សំណើរបស់ក្រុមហ៊ុនទី្រភាពនេះ ត្រូវបានបែកធ្លាយតាមរយៈលិខិតមួយច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះកាលបរិច្ឆេទថ្ងៃទី ០៧ឧសភាឆ្នាំ២០១៩ ដែលផ្ញើជូនទៅកាន់រដ្ឋមន្ត្រីក្រសួងធនធានទឹកឧតុនិយម និងជាប្រធានអាជ្ញាធរខ្សាច់កម្ពុជា។
លិខិតសរសេរថា ក្រុមហ៊ុនទ្រី ភាព សុំគោលការណ៍បូមស្តារ និងធ្វើច្រាំងទន្លេចាប់ពីព្រំប្រទល់វៀតណាមក្អមសំណឡើងទៅលើរហូតដល់ព្រំប្រទល់កំពង់ចាម ក្រចេះ ព្រមទាំងបូមខ្សាច់នៅទន្លេបាសាក់ទាំងមូលតែម្តង។ លិខិតនោះបញ្ជាក់ទៀតថា សម្តេចនាយករដ្ឋមន្ត្រីបានចារលើលិខិតបញ្ជូនមកកាន់ទីស្តីការ ដើម្បីបន្តបញ្ជូនទៅកាន់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីផ្តល់មតិតបត្រឡប់ទៅកាន់រាជរដ្ឋាភិបាលវិញ។
ទាក់ទងនឹងសំណើរបស់ក្រុមហ៊ុនទ្រីភាពនេះ នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា (Transparency International Cambodia) លោកព្រាប កុល ឆ្លើយតបនឹងគេហទំព័រខេមបូណូមីសតាមប្រអប់សារហ្វេសប៊ុកថា ករណីនេះជាអាជីវកម្មបូមខ្សាច់ ដែលអាចមានផលប៉ះពាល់ដល់បរិស្ថាន និងអនាម័យនៃទឹកទន្លេ ដែលប៉ះពាល់ដល់មនុស្សជាច្រើននាក់។ លោកបញ្ជាក់ថា៖ គម្រោងបែបនេះ ត្រូវមានការសិក្សា វាយតម្លៃពីផលប៉ះពាល់ ផ្សព្វផ្សាយ និងដេញថ្លៃប្រកបដោយតម្លាភាព។ ក្នុងករណីអុវត្តគម្រោងនេះ ត្រូវមានគណកម្មការត្រួតពិនិត្យហ្មត់ចត់បំផុត។
ចំណែក ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការបូមខ្សាច់ពិតជាមានចំណេញដល់ក្រុមហ៊ុនដែលរកស៊ីប៉ុន្តែវាបានបង្ករផលប៉ះពាល់មួយចំនួនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ លោកបន្ថែមថា ការបូមខ្សាចគឺជាការទាញធនធានធម្មជាតិមកប្រើប្រាស់ ព្រោះទន្លេយើងក៏រាក់ ខ្សាច់ក៏មានច្រើនអាចទាញយកប្រើប្រាស់បម្រើឲ្យវិស័យសំណង់ដែលកំពុងរីកដុះដាល។ ប៉ុន្តែការបូមខ្លះ អាចប៉ះពាល់ដល់ច្រាំងទន្លេបាក់ផ្ទះសម្បែងពលរដ្ឋចូលទន្លេ ជាដើម។ លោកបញ្ជាក់ថា ពីពេលមុនៗ គេនិយាយពីផលប៉ះពាល់ច្រើនហើយ ចំពោះការបូមខ្សាច់នេះ។
អ្នកជំនាញបង្ហាញថា ផលប៉ះពាល់ពីការបូមខ្សាច់អាច
មានពីរសណ្ឋានទៀតដែរ គឺផ្ទាល់
និងប្រយោល ដូចជាការរំខានដល់ការរស់នៅរបស់មនុស្ស
ហេដ្ឋារចនាសម្ព័ន្ធនៅតាមដងទន្លេ ពាក់ព័ន្ធដល់ការខូចប្រព័ន្ធអេកូឡូស៊ីនៅបាតទន្លេ
ជាដើម។
ក្រៅពីនេះ ក៏មានផលប៉ះពាល់ដល់ការប្រើប្រាស់ធនធានទឹកដែរ ព្រោះធម្មតាបូមខ្សាច់
យើងត្រូវប្រើម៉ាស៊ីន។ ដូច្នេះ
ម៉ាស៊ីននៅលើទឹកច្រើនអត់មានការត្រួតពិនិត្យត្រឹមត្រូវ
វាអាចបង្ហូរនូវជាតិសាំង ប្រេងផ្សេងៗនៅលើទឹកដែលនាំឲ្យបំពុលទឹក។ ល ។
តើក្រុមហ៊ុនទ្រីភាព អាចសម្រេចបំណងរបស់ខ្លួនដែរឬទេ? តើចំណេញអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?