ក្រុមហ៊ុន Toyota កំពុងត្រៀមបង្កើនទិន្នផលផលិតកម្មរថយន្តឱ្យបានរហូតដល់ទៅជាង១០លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ នេះ ដោយសាររថយន្តប្រភេទហាយប៊្រីត (Hybrid) របស់ខ្លួនលក់ដាច់ខ្លាំង និងស្របពេលស្ថានភាពកង្វះបន្ទះឈីបរថយន្ត និងគ្រឿងបង្គុំរថយន្តផ្សេងៗក៏កំពុងធូរស្រាល។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ (Nikkei) ឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ពិភពលោកមួយនេះ បានកំណត់គោលដៅផលិតរថយន្តឱ្យបានចំនួន៣លាន៤សែនគ្រឿង នៅក្នុងប្រទេសជប៉ុន និងចំនួន៦លាន៩សែនគ្រឿងនៅបរទេស ហើយតួលេខនេះរួមបញ្ចូលទាំងម៉ាកយីហោប្រណីត Lexus របស់ខ្លួនផងដែរ។
ទោះជាយ៉ាងណា ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Toyota បាននិយាយយ៉ាងខ្លីថា សេចក្ដីរាយការណ៍ខាងលើនេះមិនមែនជាអ្វីដែលក្រុមហ៊ុនបានប្រកាសដោយផ្ទាល់នោះទេ។ សារព័ត៌មាន Nikkei បានចុះផ្សាយថា ក្រុមហ៊ុន Toyota នឹងកំណត់ទិន្នផលផលិតកម្មប្រចាំឆ្នាំឱ្យបានជាង១០លានគ្រឿង ហើយថា ក្រុមហ៊ុននេះគ្រោងផលិតរថយន្តអគ្គិសនី (EV) ឱ្យបានប្រមាណ២៥ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៤ និងចំនួន៦០ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៥។
ក្រុមហ៊ុន Toyota បាននិយាយកាលពីខែមុនថា ខ្លួនផលិតរថយន្តបានចំនួន៩លាន២សែនគ្រឿងនៅ១១ខែដំបូងនៃឆ្នាំ២០២៣ ហើយប្រមាណ១ភាគ៣នៃរថយន្ត ដែលខ្លួនលក់ចេញទូទាំងពិភពលោកសម្រាប់រយៈពេលនេះ គឺជារថយន្ត Hybrid ដែលប្រើសាំងលាយអគ្គិសនី៕
ដោយ: តែម សុខុម