តម្លៃដឹកជញ្ចូនទៅចិនហក់ឡើងខ្លាំង

ក្រុមអ្នកជំនាញថា តម្លៃដឹកជញ្ចូនទៅចិនហក់ឡើងខ្លាំង ប៉ុន្ដែទៅប្រទេសប៉ែកអឺរ៉ុបមួយចំនួនថយចុះ


អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនៅមួយរយៈចុងក្រោយនេះ បានបន្តឡើងថ្លៃខ្ពស់បន្ថែមទៀត ដែលកំពុងបង្កជាក្តីបារម្ភដល់វិស័យដឹកជញ្ជូន និងការនាំចេញរបស់កម្ពុជា ជាពិសេសកសិផលតែម្តង។ បើតាមអ្នកជំនាញ តម្លៃទូកុងតឺន័រត្រជាក់បច្ចុប្បន្នបានហក់ឡើងចន្លោះពី ៧ទៅ៨ពាន់ដុល្លារក្នុងមួយទូទៅហើយ ពោលគឺកើនឡើងជាង៣ដង បើធៀបនឹងពេលកន្លងមក ដែលមានត្រឹមជាង២ពាន់ឬ៣ពាន់ដុល្លារ។
រូបតំណាង៖ រថយន្តដឹកជញ្ជូនទំនិញកុងតឺន័រកកស្ទះ
ដោយ

ការកើនឡើងថ្លៃដឹកជញ្ជូនយ៉ាងគំហុកនេះ ត្រូវបានអ្នកជំនាញអះអាងថា គឺបណ្តាលមកពីការកើនឡើងតម្លៃប្រេងឥន្ធនៈ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន គួបផ្សំការកកស្ទះទូកុងតឺន័រនៅតាមកំពង់ផែក្នុងប្រទេសមួយចំនួន។ ទោះយ៉ាងណាអ្នកជំនាញអះអាងថា ការកើនឡើងតម្លៃដឹកជញ្ជូននេះ មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ការនាំចេញរបស់កម្ពុជានោះទេ។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់ប្រាប់ខេមបូណូមីសថា តម្លៃដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់ប្រទេសចិនបានហក់ឡើងខ្ពស់មួយកម្រិតបន្ថែមទៀតនៅមួយសប្តាហ៍កន្លងមកនេះ ដែលកំពុងបង្កជាក្តីបារម្ភដល់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសចិន ជាពិសេសផលិតផលផ្លែឈើស្រស់តែម្តង។ អ្នកជំនាញរូបនេះអះអាងថា បច្ចុប្បន្នទូកុងតឺន័រត្រជាក់មានតម្លៃចន្លោះពី ៧ទៅ៨ពាន់ដុល្លារក្នុង១ទូ ខណៈកាលពីមិនទាន់ឡើងថ្លៃមានតម្លៃតែជាង២ពាន់ទៅ៣ដុល្លារប៉ុណ្ណោះ។

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ វាយតម្លៃថា កត្តាដែលជំរុញឲ្យតម្លៃទូកុងតឺន័រត្រជាក់ហក់ឡើងយ៉ាងគំហុកនេះ គឺដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាលមកពីបញ្ហាសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន និងបញ្ហាកង្វះទូកុងតឺន័រជាដើម។ យើងសង្កេតឃើញថា ប្រទេសមួយចំនួននៅលោកខាងលិចបាននាំគ្នាដាក់ទណ្ឌកម្ម និងផ្អាកការទិញប្រេង និងឧស្ម័នពីរុស្ស៊ីជាបន្តបន្ទាប់ក្រោយប្រទេសនេះវាយចូលឈ្លានពានអ៊ុយក្រែន ដែលជំរុញឲ្យតម្លៃប្រេងឥន្ធនៈលើពិភពលោកមានការកើនឡើងជាបន្តបន្ទាប់។

ការកើនឡើងតម្លៃប្រេងឥន្ធនៈនេះទៀតសោត ក៏កំពុងជំរុញឲ្យតម្លៃដឹកជញ្ជូនក្នុងស្រុកនៅកម្ពុជា មានការកើនឡើងមួយកម្រិតផងដែរ បន្ទាប់ពីក្រុមហ៊ុនរកស៊ីក្នុងវិស័យនេះបានស្នើសុំដំឡើងថ្លៃចន្លោះពី១០%ទៅ១៥% ក្រោយមិនអាចទប់ទល់នឹងការចំណាយ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ស៊ិន ចន្ធី ដែលបានគូសបញ្ជាក់ថា ការកើនឡើងតម្លៃដឹកជញ្ជូននេះបានកើនឡើងតាំងពីដើមឆ្នាំ២០២២ មកម្ល៉េះ។

មិនខុសគ្នាពីឧកញ៉ា ស៊ិន ចន្ធី នោះទេ លោក អ៊ឹម ផល នាយកគ្រប់គ្រងក្រុមហ៊ុន OBS Logistics ដែលជាក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនទទួលស្គាល់ថា តម្លៃដឹកជញ្ជូននៅមួយរយៈចុងក្រោយនេះពិតជាមានការឡើងថ្លៃពិតប្រាកដមែន។ ការកើនឡើងនេះត្រូវបាន លោកវាយតម្លៃថា គឺដោយសាររួមចង្អៀតនូវចន្លោះសម្រាប់ដាក់ទូកុងតឺន័រនៅតាមកំពង់ផែ គូបផ្សំឥទ្ធិពលនៃវិបត្តសង្គ្រាមនៅអ៊ុយក្រែន។

ដោយឡែកលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជាបានអះអាងថា ទោះបីតម្លៃដឹកជញ្ជូនតាមផ្លូវទឹកទៅមកកម្ពុជាចិនមានការឡើងថ្លៃ តែការដឹកជញ្ចូនទំនិញទៅប្រទេសប៉ែកអឺរ៉ុបមួយចំនួនមិនមានការឡើងថ្លៃនោះទេ។ ផ្ទុយទៅវិញតម្លៃដឹកជញ្ជូនទៅប្រទេសទាំងនោះបែរជាមានការថយចុះទៅវិញ។ បើតាមការគូសបញ្ជាក់របស់លោក ជា ចាន់ដារ៉ា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅសហរដ្ឋអាមេរិក កាណាដា និងប្រទេសប៉ែកអឺរ៉ុបមួយចំនួនបច្ចុប្បន្នបានធ្លាក់មកនៅត្រឹមជាង ១ម៉ឺនដុល្លារក្នុងមួយទូកុងតឺន័រតែប៉ុណ្ណោះ ខណៈកាលពីមុនមានតម្លៃជាង២ម៉ឺនដុល្លារក្នុងមួយទូរកុងតឺន័រ។

លោក ជា ចាន់ដារ៉ា កត់សម្គាល់ឃើញថា តម្លៃដឹកជញ្ជូនទំនិញនៅកម្ពុជាមានការប្រែប្រួលពី១០%ទៅ១៥% ប៉ុណ្ណោះ ទោះបីតម្លៃប្រេងឥន្ធនៈបានហក់ឡើងថ្លៃខ្ពស់ក៏ដោយ ដែលបញ្ហានេះវាមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូនក្នុងស្រុកនោះទេ។ អ្នកជំនាញរូបនេះវាយតម្លៃជារួមថា សេដ្ឋកិច្ចកម្ពុជានៅដើមឆ្នាំ២០២២ បានបង្ហាញភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ទាំងការធ្វើពាណិជ្ជកម្មក្របខណ្ឌក្នុងស្រុក និងក្រៅស្រុក បើទោះបីមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។

ពាក់ព័ន្ធការកើនឡើងតម្លៃដឹកជញ្ជូនទៅកាន់ប្រទេសចិននេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់កាលពីពេលថ្មីៗថា បញ្ហាកង្វះទូកុងតឺន័រ និងការកើនឡើងតម្លៃទូត្រជាក់កំពុងបង្កជាក្តីបារម្ភដល់ការនាំចេញកសិផលពីកម្ពុជាទៅកាន់ប្រទេសចិន។ ជាក់ស្តែងឯកឧត្តម អះអាងថា នៅក្នុងរយៈពេលជិត៤ខែកន្លងមកនេះការនាំចេញផ្លែចេកស្រស់ និងស្វាយស្រស់របស់កម្ពុជាទៅប្រទេសមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ប៉ុន្តែការនាំចេញកសិផលជារួមសម្រេចបានជាង៤លានតោនកើនឡើងជាង៥% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន៕

None



អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា អាជីវកម្មសាលាឯកជនវិលមករកស្ថានភាពប្រសើរឡើងកាន់តែច្រើនហើយ ក្រោយកូវីដ១៩ធូរស្បើយ

អាជីវកម្មសាលារៀនឯកជន ដែលធ្លាប់ជួបជាច្រើនក្នុអំឡុងពេលកូវីដ១៩រាតត្បាតខ្លាំង រហូតមានខ្លះក្ស័យធនធនផងនោះ បានចាប់ផ្ដើមវិលមកស្ថានភាពល្អប្រសើរឡើ…

ឥណ្ឌាកំពុងរងការវាយប្រហារដោយរលកកំដៅជាថ្មីទៀតហើយ ខណៈគ្រោះអគ្គីភ័យកើតមានកាន់តែច្រើន

រលកកម្ដៅដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស និងសត្វ បានកើតឡើងដល់ប្រទេសឥណ្ឌាជាថ្មីទៀតហើយ។ អាកាសធាតុក្ដៅខ្លាំងនេះ បានចូលមកដល់មុន១ខែ បើធៀបន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ