អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នី នៅតែបន្តការប្តេជ្ញាចិត្តជាមួយធនាគារជាតិនៃកម្ពុជាដោយបង្កើតសេវាថ្មីដើម្បីសម្រួលបន្ថែមជូនប្រជាជនកម្ពុជា


ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះធនាគារជាតិនៃកម្ពុជា (NBC) តាមរយៈការផ្តល់លទ្ធភាពឱ្យអតិថិជនផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនទៀតទៅកាន់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុរបស់អតិថិជនទាំងនោះតាមរយៈកម្មវិធី TrueMoney Wallet និងភ្នាក់ងារ ទ្រូម៉ាន់នី។
ទ្រូម៉ាន់នី នៅតែបន្តការប្តេជ្ញាចិត្តជាមួយធនាគារជាតិនៃកម្ពុជាដោយបង្កើតសេវាថ្មីដើម្បីសម្រួលបន្ថែមជូនប្រជាជនកម្ពុជា
ដោយ

គំនិត​ផ្តួច​ផ្តើម​ចុង​ក្រោយ​នេះ​របស់ ទ្រូម៉ាន់នី មានន័យថា អតិថិជនធនាគារ​នៅទូ​ទាំង​ប្រទេស​ ឥឡូវ​នេះ​​អាច​ភ្ជាប់ទៅកាន់ធនាគារ​របស់​ពួកគេ​បាន​តាមរយៈ​ភ្នាក់ងារ​​ទ្រូម៉ាន់នី​ជាង ១​ម៉ឺន​ភ្នាក់ងារនៅទូទាំង​ប្រទេស​​ដើម្បី​ធ្វើ​ប្រតិបត្តិការណាមួយ​ភ្លាមៗ​ទៅកាន់ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុរបស់​ពួកគេ​ដែល​ជា​​​សមាជិករបស់​កម្មវិធី​បាគង ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅកាន់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុទាំង​នោះ​ឡើយ។

លើស​ពីនេះ​ទៀត អតិថិជន TrueMoney Wallet ដែល​បាន​ដំឡើង​កម្រិតពេញលេញដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណនោះ​ ​ក៏​អាច​ផ្ទេរ​ប្រាក់​ដោយ​ផ្ទាល់​បាន​ផងដែរ​ទៅកាន់​សមាជិក​របស់កម្មវិធី​បាគង​តាមរយៈកម្មវិធី TrueMoney Wallet របស់ខ្លួន។

លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​​មាន​ប្រសាសន៍ថា៖ «យើងប្តេជ្ញាចិត្តជាមួយធនាគារជាតិកម្ពុជា ដើម្បីបង្កើតអត្ថប្រយោជន៍ជូនអតិថិជនរបស់ទ្រូម៉ាន់នី តាមរយៈប្រព័ន្ធបាគងផងដែរ។ ឥឡូវនេះ អតិថិជនរបស់ ទ្រូម៉ាន់នី អាចកាត់បន្ថយពេលវេលាធ្វើដំណើររបស់ពួកគេតាមរយៈ​ការប្រើ​បណ្តាញ​ភ្នាក់ងារ​នៅទូទាំង​ប្រទេស​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​បង់​សង​កម្ចី ឬ​ដាក់ប្រាក់បញ្ញើ​ទៅ​គណនី​ធនាគារ​របស់​ពួកគេ និង​ទូទាត់​វិក្កយបត្រផ្សេងៗ​​នៅ​តាម​ភ្នាក់ងារ​ដែលនៅជិត​ពួក​គេបានផងដែរ»។

ក្រៅពីការ​លើក​កម្ពស់​ការប្រើប្រាស់​កម្មវិធី​បាគង​របស់​ធនាគារ​ជាតិ​នៃកម្ពុជា ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏​សង្ឃឹម​ផងដែរ​ថា គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​នឹង​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​តាមអនឡាញបន្ថែមទៀត។

លោក​ស្រី ឃួន ហ្រ្វង់ដារា បានថ្លែង​ទៀត​ថា៖ «ទោះជា​យើងដឹងថា ប្រជាពលរដ្ឋកម្ពុជាជាច្រើន​កំពុង​ងាក​ទៅ​ធ្វើការ​ទូទាត់​តាម​អនឡាញ​ក៏ដោយ ក៏នៅតែ​មាន​អ្នក​ប្រើប្រាស់​ដែល​ចូល​ចិត្ត​ធ្វើការ​ទូទាត់​ដោយ​​ផ្ទាល់​ផង​ដែរ ដូចជាការធ្វើប្រតិបត្តិការសេវា​ធនាគារផ្សេងៗ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែលជាសមាជិក​ប្រព័ន្ធ​បាគង​ជាដើម។ ដូច្នោះហើយគោល​បំណង​របស់​យើង​គឺ ជួយសម្រួលបន្ថែមដល់មនុស្សគ្រប់គ្នាក្នុងការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ធនាគារដោយផ្ទាល់ជាមួយស្ថាប័នហិរញ្ញវត្ថុ តាមភ្នាក់ងារទ្រូម៉ាន់នី ឬ​តាម​ TrueMoney Wallet​ របស់​យើង»។

កម្មវិធី​បាគង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) គឺជា​ប្រព័ន្ធ​ទូទាត់​ដែល​ត្រូវ​បានធ្វើ​សមាហរណកម្ម​តែ​មួយ​គត់​របស់​កម្ពុជា ដែលអាច​ឱ្យ​អតិថិជន​ធ្វើប្រតិបត្តិការ​ផ្សេងៗ​​នៅ​ទីកន្លែង​តែមួយ​បាន ​ដូចជា​ធ្វើជា​កាបូប​ប្រាក់អេឡិច​ត្រូនិច (e-wallet) ធ្វើ​ការទូទាត់​ចល័ត ធនាគារ​អនឡាញ និង​ការ​ដាក់​ពាក្យ​ស្នើសុំ​ហិញ្ញវត្ថុ​ជា​ដើម​។

ទ្រូម៉ាន់នី គឺជា​ប្រព័ន្ធ​ទូទាត់​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ទូទាត់​មួយ​ចំនួន​ដែលអាច​រកបាន​នៅ​លើ​កម្មវិធី​បាគង។ ហើយ​ឥឡូវ​សេវា​ទូទាត់​នេះកំពុង​ត្រូវបាន​ពង្រីក​ទៅដល់​អ្នកដែល​មាន​បំណង​បន្ត​ប្រើប្រាស់​ភ្នាក់ងារ​របស់​ ទ្រូម៉ាន់នី ផងដែរ។

ធនាគារ​ដែល​សមាជិករបស់​កម្មវិធី​បាគង​នាពេល​បច្ចុប្បន្ន​រួមមាន ធនាគារ​អេស៊ីលីដា, ធនាគារ Phillip, ធនាគារ​កាណាឌីយ៉ា, ធនាគារ ជីបម៉ុង,  ធនាគារ Prince, ធនាគារហត្ថា, ធនាគារ​វឌ្ឍនៈ, ធនាគារ PPCB,  ធនាគារ​ប្រៃសណីយ៍​កម្ពុជា, ធនាគារ FTB, ធនាគារ​ពាណិជ្ជ​​ឈីហ្វ (ខេមបូឌា), ធនាគារ BIDC, និង​ធនាគារ​កម្ពុជា​សាធារណៈ និង​ធនាគារ Maybank Cambodia និង​ធនាគារ Kookmin Bank Cambodia។

គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុដែល​សមាជិករបស់​កម្មវិធី​បាគង​​រួមមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុអេអឹមខេ, គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុប្រាសាក់, គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ WB Finance, អ៊ីម៉ាន់នី, ក្រុមហ៊ុន Speedpay និង​ក្រុមហ៊ុន Lyhour Pay Pro។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុធំបំផុត​ក្នុង​ប្រទេស​នេះ។

យោង​តាម​ក្រុមហ៊ុន ទ្រូម៉ាន់នី បណ្តាញ​​ភ្នាក់ងារ​របស់ក្រុមហ៊ុន​មានចំនួនជាង ១ម៉ឺន​ភ្នាក់ងារ ដែល​រង់ចាំ​ផ្ដល់​សេវា​​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា​ដែលមិនទាន់មាន​សេវា ធនាគារ។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី ១ប្រទេស ទៅជា ៦ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូ ជាមួយ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ក្នុងការ​ចែកចាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុ​ជីវិត

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ - ថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ …

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក អឺបេនលែន (Urbanland) ទទួលបានពានរង្វាន់ធំជាងគេនៅក្នុងកម្មវិធី PropertyGuru Cambodia Property Awards លើកទី 6

ព័ត៌មាន
ភ្នំពេញ (15 វិច្ឆិកា 2021) ក្រុមហ៊ុន អឺបេនលែន (Urbanland) ទទួលបានពានរង្វាន់សរុប 7 ដែលក្នុងនោះរួមមានពានរង្វាន់ធំជាងគេគឺ ពានរង្វាន់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ