វិស័យដឹកជញ្ជូន

អ្នកជំនាញជឿជាក់ថា ការដឹកជញ្ជូននៅកម្ពុជានឹងមានតម្លៃកាន់តែទាប ក្រោយផ្លូវដែកត្រូវបានលើកគុណភាព និងមានការតភ្ជាប់ទូលំទូលាយ


ការដឹកជញ្ជូនតាមផ្លូវដែក គឺជាការដឹកជញ្ជូនមួយដ៏មានប្រសិទ្ធភាពនិងចំណាយថ្លៃដើមទាប បន្ទាប់ពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលជាប្រព័ន្ធដឹកជញ្ជូនដ៏ពេញនិយមនៅលើពិភពលោក។ កត្តានេះបានជំរុញឱ្យរាជរដ្ឋាភិបាល ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពន្លឿនការលើកកម្ពស់គុណភាពផ្លូវដែកនៅកម្ពុជា ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់វិស័យដឹកជញ្ជូនតាមផ្លូវដែកឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
វិស័យដឹកជញ្ជូន
ដោយ

អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនជឿជាក់ថា ក្រោយផ្លូវដែកនៅកម្ពុជា ត្រូវបានលើកគុណភាព និងមានការតភ្ជាប់ទូលំទូលាយ​នោះវានឹងធ្វើឱ្យការដឹកជញ្ជូននៅកម្ពុជា កាន់តែមានតម្លៃទាប ជួយបង្កើនសមត្ថភាពប្រកួតប្រជែង និងជួយសម្រួលការធ្វើពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា បានទុកផ្លូវដែកជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់មួយក្នុងការជួយបង្កើនសមត្ថភាពវិស័យដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ព្រោះការដឹកជញ្ជូនរបៀបនេះចំណាយទាបជាងការដឹកជញ្ជូនតាមផ្លូវថ្នល់។ ជាក់ស្តែង ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក​កំពុងពង្រីកការតភ្ជាប់ផ្លូវដែកជាបណ្តាប្រទេសក្នុងតំបន់អាស៊ានមួយចំនួន រួមមាន ឡាវ ថៃ ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី ជាដើម។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើផ្លូវដែកនៅកម្ពុជា ត្រូវបានលើកកម្រិតគុណភាព និងមានការតភ្ជាប់ទូលំទូលាយ នោះវានឹងជួយធ្វើឱ្យការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា កាន់តែមានភាពងាយស្រួល និងមានភាពប្រកួតប្រជែងបន្ថែមទៀត។

​​មិនខុសគ្នាពីអ្នកជំនាញខាងលើនោះទេ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះការជំរុញឱ្យពន្លឿនការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែករបស់រាជរដ្ឋាភិបាល ដ្បិតការដឹកជញ្ជូនតាមផ្លូវដែកវាជួយសន្សំសំចៃ និងកាត់បន្ថយការចំណាយបានមួយកម្រិត បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវថ្នល់។

ជាមួយគ្នានេះលោករំពឹងថា ក្រោមគោលនយោបាយខ្សែក្រវាត់ និងផ្លូវរបស់ចិន ភ្ជាប់មកកាន់តំបន់អាស៊ី វានឹងជួយធ្វើឱ្យវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចរបស់កម្ពុជា កាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

​គួររំលឹកថា នាពិធីអបអរសាទរខួប២០ឆ្នាំនៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា កាលពីពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពន្លឿនការចុះអនុសារណៈនៃការយោគយល់គ្នា(MoU)លើការអភិវឌ្ឍ​ផ្លូវដែកនៅកម្ពុជា ឱ្យបានចប់នៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។ ជាមួយគ្នានេះ សម្តេចធិបតី ព្រមានដកសិទ្ធិវិនិយោគរបស់ក្រុមហ៊ុននេះ បើពុំអាចបញ្ចប់ការចុះ MoU តាមការកំណត់ទេនោះ។

ពាក់ព័ន្ធការអភិវឌ្ឍ​ផ្លូវដែកនៅកម្ពុជា នេះដែរ កាលពីថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិ គ្រប់គ្រង និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍ផ្លូវដែក នៅកម្ពុជា ដែលមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុជាប្រធាន និងឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធាន៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ជំងឺបេះដូង ជា “ឃាតកលាក់មុខ” អាចឆក់យកអាយុជីវិតមនុស្សភ្លាមៗ ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា

ជំងឺបេះដូង ឬការស្ទះសរសៃឈាមបេះដូង ត្រូវបានគេចាត់ទុកថា ជាឃាតកលាក់មុខ ដែលអាចឆក់យកអាយុជីវិតមនុស្សបានភ្លាមៗ ប្រសិនបើអ្នកជំងឺនោះពុំទទួលប…

ផលិតផលចំណីអាហារ និងកសិផលកម្ពុជា ជាច្រើនមុខនឹងហក់ចូលទីផ្សារបារាំង និងអឺរ៉ុប

ផលិតផលចំណីអាហារ និងកសិផលសក្ដានុពលរបស់កម្ពុជា ជាច្រើនមុខនឹងហក់ចូលទីផ្សារបារាំង និងសហគមអឺរ៉ុបក្នុងពេលឆាប់ៗខាងមុខនេះ ដែលជាការបើកច្រកម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ