វិស័យទេសចរណ៍២០២១

សកម្មភាព​ទេសចរណ៍បន្ដ​រើបឡើងវិញតិចតួច ចំពេលស្ថានការណ៍កូវីដ-១៩នៅបន្ដរាតត្បាតខ្លាំង


អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជាអះអាងថា នៅមួយរយៈពេលចុងក្រោយមកនេះ ពោលគឺបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឲ្យមានការបើកតំបន់ទេសចរណ៍ ក៏ដូចជារមណីយដ្ឋានទេសចរណ៍ឡើងវិញ វិស័យទេសចរណ៍កម្ពុជាហាក់មានការរើបខ្លួនឡើងវិញបន្តិចហើយ ប៉ុន្ដែ ការរើបឡើងនេះ គឺនៅតែមានការចូលរួមបានតិចតួចប៉ុណ្ណោះ ក្នុងការឈានទៅស្ដារវិស័យទេសចរណ៍ទាំងមូលឲ្យមានភាពប្រសើរឡើងវិញ។ ការចូលរួមស្ដារវិស័យទេសចរណ៍នៅមិនទាន់មានសម្ទុះខ្លាំង ក៏ដោយសារថា កម្ពុជានៅតែបន្ដពឹងលើភ្ញៀវទេសចរក្នុងស្រុក ខណៈភ្ញៀវទេសចរអន្តរជាតិនៅមិនទាន់​បើកឲ្យចូលនៅឡើយទេ។
វិស័យទេសចរណ៍ចាប់ផ្ដើមរើបឡើងតិចតួច ចំពេលស្ថានការណ៍កូវីដ-១៩នៅបន្ដរាតត្បាតខ្លាំង (រូបភាព៖ ហ្វេសប៊ុកក្រសួងទេសចរណ៍)
ដោយ

លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាសង្កេតឃើញថា ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់ទេសចរណ៍នានា បានចាប់ផ្តើមមានចរន្តឡើងវិញជាបណ្តើរៗ ក្រោយរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យបើកដំណើរការតំបន់ទេសចរណ៍ឡើងវិញ និងមានការបន្ធូរបន្ថយលើវិធានការមួយចំនួនពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរកម្សាន្តទាំងនោះ គឺសុទ្ធសឹងជាភ្ញៀវទេសចរក្នុងស្រុកតែប៉ុណ្ណោះ ពុំមានភ្ញៀវមកពីក្រៅប្រទេសនោះទេ។

លោក ធួន ស៊ីណាន បន្ថែមថាការរើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងស្រុកនេះ គឺវាបានរួមចំណែកតិចតួចប៉ុណ្ណោះក្នុងការជួយស្តារអាជីវកម្មទេសចរណ៍ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ កន្លងមក។ ប៉ុន្តែវាជាចលករមួយក្នុងការជួយបន្តនិរន្តរភាពដំណើរការរបស់អាជីវកម្មនានាក្នុងវិស័យទេសចរណ៍ ក៏ដូចជាបង្ហាញភាពទាក់ទាញដល់ភ្ញៀវទេសចរបរទេសផងដែរ។

នៅក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃឈប់សម្រាកកាលពីសប្តាហ៍មុនមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង១០ម៉ឺននាក់បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នៅតាមរាជធានី-ខេត្តនានានៅកម្ពុជា។ ក្នុងនោះតំបន់ទេសចរណ៍នៅរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរច្រើនជាងគេជាង២ម៉ឺននាក់ ឈរពីក្រោយដោយខេត្តកំពតជិត២ម៉ឺននាក់ កំពង់ស្ពឺជាង១ម៉ឺននាក់ បាត់ដំបង និងព្រះសីហនុជិត១ម៉ឺននាក់។ នេះបើតាមរយៈរបាយការណ៍ពីក្រសួងទេសចរណ៍។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានលើកឡើងថា ទោះបីប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ មិនទាន់ធូរស្បើយ១០០% ពីវិបត្តិកូវីដ-១៩ ប៉ុន្តែចរន្តភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅខេត្តព្រះសីហនុមានការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ កាលពីសប្តាហ៍មុន ខេត្តជាប់មាត់សមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរជិត១ម៉ឺននាក់ កើនឡើងប្រមាណ២៤% បើធៀបនឹងពីរសប្តាហ៍កន្លងទៅនៅក្នុងខែមិថុនា នេះ។ ប៉ុន្តែការកើនឡើងនេះ គឺកើនឡើងភ្ញៀវទេសចរក្នុងក្របខណ្ឌភ្ញៀវក្នុងស្រុកតែប៉ុណ្ណោះ។ 

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរូបនេះ បានវាយតម្លៃថា វិស័យទេសចរណ៍នៅខេត្តព្រះសីហនុនឹងមានភាពល្អប្រសើរឡើងវិញនៅត្រឹមចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។ ប៉ុន្តែ លោក សង្កត់ធ្ងន់ថា ភាពល្អប្រសើរនេះ វាអាស្រ័យលើការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋ គួបផ្សំស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាក៏ដូចជាក្នុងខេត្តនេះមានភាពធូរស្បើយ និងការបើកជើងហោះហើរឡើងវិញពីប្រទេសក្នុងតំបន់ និងលើពិភពលោកជាដើម៕

None



អត្ថបទបន្ទាប់


ការប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិកនៅជប៉ុន នៅតែស្ថិតក្នុងមតិចម្រូងចម្រាស់

គណៈកម្មការអូឡាំពិករបស់ជប៉ុននៅដើមសប្តាហ៍នេះ បានសម្រេចអនុញ្ញាតឲ្យអ្នកគាំទ្រក្នុងប្រទេស ចូលទស្សនាការប្រកួតកីឡាអូឡាំពិកនៅខែក្រោយនេះហើយ ប៉ុន្ត…

កម្ពុជារំពឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងថ្នាក់ដ៏ធំ RCEPនៅឆ្នាំនេះ

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា គណៈកម្មាការជំនាញនៃរដ្ឋសភាបានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ