អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោកចន កើប៊ី (John Kirby) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ «ជំនួបតាមទូរស័ព្ទរវាងអាមេរិក និងចិននេះនឹងសង្កត់ធ្ងន់ទៅលើប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ព្រមទាំងភាពតានតឹងលើកោះតៃវ៉ាន់ និងបញ្ហាសង្រ្គាមនៅអ៊ុយក្រែនក៏ជារបៀបវីរៈសំខាន់ដែលនឹងលើកយកមកនិយាយផងដែរ»។
គេមិនដឹងច្បាស់ទេថា ក្នុងជំនួបរវាងមេដឹកនាំនៃប្រទេសមហាអំណាចនឹងជជែកគ្នាពីគម្រោងនៃដំណើរទស្សនៈកិច្ចរបស់ប្រធានសភាអាមេរិក ទៅកាន់កោះតៃវ៉ាន់ ឬយ៉ាងណាទេណនោះទេ ប៉ុន្ដែ ក្រោយពីការលេចឭដំណឹងនេះភ្លាម ទីក្រុងប៉េកាំងបានព្រមានសហរដ្ឋអាមេរិករួចបាត់ទៅហើយថា ខ្លួននឹងប្រើ«វិធានការទាំងបង្ខំ» ប្រសិនបើលោកស្រី Nancy Pelosi ហ៊ានធ្វើដំណើរមកកោះតៃវ៉ាន់មែន។
យ៉ាងណាក៏ដោយចុះ ក្រោមគោលនយោបាយចិនតែមួយ សហរដ្ឋអាមេរិកមិនដែលមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ម្តងណាឡើយ ប៉ុន្តែច្បាប់របស់សហរដ្ឋអាមេរិក គឺតម្រូវឲ្យទីក្រុងវ៉ាស៊ីនតោនផ្តល់មធ្យោបាយការពារខ្លួនដល់ដែនកោះប្រជាធិបតេយ្យមួយនេះ។
យ៉ាងណាមិញ លោក Kirby បានបង្ហើបថា «លោកស្រី Pelosi កំពុងស្ថិតនៅក្នុងជួរនៃការស្នងតំណែងប្រធានាធិបតី ដូច្នេះហើយ ការធ្វើដំណើរណាមួយទៅក្រៅប្រទេស គឺជាបញ្ហាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកតែម្តង។ ប៉ុន្តែលោកបន្ថែមថា មានតែលោកស្រី Pelosi ទេ ដែលអាចធ្វើការសម្រេចចិត្តអំពីការធ្វើដំណើររបស់ខ្លួន»។
មួយវិញទៀត រដ្ឋបាលលោកបៃដិនបាននិងកំពុងជជែកគ្នាដែរថា ដករនាំងពន្ធ ឬយ៉ាងណាលើទំនិញរបស់ប្រទេសចិន ដើម្បីជាមធ្យោបាយមួយក្នុងការជំរុញសេដ្ឋកិច្ចអាមេរិក តែលោក Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកនិយាយថា មិនទាន់មានការសម្រេចចិត្តណាមួយជុំវិញបញ្ហានេះមុនជំនួបនៅឡើយទេ។
ទន្ទឹមនឹងគ្នានេះដែរ សភាសហរដ្ឋអាមេរិកក៏កំពុងពិចារណាលើច្បាប់ (CHIPs) ផងដែរ ដោយនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រហែល ៥២ ពាន់លានដុល្លារសម្រាប់បង្កើនឧស្សាហកម្មឈីបក្នុងស្រុក ក៏ដូចជាឥណទានពន្ធវិនិយោគសម្រាប់រោងចក្រផលិតបន្ទះឈីបដែលប៉ាន់ស្មានថា មានតម្លៃ ២៤ ពាន់លានដុល្លារ ដែលលោក Biden បានជំរុញថា ច្បាប់នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីប្រកួតប្រជែងជាមួយសេដ្ឋកិច្ចចិន។
ជុំវិញរឿងរ៉ាវដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នេះដែរ លោកដាញែល រ៉ូសេល (Daniel Russel) ដែលធ្លាប់បម្រើការជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ី ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Barack Obama បាននិយាយថា «បញ្ហាតៃវ៉ាន់គឺជាគ្រោះថ្នាក់ដ៏ធំមួយនៅចំពោះមុខ ហើយមានតែយន្តការទ្វេភាគីរវាងអាមេរិក និងចិនទេ ទើបអាចការពារកុំឱ្យផ្ទុះឡើងនៃការប៉ះទង្គិចគ្នាបាន។
គួររំលឹកថា នៅព្រឹកថ្ងៃអង្គារនេះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានចោទប្រកាន់ចិនថា «កប៉ាល់ និងយន្តហោះចិនជាច្រើនបានបង្កើនទង្វើគគ្លើនដោយ អាកប្បកិរិយាការបង្កហេតុ និងគ្មានការទទួលខុសត្រូវម្តងហើយម្តងទៀត នៅក្នុងសមុទ្រចិនខាងត្បូង ដែលវានឹងអាចបង្កជាឧបទ្ទវហេតុណាមួយដោយជៀសមិនរួចគ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ៕