ទំនាក់ទំនងរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីទាំង២ គឺចិន និងជប៉ុន កាន់តែតានតឹងខ្លាំងឡើងបន្ថែមពីលើភាពស្មុគ្រស្មាញនៃប្រវត្តិសាស្ត្រសម័យសង្គ្រាម និងជម្លោះទឹកដីនៅសមុទ្រចិនខាងកើត បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បារម្ភថាអាចនឹងកើតមានមានភាពស្រដៀងគ្នាដូចនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ស្របពេលដែលចិនកំពុងមានអាកប្បកិរិយាអាងយ៉ាងកាន់តែខ្លាំងឡើងរបស់ចិននៅតំបន់អាស៊ី។
ប៉ុន្តែលោក យូគីអូ ហាតូយ៉ាម៉ា អតីតនាយករដ្ឋមន្ត្រីជប៉ុនកាលពីអំឡុងឆ្នាំ២០០៩-២០១០នោះ បានប្រាប់វេទិកាសន្តិភាពពិភពលោក ដែលរៀបចំធ្វើនៅសាកលវិទ្យាល័យ ស៊ីហួ (Tsinghua) ក្នុងទីក្រុងប៉េកាំងថា រដ្ឋាភិបាលជប៉ុនបានបង្កើនការប្រឈមមុខដាក់គ្នារវាងភាគីទាំង២ គឺជប៉ុន និងចិន ដោយបង្កើន«ការខ្វែងគំនិតគ្នា និងគុណតម្លៃ»។
ក្នុងនាមជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកនោះ ជប៉ុនបានដើរតួនាទីយ៉ាងសកម្មនៅក្នុងយន្តការពហុភាគីមួយចំនួនដឹកនាំដោយសហរដ្ឋអាមេរិករួមទាំងសម្ព័ន្ធ Quad ក៏ដូចជាក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលលោក ហាតូយ៉ាម៉ា ចាត់ទុកថា ទាំងអស់នេះ គឺជា«ការឡោមព័ទ្ធយ៉ាងច្បាស់ទៅលើប្រទេសចិន»។
ឆ្នាំនេះគឺជាខួបលើកទី ៥០ នៃការរក្សាទំនាក់ទំនងការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ហើយលោក ហាតូយ៉ាម៉ា បាននិយាយដែរថា សហរដ្ឋអាមេរិក ជប៉ុន និងចិនគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងភាពតានតឹងនេះជាពិសេសបញ្ហាដ៏រសើបបំផុតពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដែលគេចាត់ទុកថាជាចំណុចក្ដៅដ៏គ្រោះថ្នាក់មួយ។
លោក ហាតូយ៉ាម៉ា បាននិយាយថា ការអត្ថាធិប្បាយរបស់លោក គីស៊ីដា (Kishida) អំពីប្រទេសចិនគឺ«ខុសគ្នាទាំងស្រុងពីការពិត» ហើយបានជំរុញទាំងសហរដ្ឋអាមេរិក និងជប៉ុនឱ្យបញ្ជាក់ឡើងវិញពីគោលនយោបាយចិនតែមួយ ដើម្បីជៀសវាងសោកនាដកម្មនៃសង្គ្រាមដោយសារកោះតៃវ៉ាន់។
លោកបានបញ្ជាក់ថា លោកជឿថារវាងចិន និងអាមេរិក ជាពិសេសរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក Xi Jinping គួរតែបន្តធ្វើកិច្ចសន្ទនាដ៏ល្អមួយ ដើម្បីធានាការឯកភាពគ្នាលើគោលនយោបាយចិនតែមួយ គឺកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ចិនដែលគេគួរតែបញ្ជាក់ឡើងវិញឱ្យបានច្បាស់»។
លោក ហាតូយ៉ាម៉ា ដែលកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុននៅចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០២០ដែលដឹកនាំក្រុមចម្រុះយកឈ្នះលើគណបក្សប្រជាធិបតេយ្យសេរីនិយមដ៏លេចធ្លោនៅជប៉ុននោះក៏បានអំពាវនាវឱ្យមានកិច្ចសន្ទនានយោបាយបន្ថែមទៀតរវាងចិន និងជប៉ុនផងដែរដោយបានសង្កត់ធ្ងន់ថា ស្ថានការនៃការផ្លាស់ប្តូរបច្ចុប្បន្ននេះគឺ«មិនធម្មតា»នោះទេ។
សូមបញ្ជាក់ថា ភាពតានតឹងបានកើនឡើងរវាងចិន និងជប៉ុនកាលពីឆ្នាំមុន ដោយសារទីក្រុងតូក្យូកាន់តែបញ្ចេញសម្លេងគាំទ្រចំពោះកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានធ្វើទង្វើដែលទីក្រុងប៉េកាំងចាត់ទុកថា ជាការបង្កហេតុដូចជាការបញ្ជូនមន្ត្រីការពារជាតិដ៏សកម្មម្នាក់ទៅកាន់កោះតៃវ៉ាន់ជាដើម៕
អត្ថបទ៖ សុខ ជា