លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានរៀបរាប់នៅក្នុងពាក្យបណ្ដឹងរបស់លោកដែលបានដាក់ទៅតុលាការអាមេរិកនៅក្នុងទីក្រុង ហ្វត ឡូដឺដាឡេ (Fort Lauderdale) នៅរដ្ឋ ហ្វ្ល័រីដា (Florida) ថា ប្រព័ន្ធផ្សព្វផ្សាយ CNN បានប្រើឥទ្ធិពលដ៏អស្ចារ្យរបស់ខ្លួនជាស្ថាប័នព័ត៌មានឈានមុខគេមួយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកក្នុងហេតុផលនយោបាយ។ ប៉ុន្តែប្រព័ន្ធទូរទស្សន៍នេះបានបដិសេធធ្វើអត្ថាធិប្បាយចំពោះករណីនេះ។
លោក ត្រាំ ដែលជាសមាជិកគណបក្សសាធារណរដ្ឋបានអះអាងនៅក្នុងពាក្យបណ្ដឹងដែលមានកម្រាស់ ២៩ ទំព័រថា ទូរទស្សន៍ CNN មានប្រវត្តិធ្វើការរិះគន់លោកជាយូរមកហើយ ប៉ុន្តែទូរទស្សន៍នេះបានបង្កើនការវាយប្រហាររបស់ខ្លួនចំពោះរូបលោកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែបណ្តាញព័ត៌មានមួយនេះមានការភ័យខ្លាចថា លោកនឹងឈរឈ្មោះឱ្យគេបោះឆ្នោតធ្វើជាប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២៤។
ពាក្យបណ្ដឹងរបស់លោក ត្រាំ បានរៀបរាប់បន្តទៀតថា ដោយសារតែប្រព័ន្ធផ្សព្វផ្សាយ CNN នេះចង់បង្វែរតុល្យភាពនយោបាយឱ្យងាកទៅរកក្រុមឆ្វេងនិយម គឺក្រុមប្រជាធិបតេយ្យនោះ ដូច្នេះហើយទូរទស្សន៍នេះបានព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹង គឺលោកត្រាំជាបន្តបន្ទាប់ដោយបានរាយការណ៍ប្រកបដោយភាពអាស្រូវក្លែងក្លាយ និងបង្ខូចកេរ្តិ៍ឈ្មោះថា លោក ត្រាំ គឺជាអ្នករើសអើងជាតិសាសន៍ ជាអ្នកបម្រើឱ្យរុស្ស៊ី ជាអ្នកបង្កើតអបគមន៍ និងបានប្រដូចរូបលោកដូចជា Hitler ផងដែរ។
សូមរំលឹកថា លោក ត្រាំ បានបាត់បង់ឱកាសដើម្បីជាប់ឆ្នោតជាថ្មីនៅក្រោមស្នាដៃរបស់អ្នកប្រជាធិបតេយ្យគឺលោក ចូ បៃដិន នៅក្នុងឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអតីតប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា លោកនឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗផ្សេងទៀត នៅក្នុងពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខទៀតនេះ ហើយជាងនេះទៅទៀត លោកក៏ថែមទាំងអាចចាត់វិធានការប្រឆាំងនឹងគណៈកម្មាធិការសភាដែលស៊ើបអង្កេតលើការវាយប្រហារនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ទៅលើអគាររដ្ឋសភាសហរដ្ឋអាមេរិក ដោយក្រុមអ្នកគាំទ្ររបស់លោកផងដែរ។
បណ្តឹងនេះបានកើតឡើងនៅពេលអតីតប្រធានាធិបតីអាយុ ៧៦ ឆ្នាំរូបនេះ បានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើនរួមទាំងការស៊ើបអង្កេតឧក្រិដ្ឋកម្មដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការរក្សាទុករបាយការណ៍របស់រដ្ឋាភិបាលនៅអគារ ម៉ាអាឡាហ្គោ (Mar-a-Lago) របស់លោកក្នុងរដ្ឋហ្វ្ល័រីដា បន្ទាប់ពីលោកបានចុះចេញពីតំណែងនៅក្នុងខែមករា ឆ្នាំ២០២១ផងដែរ។
លោក ត្រាំ បានរងពាក្យបណ្ដឹងពីលោក ឡេធីធៀ ជេម (Letitia James) អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋញូវយ៉កសហរដ្ឋអាមេរិកកាលពីខែមុន ដោយបានចោទប្រកាន់លោក ត្រាំ ពីបទភូតកុហកធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងពាក់ព័ន្ធនឹងតម្លៃនៃទ្រព្យសម្បត្តិរបស់លោក៕