វិបត្តិសេដ្ឋកិច្ចសកល

ស្ថាប័នហិរញ្ញវត្ថុពិភពលោកធំៗ៣ ព្រមានពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣


ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុពិភពលោកធំៗជាច្រើនរួមមាន ធនាគារពិភពលោក (WB), មូលនិធិរូបិយវត្ថុ (IMF) និងធនាគារវិនិយោគដ៏ធំបំផុតរបស់អាមេរិក JPMorgan បានចេញការព្រមានអំពីហានិភ័យនៃការដាំក្បាលចុះនៃសេដ្ឋកិច្ចសាកលនៅឆ្នាំ២០២៣ ដោយសារបញ្ហាដែលបន្តកើតឡើងពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន អតិផរណា គ្រោះមហន្តរាយធម្មជាតិ និងវិបត្តិថាមពលជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
WB និង IMF ព្រមានពីការដាំក្បាលចុះសេដ្ឋកិច្ចសាកលនៅឆ្នាំក្រោយ

លោក David Malpass ប្រធានធនាគារពិភពលោក បានថ្លែងថា នៅឆ្នាំក្រោយ វានឹងមានហានិភ័យ និងគ្រោះថ្នាក់ដ៏ពិតប្រាកដមួយនូវការធ្លាក់ចុះសេដ្ឋកិច្ចសាកល ដោយសារតែកំណើនយឺតយ៉ាវក្នុងប្រទេសសេដ្ឋកិច្ចធំៗ ការធ្លាក់ចុះតម្លៃរូបិយបណ្ណរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងការបន្តកើនឡើងអតិផរណាជាដើម។

ចំណែកលោកស្រី Kristalina Georgieva នាយក IMF បានលើកឡើងថា សកម្មភាពសេដ្ឋកិច្ចកំពុងមានភាពយឺតយ៉ាវនៅក្នុងតំបន់អឺរ៉ុប ដែលរងគ្រោះពីការឡើងថ្លៃឧស្ម័នធម្មជាតិ និងប្រទេសចិនដែលបន្តញាំញីពីជំងឺកូវីដ-១៩ ព្រមទាំងសហរដ្ឋអាមេរិក ដែលជួបការដំឡើងអត្រាការប្រាក់គោលផងដែរ។

មេដឹកនាំស្ថាប័នហិរញ្ញវត្ថុទាំងពីរដែលបានជួបពិភាក្សាគ្នាកាលពីថ្ងៃចន្ទម្សិលមិញនេះ បានបញ្ជាក់រួមគ្នាថា កំណើនសេដ្ឋកិច្ចយឺតនៅក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿន ការដំឡើងអត្រាការប្រាក់គោល បញ្ហាអាកាសធាតុ តម្លៃខ្ពស់នៃស្បៀងអាហារ និងថាមពល បាននឹងកំពុងជះឥទ្ធិពលធ្ងន់ធ្ងរដល់ប្រទេសក្រីក្រ ដោយស្ថាប័នទាំងពីរបានអំពាវនាវឱ្យមានវិធានការជួយដល់ប្រទេសទាំងនោះ។

បើតាមលោកស្រី Georgieva បានឱ្យដឹងថា IMF នឹងជំរុញឱ្យធនាគារកណ្តាលរបស់ប្រទេសនីមួយៗ បន្តប្រឹងប្រែងដើម្បីទប់ទល់នឹងអតិផរណា ហើយវិធានការសារពើពន្ធក៏គួររៀបចំឱ្យត្រូវគោលដៅផងដែរ។

លោកស្រីបន្តថា ពិភពលោកត្រូវការទឹកប្រាក់ប្រមាណពី ៣ ទៅ ៦ ទ្រីលានដុល្លារ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ហើយវាក៏មានសារៈសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងមូលនិធិសម្រាប់កម្ចីវិនិយោគ ដើម្បីបំពេញតម្រូវការ។

ជុំវិញការព្រមានពីវិបត្តិសេដ្ឋកិច្ចខាងលើនេះ អគ្គនាយធនាគារវិនិយោគអាមេរិក JPMorgan Chase & Co ក៏មានទស្សនៈដូចគ្នានេះដែរ។ លោក Jamie Dimon នាយកប្រតិបត្តិធនាគារ JPMorgan បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយ CNBC ថា សេដ្ឋកិច្ចអាមេរិក និងសេដ្ឋកិច្ចសាកល នឹងធ្លាក់ចូលជ្រោះនៃវិបត្តិនៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ ក្រោមហេតុផលប្រហាក់ប្រហែលគ្នានឹង IMF និង ធនាគារពិភពដែរ ពោលគឺរួមមាន បញ្ហាអតិផរណា ការដំឡើងអត្រាការបា្រក់គោល និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាដើម។

កាលពីសប្តាហ៍មុន អង្គការពាណិជ្ជកម្មពិភពលោក WTO បានបង្ហាញការព្យាកររបស់ខ្លួនថា ទំហំពាណិជ្ជកម្មទំនិញពិភពលោក នឹងកើនឡើងដល់ ៣,៥% នៅឆ្នាំ២០២២នេះ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ វានឹងមានកំណើនត្រឹមតែ ១%ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងជាងការរំពឹងទុកកាលពីដើមឆ្នាំនេះ ដែលធ្លាប់រំពឹងថានឹងមានកំណើនដល់ ៣,៤%។ នោះក៏ដោយសារតែ សេដ្ឋកិច្ចសាកលប្រឈមនឹងវិបត្តិជាច្រើន។

ជាមួយគ្នានោះដែរ ការសម្រេចកាត់បន្ថយការផលិតប្រេង ២លានបារ៉ែលក្នុងមួយថ្ងៃ របស់អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) និងការដាក់កំហិតការនាំចេញបច្ចេកវិទ្យាផលិតឈីបរបស់អាមេរិកទៅប្រទេសចិន ក្នុងពេលថ្មីៗនេះ សុទ្ធតែបង្កផលប៉ះពាល់អវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ចពិភពលោកផងដែរ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ប្រទេសម៉ាឡេស៊ីឆ្ពោះទៅរកការបោះឆ្នោតមុនកាលកំណត់ ក្រោយពីនាយករដ្ឋមន្ត្រីប្រកាសរំលាយសភា

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អ៊ីស្មែល សាព្រី យ៉ាកូប (Ismail Sabri Yaakob) បានប្រកាសនៅថ្ងៃទី ១០ខែតុលាថា សភាប្រទេសម៉ាឡេស៊ីត្រូវបានរំលាយហើ…

នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យរឹតបន្តឹងការប្រើប្រាស់អាវុធ និងបង្ក្រាបគ្រឿងញៀនជាបន្ទាន់ ក្រោយហេតុការណ៍បាញ់ប្រហារនៅមណ្ឌលថែទាំកុមារ

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យអាជ្ញាធរអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងជាងមុន លើសិទ្ធិកាន់កាប់កាំភ្លើង និងបញ្ជាផងដែរឱ្យបង្រ្កាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ