យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអន្តរជាតិ C&W ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានឱ្យដឹងថា តម្លៃផ្ទះប្រភេទ Townhouse ឬ ផ្ទះដាច់តែឯងក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ទៅ១ម៉ឺន ៤៥០០ដុល្លារអាម៉េរិក ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី៤ ចុងឆ្នាំ២០២៣។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារផ្ដល់សេវាអចលនទ្រព្យអន្តរជាតិ CBRE ប្រចាំប្រទេសវៀតណាម បានកត់សម្គាល់ថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣កន្លងមក ផ្ទះប្រភេទ Townhouse ឬ ផ្ទះដាច់តែឯងនៅក្នុងទីក្រុងហូជីមិញ មានតម្លៃជាមធ្យម១ម៉ឺន៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ទោះជាយ៉ាងណា ប្រតិបត្តិការទិញលក់ និងតម្រូវការផ្ទះប្រភេទ Townhouse មានតិចតួចណាស់ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៣ ខណៈដែលអ្នកទិញរង់ចាំឱ្យទីផ្សារស្ទុះងើបឡើងវិញ ដោយផ្ទះប្រភេទនេះត្រឹមតែ៣៣៨ខ្នងប៉ុណ្ណោះ ដែលត្រូវបានដាក់លក់នៅពេញមួយឆ្នាំ២០២៣។
លោកស្រី ត្រាំង បួយ (Trang Bui) នាយកប្រតិបត្តិក្រុមហ៊ុន C&W ប្រចាំប្រទេសវៀតណាម បានពន្យល់ថា ភាគច្រើននៃផ្ទះ Townhouse ទាំងនោះគឺស្ថិតក្នុងគម្រោងលំនៅឋានប្រណីតក្នុងសង្កាត់បង្កើតថ្មី ធូឌុក (Thu Duc City)។ តម្លៃលក់សម្រាប់ផ្ទះប្រណីតនៅក្នុងគម្រោងទាំងនេះបានជំរុញឱ្យតម្លៃផ្ទះ Townhouse ជាមធ្យមហក់ឡើងនៅក្នុងទីផ្សារទាំងមូល។
អ្នកស្រីបន្ថែមថា នេះជាកត្តាដែលជំរុញឱ្យតម្លៃជាមធ្យមសម្រាប់ផ្ទះប្រភេទ Townhouse ឬ ផ្ទះដាច់តែឯងក្នុងក្រុងហូជីមិញ បន្តហក់ឡើងឥតឈប់ឈររហូតដល់១ម៉ឺន៤ពាន់៥រយដុល្លារអាម៉េរិក ក្នុងមួយម៉ែត្រការ៉េ។
យោងតាមតំណាងម្នាក់មកពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ សូលរៀល (SolReal) បានឱ្យដឹងថា កត្តាសំខាន់ៗផ្សេងទៀតដែលធ្វើឱ្យតម្លៃផ្ទះប្រភេទ Townhouse ឬ ផ្ទះដាច់តែឯងហក់ឡើងខ្ពស់បែបនេះរួមមានការឡើងថ្លៃសាងសង់ គ្រឿងសំណង់ និងពលកម្ម ព្រមទាំងការឡើងថ្លៃដីធ្លីនៅក្នុងទីក្រុងហូជីមិញ ផងដែរ។
លើសពីនេះ ផ្ទះប្រភេទ Townhouse ឬ ផ្ទះដាច់តែឯងគឺជាប្រភេទទ្រព្យសកម្មល្អបំផុតទាំងសម្រាប់ការវិនិយោគ និងការតម្រូវការស្នាក់នៅដែលទាក់ទាញការចាប់អារម្មណ៍ច្រើនពីអ្នកទិញ ជាពិសេសនៅក្នុងទីក្រុងហូជីមិញ តែម្ដង៕
ដោយ: តែម សុខុម