ថ្មីៗនេះក្រុមហ៊ុន Huawei បានចាប់ផ្តើមលក់ទូរស័ព្ទស៊េរីថ្មី Mate 60 Pro របស់ខ្លួនដោយប្រើបន្ទះឈីបមួយ ដែលអ្នកវិភាគជឿថា ត្រូវបានផលិតឡើងជាមួយរបកគំហើញបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន Semiconductor Manufacturing International Corp (SMIC)។ ប៉ុន្តែលោកស្រី រ៉ៃម៉ុនដូ បាននិយាយនៅឯសវនាការក្នុងសភាអាមេរិកដោយសំដៅលើបន្ទះឈីបទំនើបនោះថា អាមេរិកគ្មានភស្តុតាងណាមួយបង្ហាញថា ក្រុមហ៊ុនចិនអាចផលិតបន្ទះឈីបទំនើបនេះនោះទេ។
ចាប់ពីឆ្នាំ២០១៩មក អាមេរិកបានកាត់ផ្តាច់មិនឱ្យក្រុមហ៊ុន Huawei ទទួលបានឧបករណ៍ផលិតបន្ទះឈីបមួយចំនួន ដោយបានហៅក្រុមហ៊ុន Huawei ថា ជាហានិភ័យនៃផ្នែកសុវត្ថិភាព ប៉ុន្តែក្រុមហ៊ុននេះបានបដិសេធ។ រដ្ឋាភិបាលអាមេរិកបាននិយាយថា ក្រុមហ៊ុន Huawei បានបង្កហានិភ័យសន្តិសុខជាតិ ដែល«មិនអាចទទួលយកបានឡើយ»ដោយសារតែការគំរាមកំហែងនៃការធ្វើចារកម្មលើបណ្តាញទូរគមនាគមន៍របស់សហរដ្ឋអាមេរិក។
ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយនៅខែនេះថា អាមេរិកកំពុងធ្វើការដើម្បីទទួលបានព័ត៌មានបន្ថែម«ពីលក្ខណៈនិងសមាសភាព»នៃបន្ទះឈីបដែលអាចបំពានលើការរឹតបន្តឹងពាណិជ្ជកម្មចាប់តាំងពីពួកគេបាននិយាយថា វាត្រូវតែផលិតឡើងជាមួយបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
ការបញ្ជាក់របស់លោកស្រី រ៉ៃម៉ុនដូ បែបនេះបានធ្វើឡើងចំពេលរដ្ឋាភិបាលចិនបានដាក់កម្រិតលើការប្រើទូរស័ព្ទ iPhone របស់ក្រុមហ៊ុនអាមេរិក Apple ក្នុងខែនេះ ហើយលោកស្រី ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា អាមេរិកមានការព្រួយបារម្ភអំពីការហាមឃាត់ជាក់ស្តែងលើការប្រើប្រាស់ទូរស័ព្ទ iPhone ជាផ្លូវការដោយរដ្ឋាភិបាលចិននោះទេ។
សូមរំលឹកថា រដ្ឋាភិបាលក្រុងប៉េកាំងបានចាប់ផ្ដើមដាក់បម្រាមលើការប្រើទូរស័ព្ទ iPhone ទៅលើបុគ្គលិករដ្ឋកាលពីថ្ងៃទី៧ ខែកញ្ញា ដែលវាបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះជិត៣% នៅថ្ងៃនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ចំណែកកាសែតអាមេរិក the Wall Street Journal វិញបានរាយការណ៍ថា តម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុនអាមេរិកមួយនេះបានធ្លាក់ចុះជាង៦% ឬស្មើនឹងជិត២០០ពាន់លានដុល្លារនៅក្នុងរយៈពេល២ថ្ងៃបន្ទាប់ពីការដាក់បម្រាមរបស់រដ្ឋាភិបាលចិននោះមក។ ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតទី៣របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ ដែលកាលពីឆ្នាំមុនក្រុមហ៊ុននេះរកបានប្រាក់ចំណូលពីទីផ្សារចិនបានចំនួន១៨% នៃប្រាក់ចំណូលសរុបរបស់ខ្លួន ប៉ុន្តែវិធានការទប់ស្កាត់របស់ចិនពេលនេះបានបង្ហាញសញ្ញាមិនល្អមួយសម្រាប់ក្រុមហ៊ុន Apple ដែលត្រៀមនឹងចេញលក់ផលិតផលចុងក្រោយបង្អស់របស់ខ្លួនគឺ iPhone 15 នៅក្នុងប្រទេសចិននៅក្នុងសប្ដាហ៍នេះ៕
អត្ថបទ៖ សុខ ជា