អាមេរិកព្រមព្រៀងជាមួយប៉ាពូអាស៊ីនូវែលហ្គីណេ លើកិច្ចសហប្រតិបត្តិការការពារគ្នា!

យោធាអាមេរិកនឹងយកប្រទេសកោះប៉ាស៊ីហ្វិក ប៉ាពូអាស៊ីនូវែលហ្គីណេ ប្រើប្រាស់ ជាមូលដ្ឋានទ័ព ១៥ឆ្នាំ


តាមរយៈសេចក្ដីរាយការណ៍ពីសារព័ត៌មាន Nikkei បានឲ្យដឹងថា យោធាអាមេរិកនឹងទទួលបានសិទ្ធិចូលទៅកាន់ទីតាំងចំនួន៦កន្លែង នៅក្នុងប្រទេសដីកោះនៃតំបន់ប៉ាស៊ីហ្វិកមួយ គឺប្រទេស ប៉ាពូអាស៊ីនូវែលហ្គីណេ ដើម្បីប្រើប្រាស់ជាមូលដ្ឋានទ័ពរយៈពេល១៥ឆ្នាំ ក្រោម «កិច្ចព្រមព្រៀងការពារជាតិ» នៃប្រទេសទាំងពីរ។ ប៉ុន្ដែ មុននឹងឈានដល់កិច្ចព្រមព្រៀងយោធានេះ ប្រទេសកោះនៅប៉ាស៊ីហ្វិកមួយនេះត្រូវការការអនុម័តយល់ព្រមពីសភាជាមុនសិន។
យោធាអាមេរិកនឹងយកប្រទេសកោះប៉ាស៊ីហ្វិក ប៉ាពូអាស៊ីនូវែលហ្គីណេ ប្រើប្រាស់ ជាមូលដ្ឋានទ័ព ១៥

ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការពារជាតិលោកឡយដ៍ អូស្ទីន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេស ប៉ាពូអាស៊ីនូវែលហ្គីណេ និងអូស្ត្រាលីនៅចុងខែនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃដដែល របស់មន្ទីរបញ្ជកោណ ដែលសំដៅទៅកិច្ចព្រមព្រៀងការពារជាតិ ដែលបានចុះហត្ថលេខាជាមួយ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេកាលពីខែឧសភា បានបញ្ជាក់ថា ក្នុងដំណើរលោកអូស្ទីនចុងខែកក្កដានេះ លោកនឹងពិភាក្សាអំពីជំហានបន្ទាប់ ដើម្បីដាក់ឱ្យដំណើរការកិច្ចព្រមព្រៀងខាងលើ។

ទីភ្នាក់ងារ Nikkei Asia បានទទួលអត្ថបទពេញលេញនៃកិច្ចព្រមព្រៀង រវាងអាមេរិក និងប្រទេស ប៉ាពូអាស៊ីនូវែលហ្គីណេនេះ។ តាមសារព័ត៌មានជប៉ុនដដែលនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងចេញផ្សាយជាផ្លូវការនូវអត្ថបទនៃកិច្ចព្រមព្រៀង បន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័នដោយសភាជាតិនៃប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ តាមការសរសេរក្នុងកិច្ចព្រមព្រៀងនោះ «មានគោលដៅក្នុងការពង្រឹងចំណងយោធានៃប្រទេសទាំងពីរ និងដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមគ្នា»។ ហើយកិច្ចព្រមព្រៀងនោះ នឹងមានសុពលភាពរយៈពេល១៥ឆ្នាំ និងអាចបន្ត«ប្រសិនបើគ្មានការជំទាស់ពីភាគីណាមួយ»។

ក្នុងន័យនេះ យោធាសហរដ្ឋអាមរិកនឹងចូលទៅប្រើប្រាស់មូលដ្ឋានទ័ពជើង កំពង់ផែ ព្រលានយន្តហោះមួយចំនួននៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ ក្នុងនោះ មានមូលដ្ឋានទ័ពជើងទឹក Lombrum ព្រលានយន្តហោះMomote នៅភាគខាងជើងនៃប្រទេស ក៏ដូចជាកំពង់ផែ និងព្រលានយន្តហោះនៅក្នុងរដ្ឋធានីព័រម៉ូរេសប៊ី និងទីក្រុង Lae ដែលជាទីក្រុងធំទីពីរនៅកណ្តាលប្រទេស។

គួរជម្រាបថា មូលដ្ឋានទ័ពជើងទឹកLombrum ដែលស្ថិតនៅលើកោះ Manus នៃប្រទេសនេះគឺជាទីតាំងប្រកបដោយយុទ្ធសាស្ត្រស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក។ វាធ្លាប់ជាទីតាំងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាយរវាងសហរដ្ឋអាមេរិក និងជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ រដ្ឋបាលរបស់អតីតប្រធានាធិបតីត្រាំ បានប្រកាសនៅឆ្នាំ២០១៨ថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងការពង្រីកមូលដ្ឋានជើងទឹកLombrumនេះ។ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី សហរដ្ឋអាមេរិកបាននិងកំពុងគិតគូរប្រើប្រាស់វាក្នុងរយៈពេលមធ្យមទៅវែង។

កិច្ចព្រមព្រៀងក្នុងវិស័យយោធារវាងអាមេរិក និងប្រទេសកោះ ប៉ាពូអាស៊ីនូវែលហ្គីណេនេះ ចែងថា មូលដ្ឋាននេះនឹងត្រូវប្រើប្រាស់សម្រាប់«ប្រតិបត្តិការបន្ទាន់» បន្ថែមពីលើការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងជំនួយផ្នែកមនុស្សធម៌។ ក្នុងន័យជារួម សហរដ្ឋអាមេរិកអាចប្រើប្រាស់ប៉ាពូអាស៊ីនូវែលហ្គីណេជាមូលដ្ឋានយោធា ករណីមានការប្រឈមមុខដាក់គ្នាជាមួយចិននៅច្រកសមុទ្រតៃវ៉ាន់ និងឬសមុទ្រចិនខាងត្បូងក៏ថាបាន។ ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងដដែលនេះ នឹងឱ្យយោធាអាមេរិកពិចារណាលើការដាក់ទីតាំងសម្រាប់ផ្គត់ផ្គង់គ្រឿងបរិក្ខារ និងសម្ភារៈយោធា ផ្លូវយន្តហោះ កប៉ាល់នៅទីតាំងទាំង៦នោះផងដែរ។ ក្រៅពីនេះ កងទ័ពប្រទេសទាំងពីរក៏នឹងហ្វឹកហ្វឺនលំហាត់សមយុទ្ធរួមគ្នាទៀតផង។

ទោះបីជាយ៉ាងណា ក៏មានការជំទាស់ដែរនៅផ្ទៃក្នុងនៃប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ដោយលើកថា កិច្ចព្រមព្រៀងយោធានេះ រំលោភលើអធិបតេយ្យភាពប្រទេស។ ប៉ុន្ដែ ក្នុងដំណើរខាងមុខរបស់ប្រមុខការពារជាតិអាមរិក លោកអូស្ទីន អាចនឹងកៀគរ និងបញ្ចុះបញ្ចូលការព្រួយបារម្ភទាំងនោះដើម្បីឱ្យរដ្ឋាភិបាលប្រទេសកោះប៉ាពូអាស៊ីនូវែលហ្គីណេ ពិចារណាឡើងវិញ ដូចជាការគំរាមកំហែងរបស់ប្រទេសចិនជាដើម។ ដំណើរការផ្តល់សច្ចាប័នដោយសភាជាតិ គេរំពឹងថានឹងឈានដល់ខែសីហាឯណោះ។ ទន្ទឹមគ្នានេះ គណបក្សរបស់លោកនាយករដ្ឋមន្ត្រីចេម ម៉ារ៉ាព (James Marape) ជឿជាក់ថា ខ្លួនមានការគាំទ្រគ្រប់គ្រាន់នៅក្នុងសភា ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ។

សមបញ្ជាក់ថា ចិនបច្ចុប្បន្ន ក៏កំពុងពង្រឹងទំនាក់ទំនងកាន់តែរឹងមាំជាមួយប្រទេសកោះសូឡូមុន ដែលនៅកៀកទីតាំងនោះដែរ។ កាលពីខែកក្កដា លោកម៉ាណាហសេ សូហ្កាវែរ (Manasseh Sogavare) នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះបានជួបជាមួយប្រធានាធិបតីចិនលោស៊ី ជីនពីងនៅទីក្រុងប៉េកាំង។ កោះសូឡូមុន បានបើកស្ថានទូតមួយនៅទីក្រុងប៉េកាំងថែមទៀតផង។ ចិននិងសូឡូមុន បានចុះហត្ថលេខាលើកតិកាសញ្ញាសន្តិសុខមួយនៅខែមេសា ឆ្នាំ២០២២។ ទោះបីជាខ្លឹមសារមិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ ប៉ុន្ដែ សហរដ្ឋអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា យោធាចិនអាចនឹងប្រើប្រាស់កោះនេះជាមូលដ្ឋានប្រតិបត្តិការយោធាក្នុងរយៈពេលមធ្យមទៅវែង៕




អត្ថបទបន្ទាប់


ការនាំចេញស្វាយស្រស់ធ្លាក់ចុះជាង២០% ខណៈការនាំចេញដំណាប់ស្វាយកើនឡើង៤៣% នៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
អ្នកជំនាញផ្នែកកសិកម្ម និងជាអ្នកជំនួញក្នុងការនាំចេញស្វាយស្រស់ បានអះអាងថា ស្ថានភាពទីផ្សារនាំចេញស្វាយស្រស់កម្ពុជានៅឆមាសទី១ឆ្នាំនេះ ហាក់មិនសូ…

តើក្រុមអ្នកជំនួញ និងអ្នកជំនាញយល់ឃើញបែបណាខ្លះចំពោះ សេដ្ឋកិច្ចកម្ពុជា ក្រោយកម្ពុជាបញ្ចប់ការបោះឆ្នោតជាតិ និងត្រៀមបង្កើតរាជរដ្ឋាភិបាលថ្មី?

ព័ត៌មាន
តើក្រុមអ្នកជំនួញនិងអ្នកជំនាញយល់ឃើញនិងមានក្តីសង្ឃឹមបែបណាខ្លះចំពោះ សេដ្ឋកិច្ចកម្ពុជា ក្រោយកម្ពុជាបញ្ចប់ការបោះឆ្នោតជាតិ និងត្រៀមបង្កើតរាជរដ្ឋាភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ