ក្រុមហ៊ុនផលិតរថយន្ត Toyota

តើក្រុមហ៊ុនយក្សតូយ៉ូតាមានបញ្ចេញផែនការអ្វីខ្លះ ដើម្បីបង្កើតសមត្ថភាពបច្ចេកវិទ្យាអាគុយរថយន្ត និងនវានុវត្តន៍រថយន្តអគ្គិសនី?


ក្រុមហ៊ុនផលិតរថយន្ត Toyota បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្ដើមធ្វើអាគុយស្ងួតដែលមានប្រសិទ្ធភាពខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗទៀត ដើម្បីបង្កើនចម្ងាយចររបស់រថយន្ត និងកាត់បន្ថយបន្ទុកចំណាយលើការផលិតរថយន្តអគ្គិសនីនាពេលអនាគត។ ទីភ្នាក់ងារសារព័ត៌មានរើយធើរាយការណ៍ថា ផែនការនេះជាចំណុចស្នូលយុទ្ធសាស្ត្រ ដែលបានបង្កើនតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនតូយ៉ូតាឱ្យឡើងខ្ពស់។
តូយ៉ូតា គ្រោងលក់រថយន្តអគ្គិសនីដែលចរបានចម្ងាយជាង ១០០០ គ.ម ចំនួន ៣,៥ លានគ្រឿងក្នុង ១ ឆ្នាំ
ដោយ

ផែនការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនតូយ៉ូតា ដែលជាអ្នកផលិតរថយន្តជប៉ុនដ៏ធំ គ្របដណ្តប់លើទិដ្ឋភាពផ្សេងៗគ្នាជាច្រើន ក្នុងនោះមានការអភិវឌ្ឍបន្ទុកថាមពលឬអាគុយជំនាន់ក្រោយ និងការរចនារោងចក្រធ្វើរថយន្តឡើងវិញទៀតផង។ ផែនការបច្ចេកវិទ្យាដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារមានលក្ខណៈពេញលេញបំផុតនៅក្នុងផែនការរួមរបស់ក្រុមហ៊ុនផលិតរថយន្តតូយ៉ូតា សំដៅប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនី ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងដែលនាំមុខដោយគូប្រជែងនានា ដូចជាក្រុមហ៊ុន Tesla ជាដើម។

ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនមានបំណងបំពាក់អាគុយលីចូម-អ៊ីយ៉ុងជំនាន់ក្រោយឱ្យរថយន្តអគ្គិសនីរបស់ខ្លួនចាប់ពីឆ្នាំ ២០២៦ តទៅ។ អាគុយនេះនឹងធ្វើឱ្យរថយន្តរត់បានឆ្ងាយជាងមុន ហើយសាកភ្លើងឆាប់ពេញជាងមុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនតូយ៉ូតាក៏បានប្រកាសអំពី"របកគំហើញបច្ចេកវិជ្ជា"ដែលនឹងធ្វើឱ្យអាគុយស្ងួតកាន់តែធន់ជាងមុន ដោយខ្លួនកំពុងបង្កើតមធ្យោបាយផលិតអាគុយប្រភេទនេះឱ្យបានយ៉ាងច្រើននិងរហ័ស ដើម្បីធ្វើពាណិជ្ជកម្មចាប់ពីឆ្នាំ ២០២៧ ឬឆ្នាំ ២០២៨ តទៅ។

សូមរំលេចថា អាគុយស្ងួតអាចផ្ទុកថាមពលបានច្រើនជាងអាគុយទឹកឬអាគុយសើមបច្ចុប្បន្ន ប៉ុន្តែអាគុយប្រភេទនេះមានតម្លៃថ្លៃ ហើយទំនងជានៅតែថ្លៃយូរឆ្នាំទៅមុខទៀត។ ជាគោលដៅទីផ្សារ គឺក្រុមហ៊ុន Toyota នឹងផលិតរថយន្តអគ្គិសនីបំពាក់ដោយលីចូម-អ៊ីយ៉ុង ដែលមានប្រសិទ្ធភាពជាងមុន និងដែលអាចឱ្យរថយន្តរត់បានចម្ងាយ ១ ០០០ គីឡូម៉ែត្រ នៅពេលដែលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ដែលលក់ដាច់ជាងគេលើពិភពលោក អាចរត់បានចម្ងាយប្រហែល ៥៣០ គីឡូម៉ែត្រប៉ុណ្ណោះ បើផ្អែកតាមបទដ្ឋានសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត ក្រុមហ៊ុន Toyota បាននិយាយថា រថយន្តអគ្គិសនី ដែលប្រើអាគុយស្ងួតនឹងរត់បានចម្ងាយ ១ ២០០ គីឡូម៉ែត្រ ហើយត្រូវការថេរវេលាសាកអាគុយត្រឹមតែ ១០ នាទីប៉ុណ្ណោះ ខណៈដែលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន តេស្លា អាចចរបាន ៣២១ គីឡូម៉ែត្រ ហើយត្រូវការថេរវេលាសាកអាគុយ ១៥ នាទី។

ផែនការលម្អិត ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិថ្មី ឈ្មោះ ខូជី សាតុ (Koji Sato) ក្រុមហ៊ុន Toyota បានអនុម័តការកែប្រែជាច្រើន ដែលវិស្វករ និងអ្នករៀបចំផែនការបាននិងកំពុងអភិវឌ្ឍអស់រយៈពេលជាច្រើនខែ ទុកឱ្យក្រុមហ៊ុនជ្រើសរើស។

លោក តាកេរ៉ូ កាតុ (Takero Kato) ប្រធានផ្នែករោងចក្ររថយន្តអគ្គិសនីប្រើថាមពលអាគុយ នៅក្រុមហ៊ុនតូយ៉ូតា បានអះអាងថា រោងចក្ររថយន្តអគ្គិសនីដើរដោយថាមពលអាគុយ ដែលត្រូវបានបង្កើតឡើងក្នុងខែឧសភា មានបំណងផលិតរថយន្តឱ្យបានប្រហែល ១ លាន ៧ សែនគ្រឿងនៅឆ្នាំ ២០៣០ ។ នៅក្នុងខែមេសា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុនផលិតរថយន្តតូយ៉ូតាបានលក់រថយន្តអគ្គិសនីចំនួនជាង ៨ ពាន់គ្រឿងនៅទូទាំងពិភពលោក ក្នុងនោះមានទាំងរថយន្តម៉ាក Lexus ដែរ។ ដោយឡែក នៅក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Toyota បានលក់រថយន្តទាំងអស់ជិត ១០ លាន ៥ សែន គ្រឿង ហើយមានតម្លៃទីផ្សារសរុបប្រហែល ២៥៤ ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះ នឹងនាំឲ្យអតិរេកពាណិជ្ជកម្មឥណ្ឌូនេស៊ី កាលពីខែឧសភា អាចនឹងត្រូវធ្លាក់ចុះមកនៅត្រឹមជាង៣ ពាន់លានដុល្លារ?

ស្ថិតិដែលស្ទាបស្ទង់ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ាន …

រំហូរទុនវិនិយោគផ្ទាល់ពីបរទេសចូលហ្វីលីពីនធ្លាក់ចុះជិត២០% នៅត្រីមាសទី១ ឆ្នាំនេះ

សិ្ថតិបានបង្ហាញថា រំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេសចូលប្រទេសហ្វីលីពីននៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ បានធ្លាក់ចុះពីជាង២ពាន់៥រយលានដុល្លារ មក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ