរីករាតត្បាតជំងឺកូវីដ-១៩ រលកទី៤នៅក្នុងប្រទេសជប៉ុន ខណៈដែលបច្ចុប្បន្នប្រទេសនេះ កំពុងត្រូវបានវាយលុកកាន់តែខ្លាំងសម្បើមពីជំងឺកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់ប្រទេសជប៉ុន Nikkei។
ការរៀបចំកីឡាអូឡាំពិកតូក្យូ បានចំណាយអស់ជិត៣០០ លានដុល្លារហើយ ដោយសារតែការព្យារពេលព្រោះកូវីដ-១៩ (រូបភាព៖https://variety.com)
ដោយ

ក្នុងចំណោមទីក្រុងសរុប ៥២៨ ដែលបានចុះឈ្មោះជាទីតាំងត្រៀមទទួលអត្តលិកបរទេសសម្រាប់ព្រឹត្តិការណ៍អូឡាំពិក មានប្រមាណជាង៤០ ទីក្រុងហើយ ដែលអាជ្ញាធរជប៉ុនសម្រេចដកខ្លួនចេញ លែងទទួលកីឡាករបរទេសទៀតហើយ។

អាជ្ញាធរខេត្តអ៊ីបារ៉ាគីប្រទេសជប៉ុន បានប្រាប់សារព័ត៌មាន Nikkei ថា ការដែលសម្រេចចិត្តដកខ្លួនឈប់ទទួលកីឡាករបរទេសដែលនឹងមកប្រកួតកីឡាអូឡាពិក ដោយសាររដ្ឋាភិបាលជប៉ុនបានប្រាប់ឲ្យខេត្ត ត្រៀមគ្រែពេទ្យសម្រាប់កីឡាករទាំងនោះ។

អាជ្ញាធរនៃខេត្ត និងក្រុងជាប់មាត់សមុទ្រមួយនេះបានអះអាងទៀតថា ខ្លួនមិនអាចផ្តល់អាទិភាពឲ្យទៅជនបរទេសមុនប្រជាជនខ្លួនបានទេ អំឡុងពេលកូវីដ-១៩រាតត្បាតដូចនេះ។

គេសង្កេតឃើញថា រដ្ឋបាលនៅតាមខេត្តក្រុងទាំង ៤០ ដែលដកខ្លួននេះ បានទទូចឲ្យរដ្ឋាភិបាលជប៉ុនដឹកនាំដោយ លោក ស៊ូហ្កា លើកពេលព្រឹត្តិការណ៍អូឡាំពិកបន្តទៀត ឬក៏អាចពិចារណាលុបចោលព្រឹត្តិការណ៍នេះតែម្តង។

ទោះបីកន្លងមក រដ្ឋាភិបាលជប៉ុនបានធានាអះអាងថា ខ្លួននឹងរៀបចំអូឡាំពិកឲ្យបានល្អ និងមានសុវត្ថិភាពក្តី ប៉ុន្តែភាពស្រពេចស្រពិលជុំវិញការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះនៅតែកើតមាន។ ស្រពេចស្រពិល គឺដោយសារតែ សាធារណជនភាគច្រើនបានបង្ហាញមតិផ្ទុយពីរដ្ឋាភិបាលជប៉ុន ជាក់ស្តែង បើតាមការស្ទង់មតិ មានប្រជាជនជប៉ុនដល់ជាង ៧០%ទៅហើយចង់ឲ្យរដ្ឋាភិបាលលើកពេល ឬលុបការប្រារព្ធកីឡាអូឡាំពិកចោលតែម្តង។

ផ្ទុយទៅវិញ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ថា IOC នៅថ្ងៃពុធសប្តាហ៍នេះ បែរជាគាំទ្រឲ្យជប៉ុន គោលជំហររបស់រដ្ឋាភិបាលជប៉ុនក្នុងការបន្តប្រារព្ធអូឡាំពិកទៅវិញ ទោះបីជាប្រឆាំងគ្នានឹងសាធារណមតិក្តី។

គួរជម្រាបថា បើតាមគម្រោងព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏ធំនៅជប៉ុនក្នុងឆ្នាំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ កក្កដា ដល់៨សីហា ឆ្នាំ២០២១។ 

ការប្រឆាំងជាសាធារណៈ ថែមទាំងមានការធ្វើបាតុកម្មផងដែរ ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកកំពុងកើនឡើងច្រើននៅក្នុងប្រទេសជប៉ុន ខណៈដែលប្រទេសមួយនេះ កំពុងព្យាយាមទប់ទល់នឹងការឆ្លងរាលដាលកូវីដ-១៩ រលកទីបួន ដែលកំពុងជំរុញឲ្យធនធានវេជ្ជសាស្ត្រសុខាភិបាលជប៉ុនប្រឈមនឹងហានិភ័យកាន់តែខ្លាំង។

រដ្ឋាភិបាលជប៉ុន បានរងការរិះគន់ថា មិនបានចាត់វិធានការ បិទខ្ទប់ប្រទេសឱ្យបានគ្រប់ជ្រុងជ្រោយ ហើយការចាក់វ៉ាក់សាំងដល់ពលរដ្ឋមានកម្រិតតិចតួចខ្លាំងបើធៀបនឹង ប្រទេសអ្នកមានផ្សេងទៀត។

សូមបញ្ជាក់ថា បើតាមទិន្នន័យពីភ្នាក់ងារ Reuters ប្រទេសជប៉ុន មានអ្នកឆ្លងកូវីដ-១៩ជាមធ្យម ៦ពាន់នាក់ក្នុងមួយថ្ងៃ ខណៈដែលអ្នកឆ្លងសរុបមានជាង ៦៦ម៉ឺននាក់ ស្លាប់ជាង១ម៉ឺន១ពាន់នាក់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងបង្ហាញមហិច្ឆតាផែនការ ១០ឆ្នាំ ប្រជែងទីផ្សារបច្ចេកវិទ្យាជាមួយចិន និងអាមេរិក

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង បានលាតត្រដាងនូវផែនការរយៈពេលវែងដែលពោរពេញទៅដោយមហិច្ឆតារបស់ខ្លួន ក្នុងការចំណាយដល់ទៅប្រមាណ ៤៥០ពាន់លានដុល្លារអាមេរិក …

Bitcoin ធ្លាក់ថ្លៃជាង៧% ក្រោយលោក Elon Musk ប្រកាសផ្អាកទទួលយកសម្រាប់ការទិញរថយន្ដTesla

ព័ត៌មាន
ក្រុមហ៊ុន Tesla Inc របស់កំពូលមហាសេដ្ឋីអាមេរិក Elon Musk បានសម្រេចផ្អាកទទួលយករូបិយវត្ថុឌីជីថល Bitcoin សម្រាប់ការទិញរថយន្ដរថយន្ដរបស់ខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ