វិស័យ​ពាណិជ្ជកម្ម

កម្ពុជា នាំចូលទំនិញពីឡាវ កើនឡើងជាង៣២% ខណៈអ្នកជំនាញបារម្ភថៃ ប្រើធ្វើជាច្រក ដើម្បីនាំចូលមកកម្ពុជា


ទោះបីជាច្រកព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានបិទក៏ដោយ ប៉ុន្តែសកម្មភាពដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសជិតខាងទាំង៣ នៅតែបន្តដើរទៅមុខជាធម្មតា។ តួយ៉ាងក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កម្ពុជា បានចំណាយទឹកប្រាក់រហូតដល់ទៅជាង៣,៣ពាន់លានដុល្លារអាម៉េរិក លើការនាំចូលទំនិញពីប្រទេសជិតខាងទាំង៣។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទំហំនាំចូលពីប្រទេសថៃ បានដាំក្បាលចុះយ៉ាងគំហុកជិត៤២% ខណៈការនាំចូលពីឡាវ មានកើនឡើងជាង៣២%។
វិស័យ​ពាណិជ្ជកម្ម
ដោយ

កំណើននាំចូលទំនិញពីឡាវនេះត្រូវបានអ្នកជំនាញវាយតម្លៃថា អាចដោយសារថៃ យកប្រទេសឡាវធ្វើជាច្រកនាំចេញទំនិញមកកាន់ទីផ្សារកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកការធ្លាក់ចុះការនាំចូលទំនិញពីថៃមកកម្ពុជា ជិត៤២% នៅឆមាសទី១ឆ្នាំនេះ វាមិនមែនជារឿងចៃដន្យនោះទេ តែវាកើតចេញពីចលនាពហិការទំនិញថៃ របស់ប្រជាជនខ្មែរ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ថៃ។ ទន្ទឹមនឹងការនាំចូលពីថៃ បានដាំក្បាលចុះ ការនាំចូលទំនិញពីប្រទេសឡាវ មកកាន់ទីផ្សារកម្ពុជា បានហក់ឡើងដល់ជាង៣២% នៅក្នុងរយៈពេលដូចគ្នានេះ ដែលធ្វើឱ្យអ្នកជំនាញរូបនេះសង្ស័យថា ថៃ ប្រើប្រាស់ឡាវ ធ្វើជាច្រកសម្រាប់នាំចេញទំនិញមកកម្ពុជា ដែលទាមទារឱ្យអាជ្ញាធរត្រូវត្រួតពិនិត្យប្រភពដើមទំនិញឱ្យបានច្បាស់លាស់។

ស្រដៀងគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អេចប្រេស បានគូសបញ្ជាក់ថា កំណើននាំចូលទំនិញពីឡាវ និងវៀតណាម មកកាន់ទីផ្សារកម្ពុជា នៅឆមាសទី១ឆ្នាំនេះ គឺត្រូវបានជំរុញដោយសារការបង្វែរទិសដៅនាំចូលពីប្រទេសឆ្ងាយៗមួយចំនួន រួមទាំងប្រទេសថៃ។ សម្រាប់អ្នកជំនាញរូបនេះការបញ្ជាទិញទំនិញពីប្រទេសក្បែរខាងមិនត្រឹមតែជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ថែមទាំងអាចជួយធានាបាននូវការផ្គត់ផ្គង់ទាន់ពេលវេលាសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ និងខ្សែច្រវាក់ផលិតកម្ម។ បើតាមអ្នកជំនាញ ទំនិញសំខាន់ៗដែលកម្ពុជា នៅតែមានតម្រូវការនាំចូលពីប្រទេសជិតខាងរួមមានសម្ភារសំណង់ ធាតុចូលកសិកម្ម និងវត្ថុធាតុដើមសម្រាប់ផលិតកម្ម រួមទាំងទំនិញឧបភោគបរិភោគប្រចាំថ្ងៃមួយចំនួន។

សូមជម្រាបថា នៅក្នុងឆមាសទី១ឆ្នាំ២០២៦ ទំហំដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្បែរខាងទាំង៣ សម្រេចបានទឹកប្រាក់សរុបជាង៦,២ពាន់លានដុល្លារ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាម មានទឹកប្រាក់ជាង៤,៧ពាន់លានដុល្លារកើនឡើងជិត៩% ជាមួយថៃ មានទឹកប្រាក់ជាង១,៣ពាន់លានដុល្លារ ថយចុះជាង៣៧% និងជាមួយប្រទេសឡាវ មានទឹកប្រាក់ជាង១៣៧លានដុល្លារកើនឡើងជាង៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម៕




អត្ថបទបន្ទាប់


កម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបំពានក្នុងដែនអធិបតេយ្យ និងតំបន់ដែលមិនទាន់ដាច់ស្រេច

ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) កម្ពុជា បានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូ…

អាជ្ញាធរអប្សរា ហាមអ្នកស្លៀកឈុតបុរាណខ្មែរខុសលំនាំដើមចូលទស្សនាអង្គរវត្ត តែអ្នកជំនាញថា អាជ្ញាធរហាក់អន្តរាគមន៍យឺតពេល

ផ្ទុះការជជែកដេញដោល និងរិះគន់យ៉ាងក្តៅគគុកលើបណ្តាញសង្គម បន្ទាប់ពីមហាជនថៃមួយចំនួនបានសើចចំអក ដោយចោទប្រកាន់ថា កម្ពុជា បានយកសម្លៀកបំពាក់ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ