បន្ទាប់ពីការពិភាក្សា និងពិនិត្យផ្ទៀងផ្ទាត់យ៉ាងល្អិតល្អន់រយៈពេល២ថ្ងៃ អង្គចៅក្រមដែលមានសមាសភាពចំនួន១២រូប បានប្រកាសថា លោក ដូណាល់ ត្រាំ មានពិរុទ្ធភាពបទព្រហ្មទណ្ឌសរុបចំនួន៣៤ករណី។ ចៅក្រមបានកំណត់បើកសវនាការសម្រេចផ្តន្ទាទោសលោក ដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ ប៉ុន្មានថ្ងៃមុនពេលគណបក្សសាធារណរដ្ឋប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាផ្លូវការជាបេក្ខភាពប្រធានាធិបតីមុនការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
តាមច្បាប់ ការក្លែងឯកសារអាជីវកម្មជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមាចំនួន៤ឆ្នាំ ប៉ុន្តែជាក់ស្ដែងជនដែលត្រូវបានផ្តន្ទាទោសច្រើនតែទទួលទោសរយៈពេលខ្លីជាងនេះ ឬព្យួរទោសដោយគ្រាន់តែបង់ប្រាក់ពិន័យ។
ទោះជាយ៉ាងណា តាមផ្លូវច្បាប់ ការជាប់ឃុំមិនអាចរារាំងលោក ដូណាល់ ត្រាំ ពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ឬការចូលកាន់តំណែងប្រធានាធិបតីបានឡើយ ប្រសិនបើលោកឈ្នះឆ្នោត។
ជាការឆ្លើយតបលោក ដូណាល់ ត្រាំ វ័យ៧៧ឆ្នាំបានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយអះអាងថា លោកមិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយមេធាវីតំណាងរូបលោកនិយាយថា ពួកគេនឹងប្តឹងទាស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការចោទប្រកាន់មកលើរូបលោកគឺជារឿងដ៏អាម៉ាស់ ព្រោះលោកគ្មានកំហុសអ្វីឡើយ ហើយបានអះអាងម្ដងហើយម្ដងទៀតថា សវនាការតុលាការនេះត្រូវបានគេរៀបចំឡើងដើម្បីធ្វើបាបរូបលោក៕
ដោយ: តែម សុខុម