បើតាមម្ចាស់ហាងកាហ្វេធំៗនៅកម្ពុជាបានអះអាងថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គឺពិតជាបានបង្កផលប៉ះពាល់ ប៉ុន្ដែ វាមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ការប្រកបអាជីវកម្មរបស់ហាងកាហ្វេនោះទេ ពោលគឺទីផ្សារកាហ្វេនៅតែទទួលបានការគាំទ្រច្រើនគួរសមពីអតិថិជន។
ក្រុមម្ចាស់ហាងកាហ្វេក្នុងស្រុក បានកត់សម្គាល់ឃើញថា ការលក់របស់ពួកគេក្នុងអំឡុងវិបត្តិកូវីដ-១៩ មានធ្លាក់ចុះតិចតួចប៉ុណ្ណោះបើធៀបនឹងពេលធម្មតា មានន័យថាមុនពេលមិនទាន់កើតមានកូវីដ១៩។ បច្ចុប្បន្នសម្រាប់អ្នករកស៊ីក្នុងវិស័យហាងកាហ្វេ ទោះបីការឆ្លងកូវីដ-១៩ កំពុងបង្កឲ្យមានវិបត្តិក៏ពិតមែន ក៏ប៉ុន្តែវាក៏នៅតែមានឱកាសពង្រឹងខ្លួន និងពង្រីកខ្លួនសម្រាប់ពួកគេដែរ។
លោក ដួង តារា នាយកប្រតិបត្តិ Mister Brew បានអះអាងប្រាប់ ខេមបូណូមីស ថា ទោះបីកម្ពុជាផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែហាងកាហ្វេរបស់លោក ក៏ដូចជាអាជីវកម្មហាងកាហ្វេធំៗមួយចំនួនទៀតនៅតែអាចទ្រទ្រង់ការចំណាយ និង បន្តប្រតិបត្តិការបានជាធម្មតា។ ទោះបីយ៉ាងនេះក្តី លោក តារា បានគូសបញ្ជាក់ថា នៅអំឡុងវិបត្តិកូវីដ-១៩ ការលក់នៅហាងកាហ្វេរបស់លោកមានការធ្លាក់ចុះក្នុងរង្វង់៣០% ប៉ុន្តែការធ្លាក់ចុះនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការអាជីវកម្មទាំងមូលនោះទេ។
សម្រាប់លោក ដួង តារា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គឺជាវិបត្តិក៏ពិតមែន តែវាក៏ជាឱកាសក្នុងការពង្រឹងប្រតិបត្តិការ និងពង្រីកអាជីវកម្មផងដែរ។ ជាក់ស្តែងនៅឆ្នាំ២០២១ លោក នឹងពង្រីកសាខាបន្ថែម ៥សាខាទៀត ខណៈបច្ចុប្បន្ន ហាងរបស់លោកមាន ៥សាខា ក្នុងនោះ នៅរាជធានីភ្នំពេញមាន ៣សាខា និង នៅតាមខេត្ត ២សាខា។
ជាមួយគ្នានេះ លោក យ៉ែម ឈីម ស្ថាបនិកហាងម៉ូបាលកាហ្វេបានកត់សម្គាល់ឃើញថា អាជីវកម្មលក់កាហ្វេ និង ម្ហូបអាហារអាចមានអាទិភាពជាងវិស័យមួយចំនួននៅអំឡុងវិបត្តិកូវីដ-១៩ ដ្បិតវាជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ទោះបីនៅអំឡុងវិបត្តិកូវីដ-១៩ របរលក់កាហ្វេនេះមានការថយចុះបរិមាណលក់ក៏ដោយ ប៉ុន្តែវានៅតែអាចឈរជើងបានយ៉ាងរឹងមាំខុសពីវិស័យដទៃទៀត ដែលត្រូវបានបិទទ្វារ ឬផ្អាកអាជីវកម្មនៅអំឡុងវិបត្តិកូវីដ-១៩ នេះ។ ជាក់ស្តែង ការលក់នៅហាងម៉ូបាលកាហ្វេទាំង ១០សាខាផ្ទាល់ ក៏មានការធ្លាក់ចុះផងដែរ ប៉ុន្តែ ម៉ូបាលកាហ្វេនៅតែបន្តប្រតិបត្តិការជាធម្មតា។
បើតាមស្ថាបនិកម៉ូបាលកាហ្វេរូបនេះ វិបត្តិកូវីដ-១៩ មិនសូវបង្កផលប៉ះខ្លាំងដល់ហាងកាហ្វប្រ៊េនធំៗនោះទេ តែវាអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ហាងកាហ្វេតូចៗនៅតាមដងផ្លូវ ឬលក្ខណៈគ្រួសារ។ សម្រាប់លោក ឈីម នៅក្នុងអំឡុងវិបត្តិកូវីដ-១៩ ម្ចាស់ហាងកាហ្វេប្រ៊េនធំៗ ក៏អាចពង្រីកសាខាបន្ថែមផងដែរ ប្រសិនបើពួកគេមានទុនបម្រុងគ្រប់គ្រាន់ ដ្បិតក្នុងវិបត្តិវាតែងតែមានឱកាស។
ជាមួយគ្នានេះលោក ហេង សេងលី នាយកគ្រប់គ្រងទូទៅនៅភោជនីយដ្ឋានផាកកាហ្វេបានអះអាងថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការរបស់ហាងកាហ្វេនោះទេ ជាក់ស្ដែង ផាកកាហ្វេផ្ទាល់ នៅបន្តបើកដំណើរគ្រប់សាខាជាធម្មតា ទោះបីមានការយាយីពីវិបត្តិកូវីដ-១៩។ ប៉ុន្តែ លោកទទួលស្គាល់ថា បរិមាណលក់របស់ផាកកាហ្វេហាក់មានការធ្លាក់ចុះនៅក្នុងវិបត្តិកូវីដ-១៩ នេះ បើធៀបនឹងការលក់ធម្មតា។
សូមបញ្ជាក់ថា ទីផ្សារហាងកាហ្វេ ហាក់មានការរីកដុះដាលខ្លាំងនៅអំឡុងមុនពេលកូវីដ-១៩ចូលរាតត្បាត ដោយកន្លងមកគេឃើញថាហាងកាហ្វេជាច្រើនបានពង្រីកសាខារបស់ខ្លួនជាបន្ដបន្ទាប់ ទាំងម៉ាកយីហោក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្ដែ មកទល់ពេលនេះ ការពង្រីកខ្លួនរបស់ហាងកាហ្វេហាក់មានសភាពស្ងប់ស្ងាត់ជាងមុនគួរឲ្យកត់សម្គាល់៕