
ក្រុមហ៊ុន ទ្រូម៉ាន់នីកំពុងដាក់ដំណើរការកាតនិម្មិតទ្រូម៉ាន់នីម៉ាស្ទ័រកាតដែលជាផ្នែក មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការផ្តោតលើពលរដ្ឋកមពេញវ័យកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់កិច្ចប្រឹងប្រែងបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ កាតនិមិ្មតទ្រូម៉ាន់នីម៉ាស័្ទរកាត នេះនឹងអាចប្រើប្រាស់បានសម្រាប់ពលរដ្ឋកម្ពុជាដែល “មិនទាន់ ឬមិនបានប្រើសេវាធនាគារ” ហើយក៏រំពឹងថានឹងលើកកម្ពស់បន្ថែមទៀតនូវប្រតិបត្តិការទូទាត់ មិនប្រើសាច់ប្រាក់ (cashless transaction) នៅទូទាំងប្រទេស។
កាតនិម្មិតទ្រូម៉ាន់នីម៉ាស័្ទរកាតដែលមានឈ្មោះថា “TrueMoney Mastercard” នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទ TrueMoney Wallet បង្កើតកាតនិម្មិតបាន យ៉ាងងាយស្រួលដើម្បីទូទាត់ភ្លាមៗសម្រាប់ថ្លៃទំនិញ និងសេវាកម្មទាំងក្នុងស្រុក និងក្រៅស្រុក។ កាតនិមិ្មតទ្រូម៉ាន់នីម៉ាស័្ទរកាតត្រូវបានគាំទ្រដោយធនាគារ ស្ថាបនាតាមរយៈ ផ្តល់ជូនលេខអត្តសញ្ញាណធនាគារ (BIN) និង Paymentology ក្នុងនាមជាក្រុមហ៊ុនដៃគូបច្ចេកវិទ្យាលំដាប់ ពិភពលោក។
អត្ថប្រយោជន៍សំខាន់មួយក្នុងចំណោមអត្ថប្រយោជន៍សំខាន់ៗជាច្រើនបស់កាតនិម្មិតទ្រូម៉ាន់នីម៉ាស្ទ័រកាតថ្មីនេះគឺថាអ្នកប្រើប្រាស់មិនចាំបាច់មានគណនីធនាគារដើម្បីបង្កើតកាតនេះឡើយ។ អ្នកប្រើប្រាស់ ក៏នឹងមិនត្រូវបានគិតថ្លៃសម្រាប់ប្រតិបត្តិការទូទាត់ផងដែរ។ ដើម្បីស្នើសុំកាតនិមិ្ម តអ្នកប្រើប្រាស់ គ្រាន់តែត្រូវការលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណខ្មែរដែលមានសុពលភាពតែប៉ុណ្ណោះ។
លើសពីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏បានសហការជាមួយក្រុមហ៊ុន ព្រូដិនសល “ Prudential Cambodia” ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុខភាពនិងគ្រប់គ្រងទ្រព្យសកម្មឈានមុខគេមួយនៅកម្ពុជាផងដែរ ដើម្បីផ្សព្វផ្សាយការដាក់ដំណើរការកាតនិម្មិតទ្រូម៉ាន់ម៉ាស័្ទរកាតថ្មីនេះ។ កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនឹងមានន័យថាអតិថិជនដែលបង្កើតកាតនិម្មិតទ្រូម៉ាន់នីម៉ាស័្ទរកាតដោយជោគជ័យនឹងមានសិទ្ធិទទួលបានការធានារ៉ាប់រងការពារគ្រោះថ្នាក់ចរាចរណ៍រយៈពេលពេញមួយឆ្នាំ ដោយមិនគិតថ្លៃស្ថិតក្រោមផលិតផល “PruMySafety” របស់ក្រុមហ៊ុន ព្រូដិនសល។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «នេះជាលើកទីមួយហើយសម្រាប់អ្នកដែលចង់បានកាតនិម្មិតទ្រូម៉ាន់នីម៉ាស័្ទរកាត ប៉ុន្តែមិនមានគណនីធនាគារ។ នេះក៏ជាការចូលរួមចំណែករបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ផងដែរចំពោះភាពរីកចម្រើនរបស់សង្គមឌីជីថល និងការទូទាត់មិនប្រើសាច់ប្រាក់ពិតប្រាកដមួយ។ កាតនេះផ្តោតលើពលរដ្ឋពេញវ័យដែលចង់ទិញទំនិញ និងសេវាកម្មតាមអ៊ីនធឺណិត និងសូម្បីតែទិញទំនិញនៅក្រៅប្រទេស ប៉ុន្តែមិនអាចធ្វើបានដោយសារពួកគាត់ប្រហែលជាមិនមានគណនីធនាគារ។ ដោយមានការគាំទ្រពីក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់ពិភពលោក Mastercard, ធនាគារ ស្ថាបនា, ក្រុមហ៊ុន Paymentology និងក្រុមហ៊ុន Prudential Cambodia យើងអាចផ្តល់សេវាដល់អតិថិជននៅក្នុងទីផ្សារ ដែលមិនប្រើសេវាធនាគារ ឬមិនទាន់មានសេវាធនាគារប្រើប្រាស់»។

លោកស្រី Winnie Wong ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន Mastercard ប្រចាំប្រទេស កម្ពុជា វៀតណាម និងឡាវ មានប្រសាសន៍ថា៖ «ក្រុមហ៊ុន Mastercard តែងតែប្តេជ្ញាក្នុងការបង្កើត ពិភពលោក មួយដែលមិនប្រើប្រាស់សាច់ប្រាក់។ ដើម្បីសម្រេចបានគោលដៅនេះ ក្រុមហ៊ុន Mastercard បាននិងកំពុងធ្វើការជាមួយដៃគូសំខាន់ៗក្នុងការផ្តល់ជូនដំណោះស្រាយទូទាត់ដែលមនុស្សគ្រប់គ្នាអាចចូលប្រើប្រាស់បាននៅគ្រប់ទីកន្លែង»។
លោកស្រីបានបន្ថែមថា៖ «ក្រុមហ៊ុន Mastercard មានក្តីរំភើបរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នីសម្រាប់គំនិតផ្តួចផ្តើមនេះដែលមិនត្រឹមតែបំពេញតម្រូវការឌីជីថលថ្មីរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូនមធ្យោបាយប្រកបដោយសុវត្ថិភាពរលូននិងងាយស្រួល ផងដែរសម្រាប់អ្នកដែលគ្មានគណនីធនាគារដើម្បីចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។

និយ័តករបរធន-បាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ស្ដីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា» ។
ដោយកម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី២៦ សីហា ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និង លោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងអំពីវិស័យបរធនបាលកិច្ចដល់សមាជិករបស់ YEAC ដែលជាសមាគមសហគ្រិនវ័យក្មេង ឱ្យមានលទ្ធភាព សមស្របដើម្បីរៀបចំខ្លួនក្នុងការចូលរួមវិនិយោគក្នុងវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងការគ្រប់គ្រង ការរៀបចំ និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច
(២) អភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង ការត្រៀមខ្លួន និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច ព្រមទាំងការលើកទឹកចិត្ត និងជំរុញ សហគ្រិនវ័យក្មេងនៅកម្ពុជាចូលរួមផ្សព្វផ្សាយអំពីវិស័យបរធនបាលកិច្ច ក៏ដូចជាចូលរួមវិនិយោគក្នុងវិស័យនេះផងដែរ
(៣) ពង្រឹង និងអភិវឌ្ឍសហគ្រិនវ័យក្មេងនៅកម្ពុជា តាមរយៈការជួយដល់សមាជិករបស់ខ្លួនឱ្យទទួលបានការយល់ដឹងបន្ថែមអំពីការអភិវឌ្ឍថ្មីៗនៃវិស័យហិរញ្ញវត្ថុ បង្កើននូវជម្រើសវិនិយោគតាមរយៈប្រភពនានា ពង្រឹងការគ្រប់គ្រង ការរៀបចំ និងការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងបរធនបាលកិច្ច ព្រមទាំងមានបំណងចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ដោយផ្អែកតាមប្រព័ន្ធទីផ្សារ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងនៃនិយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំ ក្រុមហ៊ុនដែលជាសមាជិក-សមាជិកាសមាគមសហគ្រិនវ័យក្មេង ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ។ កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយ ផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល៕
